ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានចាប់ឆ្នោតប៉ះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោកឆ្នាំ២០២២ ដែលប្រទេសកាតាទទួលធ្វើជាម្ចាស់ផ្ទះ (2022 Qatar FIFA World Cup) ប្រចាំទ្វីបអាស៊ី បានបញ្ចេញបញ្ចីឈ្មោះកីឡាករក្នុងជម្រើសជាតិរបស់ខ្លួនត្រៀមប្រមូលផ្ដុំហ្វឹកហាត់ចំនួន៣២នាក់ចុងក្រោយ កាលពីពេលថ្មីៗ ខណៈសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះត្រូវការពេលវេលាដើម្បីដោះស្រាយជំលោះផ្ទៃក្នុង។
ការកោះហៅកីឡាករទាំង៣២រូបខាងលើនេះ ត្រូវបានដឹងលឺតែមួយផ្នែកប៉ុណ្ណោះ ព្រោះសហព័ន្ធនៃប្រទេសមួយនេះ កំពុងមានបញ្ហាចម្រូងចម្រាសផ្ទៃក្នុង ជុំវិញអំណាចនៃការគ្រប់គ្រង ដោយមានប្រធានសហព័ន្ធដល់ទៅ២រូប ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី និងសុពលភាពនៃការបោះឆ្នោតនៅតែជាសំនួរមួយដែល FIFA បានដាក់ឡើង នៅពេលដែលការបោះឆ្នោតស្ថិតនៅក្រោមស្ថាប័នតុលាការ។
លោក Syed Ashfaq Hussain Shah ឈ្នះឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន កាលពីឆ្នាំ២០១៨ កន្លងទៅ ខណៈលោកអនុប្រធាន Sardar Naveed Haiderមានឈ្មោះក្នុងជួររដ្ឋាភិបាល ក៏មិនព្រមប្រគល់អំណាចពេញលេងឲ្យទៅប្រធាន។ ច្បាប់របស់ FIFA គឺមានភាពតឹងតែងក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល ចូលទៅក្នុងកិច្ចការកីឡាបាល់ទាត់ ឬអាចនិយាយបានថា បាល់ទាត់ គឺមិនត្រូវស្ថិតនៅក្រោមនយោបាយ ឡើយ។
យ៉ាងណាក្តីសហព័ន្ធកីឡាបាល់ទាត់ពិភពអន្តរជាតិ ( FIFA ) និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) គ្រោងនឹងទៅប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែឧសភា ខាងមុខ ដើម្បីជួបជាមួយភាគីទាំងអស់ដែលពាក់ព័ន្ធ និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះឲ្យបានល្អប្រសើរឡើងវិញ។
តាមគម្រោងក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងជួបក្រុមជម្រើសជាតិកម្ពុជា នៅជើងទី១ នៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែមិថុនា ដូចគ្នាដើម្បីសម្រេចសេចក្ដីរកក្រុមឈ្នះ ដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (២០២២ FIFA Qatar World Cup) ប្រចាំទ្វីបអាស៊ី៕
Source: Kampuchea Thmey Daily
0 Comments