តាកែវ ៖ ជនសង្ស័យប្រើប្រាស់និងចែកចាយគ្រឿងញៀនខុសច្បាប់៤នាក់ ជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ចុះបង្ក្រាបបាននឹងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរថ្នាំញៀននៃស្នងការនគរបាលខេត្តតាកែវដើម្បីចាត់ការបន្ត។
ករណីចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នេះធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២និង១៥នាទីនៅចំនុចភូមិពោធិ៍ខ្វឹត ឃុំព្រះបាតជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ហ៊ឹម ស្រ៊ុន អធិការ(ស្តីទី) ស្រុកគីរីវង់បានឲ្យដឹងថា ក្រោយពីជំនាញលោកបើកការស្រាវជ្រាវជាច្រើនខែរួចមក និងដោយមានការចង្អុរបង្ហាញពីលោកវរសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តផងនោះ កម្លាំងជំនាញលោកបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនបានមួយករណីត្រង់ចំណុចភូមិ ឃុំខាងលើ និងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ដែលមានឈ្មោះ ៖ ១.ឈ្មោះ ចាន់ ប្រុស (ហៅអាស្វា) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដើមបេង ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់និងចែកចាយ) ។ ២.ឈ្មោះ គង់ ម៉ារ៉ាឌី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់និងចែកចាយ) ។ ៣.ឈ្មោះ គុណ ប៊ុណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់និងចែកចាយ ) ៤.ឈ្មោះ ឌុក ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (ជាអ្នកចាត់ចែងសំរួលឲ្យប្រើប្រាស់ ) ។ ដោយឡែកវត្ថុតាងរឹបអូសបានរួមមាន៖ ថ្នាំញៀនពណ៌សថ្លា០៦កញ្ចប់តូច ម៉ូតូ០៣គ្រឿង ទូរស័ព្ទដៃចាស់ៗចំនួន០៥គ្រឿង រួមទាំងសម្ភារៈសម្រាប់ជក់មួយចំនួនទៀតផងដែរ។ នៅចំពោះមុខប៉ូលិសក្រុមជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជួញដូរនឹងចែកចាយគ្រឿងញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានមន្ត្រីការិយាល័យប្រឆាំងកាប្រើប្រាស់នឹងជួញដូរគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments