ភ្នំពេញ ៖ ក្រសួងព័ត៌មានបានចេញលិខិតមួយ ដើម្បីស្នើសុំទៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជួយជំរុញដល់ម្ចាស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង ដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបលើផលិតផលគ្រឿងស្រវឹងរបស់ខ្លួន។
នៅក្នុងលិខិតរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ផ្ញើជូនលោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា យោងតាមស្មារតីកិច្ចប្រជុំរវាងក្រសួងព័ត៌មានជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដើម្បីពិនិត្យអំពីផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការទទួលទានគ្រឿងស្រវឹងហួសប្រមាណដោយខ្វះការទទួលខុសត្រូវ បណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដើម្បីទប់ស្កាត់ផលប៉ះពាល់ខាងលើ និងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានស្នើឲ្យក្រសួងព័ត៌មានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតម្រូវឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅក្នុងស្រុកទាំងអស់ ដាក់សារព្រមាននៅលើគ្រប់សំបកកំប៉ុង និងសំបកដបលើផលិតផលគ្រឿងស្រវឹងតាមពាក្យស្លោក “ពិសារគ្រឿងស្រវឹងសូមកុំបើកបរ” ដែលជួយពញ្ញាក់អារម្មណ៍អ្នកសេពគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ជៀសវាងការទទួលទានហួសប្រមាណធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍៕
Source: Kampuchea Thmey Daily
0 Comments