Ad Code

តំណាង​លី​គ​កំពូល​កម្ពុជា ទៅ​ចូលរួម​ព្រឹត្តិការណ៍​កិច្ចប្រជុំ​បាល់ទាត់​កម្រិត​ពិភពលោក​នៅ​ប្រទេស​ម៉ាឡេស៊ី



​ក្រុមការងារ​របស់​គ​ណៈ​កម្ម​ការប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ដែលជា​ស្ថាប័ន​មួយ​ចំណុះ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ទទួលបាន​ការ​អ​ញ្ជើញ​ឲ្យចូល​រួម​ក្នុង​ព្រឹត្តិការណ៍ World Football Summit Asia លើកដំបូង ដែល​ធ្វើឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។



បើ​តាម​លោក ឈី កុល​បុត្រា អនុប្រធាន​លេខាធិការដ្ឋាន​និង​ជា​ប្រធាន​ការិយាល័យ​ទីផ្សារ និង​ផ្សព្វផ្សាយ​ព័ត៌មាន​CNCC បាន​បញ្ជាក់​នៅ​លើ​វេប​សាយ​របស់ CNCC ថា កម្មវិធី​កម្រិត​ទ្វីប​មួយ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​ពី​បាល់ទាត់​សម័យ​ទំនើប ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​បាល់ទាត់ អភិវឌ្ឍន៍​យុវជន​ថ្នាល រៀបចំ​លី​គ រៀបចំ​ការប្រកួត ការងារ​ព័ត៌មាន និង​ផ្សព្វផ្សាយ​ក៏ដូចជា​យុទ្ធសាស្ត្រ​ទីផ្សារ​ជាដើម និង​វេទិកា​សម្រាប់​វិស័យ​បាល់ទាត់​ជុំវិញ​ពិភពលោក​ជួបជុំគ្នា​បង្កើន​ទំនាក់ទំនង​គ្នា (Networking) សម្រាប់​ការ​សហប្រតិបត្តិការ​ថ្ងៃ​អនាគត​ផងដែរ​។



​សូម​បញ្ជាក់​ថា ​ព្រឹត្តិការណ៍ World Football Summit Asia មានការ​ចូលរួម​ចែករំលែក​បទពិសោធន៍​ពី​អ្នកជំនាញ​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA, តំណាង​លី​គ​កំពូល​ប្រទេស​អេ​ស្ប៉ា​ញ La Liga, តំណាង​លី​គ​កំពូល​ប្រទេស​អាឡឺម៉ង់ Bundesliga សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និង​មកពី​ក្លិប​ធំៗ​លើ​លោក​ដូចជា Barcelona, Sevilla, Dortmund, Juventus និង PSG ជាដើម​។



ចំណែក​សមាសភាព​ចូលរួម​ពី CNCC របស់​កម្ពុជា រួមមាន លោក ឈី កុល​បុត្រា លោក Christopher Grant ទីប្រឹក្សាបច្ចេកទេស និង​លោក ម៉ា ភា​រ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​។ តំណាង​ដែល​ចូលរួម​សុទ្ធតែ​បាន​បង្ហាញ​ក្ដី​រំពឹង​ដូចៗ​គ្នា​ថា នឹង​ស្រូប​ទាញ​យក​ចំណេះដឹង​ដ៏​មានតម្លៃ​ពី​ការចូលរួម​នេះ មកជួយ​សាប​ព្រួស​ដល់​បាល់ទាត់​កម្ពុជា ដើម្បី​ជា​កម្លាំង​ជំរុញ​វិស័យ​ដ៏​ពេញនិយម​មួយ​នេះ ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu