Ad Code

សម្ដេច​តេ​ជោ ៖ ថ្ងៃ​១​ឧសភា មាន​កម្មករ​ខ្លះ​ជួបជុំ​រាំ​កម្សាន្ត​នៅ​តាម​រោងចក្រ​,​ខ្លះ​នៅផ្ទះ​,​ខ្លះ​ជួបជុំ​ដាក់​ញត្តិ​ទាមទារ នេះ​គឺជា​សិទ្ធិ​ដែល​បាន​អនុវត្ត​នៅ​កម្ពុជា



​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ មាន​កម្មករ កម្មការិនី​ខ្លះ​បាន​ជ្រើសរើស​ការ​ជួបជុំ​នៅ​តាម​រោងចក្រ​ដោយ​ការ​ហូបបាយ​រួមគ្នា​និង រាំ​កម្សាន្ត ,​មាន​អ្នកខ្លះ​ជ្រើសរើស​ការ​នៅផ្ទះ​សម្រាក និង​ក៏​មាន​អ្នកខ្លះ​ជ្រើសរើស​ការ ជួបជុំ​ដាក់​ញត្តិ​ទាមទារ​នេះ​ដាក់​ញត្តិ​ទាមទារ​នោះ នេះ​គឺជា​សិទ្ធិ​ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។



ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួបជុំ​ហូបបាយ​សាមគ្គី និង រាំ​កម្សាន្ត ជាមួយ​កម្មករ កម្មការិនី និង និយោជិត នៅ​រោងចក្រ​យី​ដា ប្រមាណ​ជាង ៣,៧០០​នាក់​ស្ថិតនៅ​ភូមិ​ឫស្សីស្រុក​,​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ១ ខែ ឧសភា នេះ​។ ស្រប​ពេល​ដែល​មាន​កម្ម​ករ​-​កម្មការិនី​រាប់​រយ​នាក់​ផ្សេ​ង​ទៀត​ដែល​ដឹកនាំ​ដោយ​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដង្ហែ​ក្បួន​និង​ដាក់​ញត្តិ​តាម​ស្ថាប័ន​មួយចំនួន ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ​។ ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មាត់ទន្លេ​ម្តុំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានទទួល​ទាន​អាហារ និង រាំ​កម្សាន្ត​សប្បាយ​ជាមួយ​កម្មករ កម្មការិនី ក្នុង​បរិយាកាស​សប្បាយរីករាយ​និង​ស្និទ្ធស្នាល​ជាទីបំផុត​។​បរិយាកាស​នេះ​បាន​បង្ហាញ​អំពី​ភាព​ជិតស្និទ្ធ​រវាង​មេដឹកនាំ​ប្រទេស​ជាមួយនឹង​កម្មករ​កម្ម​ការិនី​ទាំងអស់​។ ប៉ុន្តែ​អ្វីដែល​ទៅ​ហួស​ពី​ភាព​ស្និទ្ធស្នាល​នេះ​គឺ​សាមគ្គីភាព​នៅក្នុង​ចំណោម​កម្មករ និង មេដឹកនាំ​ប្រទេស​។



ថ្លែង​ទៅកាន់​បងប្អូន​កម្មករ កម្មការិនី និង និយោជិត ចំនួន ៣,៧០០​នាក់​នៅក្នុង​ពិធី​ជួបជុំ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃនេះ​សម្តេច​ពិតជា​មានការ​រីករាយ​ហើយ​សូម​អរគុណ​ចំពោះ​លោក​ប្រធាន​ក្រុមហ៊ុន​យី​ដា​ ដែល​បានរៀបចំ​កម្មវិធី​សំណេះសំណាល​ក៏ដូចជា​ការជួបជុំ​បាយ​សាមគ្គី​និង​រាំ​កម្សាន្ត​ជាមួយ​កម្មករ កម្មការិនី ចំនួន ៣,៧០០​នាក់​នៅក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី ១៣៣ ឆ្នាំ។ សម្តេច​តេ​ជោ​បន្តថា​ នេះ​ជា​ឆ្នាំ​ទី​ពីរ​ដែល​សម្តេច​បានធ្វើ​សកម្មភាព​នៅ​តាម​រោងចក្រ​ថ្ងៃទីឥ១ ខែឧសភា។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ប្រធាន​ក្រុមហ៊ុន​យី​ដា ដែល​បានធ្វើ​កិច្ចការងារ​មួយ​នេះ និង អរគុណ​សម្រាប់​ក្មួយៗ​កម្មករ កម្មការិនី ដែល​បាន​ចូលរួម​នៅពេលនេះ​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ​នេះ​មាន​អ្នកនយោបាយ​ខ្លះ​គេ​ស្នើ​ឲ្យ​កម្មករ​ចាប់​សម្តេច ហើយ​ថ្ងៃនេះ​កម្មករ​កម្មការិនី​ពិតជា​ចាប់​សម្តេច​មែន​គឺ​ចាប់ពី​អោបថើប ចាប់​ថតរូប​ជាមួយ​។ ដូច្នេះ​ស្ថានភាព​នេះ​ក៏បាន​បង្ហាញ​ពី​ភាព​ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជាមួយនឹង​កម្មករ​កម្ម​ការិនី​ទាំងអស់។ ប៉ុន្តែ​អ្វី​ដែល​ទៅ​ហួស​ពេលនេះ​គឺ​សាមគ្គីភាព​នៅក្នុង​ចំណោម​យើងទាំងអស់គ្នា​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​យក​ឱកាស​នេះ​ សម្ដែង​ការ​អរគុណ​ចំពោះ​រោងចក្រ​ចំនួន ១,២៨៧ ផ្សេងទៀត​ ដែល​បាន​រៀប​ចំ​នូវ​កម្មវិធី​សំណេះសំណាល​និង​ការ​ជួបជុំ​បាយ​សាមគ្គី​និង​ការ​រាំ​លេង​កម្សាន្ដ​នៅតាម​រោងចក្រ​។ សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ដឹង​ថា ឆ្នាំនេះ​មាន​រោងចក្រ​រហូតដល់​ទៅ ១,២៨៧ រោងចក្រ​បាន​ប្រារព្ធ​ពិធី​ជួបជុំ​សប្បាយរីករាយ​នៅក្នុង​រោងចក្រ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​កន្លងទៅ​គឺ​កើនឡើង​៣៩៤ រោងចក្រ។ សម្រាប់​កម្មករ​វិញ​ឆ្នាំនេះ​មាន​រហូតដល់ ៧៩ ម៉ឺន​នាក់ បាន​ជួបជុំគ្នា​នៅតាម រោងចក្រ​ប្រារព្ធ​ពិធី​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ បើ​ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​គឺមាន​ការកើនឡើង ២៦​ម៉ឺន​នាក់​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អបអរសាទរ​ជាមួយនឹង​រោងចក្រ​កម្មករ​កម្មការិនី​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​កម្សាន្ត​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​។ សម្តេច​បន្តថា ​ថ្ងៃនេះ​មាន​អ្នកខ្លះ​ជ្រើសរើស​ការ​មក​ជួបជុំ​និង​បាយ​សាមគ្គី​តាម​រោងចក្រ​និង​រាំ​លេង​កម្សាន្ត​,​អ្នកខ្លះ​ជ្រើសរើស​នៅតាម​ផ្ទះ​,​អ្នកខ្លះ​ជ្រើសរើស​ទៅតាម​ការប្រមូលផ្ដុំ​ដាក់​ញត្តិ​ទាមទារ​នេះ​ទាមទារ​នោះ នេះ​គឺជា​សិទ្ធិ​ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​របស់​យើង​។



​នៅក្នុង​ពិធី​នោះ​ ក្រៅ​ពី​ការ​ពិសា​អាហារ​សាមគ្គី និង រាំ​កម្សាន្ត​សប្បាយ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បានផ្តល់​ការឧបត្ថម្ភ​ដល់​បងប្អូន​កម្មករ កម្មការិនី ម្នាក់ ៥ ម៉ឺន​រៀល និង សារុង ចំណែក​កម្មការិនី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ផ្សេងទៀត​បន្ថែម​លើ​ប្រាក់ ៥ ម៉ឺន​រៀល​។



​នៅ​ថ្ងៃ​នេះ​ផង​ដែរ ​ក្រសួង​ការងារ​ក៏បាន​រៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រឡង​កញ្ញាឯក និង បុរសឯក វាយនភ័ណ្ឌ​ឆ្នាំ ២០១៩ ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជូនពរ​ឲ្យ កម្មករ កម្មការិនី ៣ រូប​ដែល​តំណាង​ឲ្យ​រោងចក្រ​យី​ដា ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រឡង​។



រោងចក្រ​យី​ដា​បាន​ចាប់​ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៥​និង​មាន​កម្មករនិយោជិត​សរុប ៣,៧០០​នាក់​ក្នុងនោះ​ស្រី​២,៨០៣​នាក់​។ រោងចក្រ​យី​ដា​ជា​រោងចក្រ​កាត់​ដេរខោ​ខូវប៊យ ផលិតផល​ដែល​ផលិត​នៅ​រោងចក្រ​យី​ដា​ត្រូវ​បាន​នាំ​ចេញទៅ​លក់​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។

រោងចក្រ​នេះ​ បាន​ផ្តល់​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជូន​កម្មករនិយោជិត​ប្រមាណ ៨៦៦,៥៧០ ដុល្លារ​ក្នុង​មួយ​ខែ​។ ប្រាក់​ឈ្នួល​ជា​មធ្យម​សម្រាប់​កម្មករនិយោជិត​ម្នាក់ៗ​មាន​ចន្លោះ​ពី​២២០​ដុល្លារ​ដល់​២៨០​ដុល្លារ​ក្នុង​មួយ​ខែ​។ ​ក្រៅពី​ប្រាក់​អត្ថប្រយោជន៍​ដែល​កំណត់​ដោយ​ច្បាប់​ហើយ​នោះ​រោងចក្រ​ក៏​បានផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង​ដែ​រ​។ អត្ថប្រយោជន៍​ទាំងនោះ​រួមមាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ដេរ​បាន​លឿន ចំពោះ​អ្នក​ដែល​មាន​ភាគរយ​ចាប់ពី ៧០%​ទៅ ៨៤% នឹង​ទទួល​បាន ១០​ដុល្លារ​ ហើយ​សម្រាប់​អ្នក​ដែល​មាន​ភាគរយ ចាប់ពី​៨៥%​ឡើង​ទៅ​ទទួល​បាន​៣០​ដុល្លារ​។ ប្រាក់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​កម្មករ​ដែល​ចេះ​ជំនាញ​ច្រើន​ម៉ាស៊ីន សម្រាប់​ប្រធាន​ក្រុម​ដេរ ជាង ម៉ាស៊ីន អ្នក​ដេរ​គំរូ អ្នកពិនិត្យ​គុណភាព និង ផ្នែក​ផ្សេងៗ​ទៀត ដោយ​ការ​គណនា​អាស្រ័យ​ទៅ​លើ​ភាគរយ​សរុប​ប្រចាំខែ​ប្រាក់​តួនាទី​ពេលវេលា​ធ្វើ ការ និង​កត្តា​ផ្សេងៗ​។ បន្ថែម ១.៥ ដុល្លារ​សម្រាប់​អ្នកធ្វើការ​ថែម​ម៉ោង​ចាប់ពី ១០ ទៅ ១៤​ថ្ងៃ​នឹង​ចាប់ពី ២០ ថ្ងៃ​ឡើង​ទៅ​បន្ថែម ៣​ដុល្លារ​ទៅលើ សោហ៊ុយ​ធ្វើដំណើរ​។ ប្រាក់​ថ្លៃ​មើលថែ​ទារក​និង​ទឹកដោះគោ ១០ ដុល្លារ​សម្រាប់​កូន​១​ក្នុង​រយៈពេល​៣៦​ខែ​។



​សូម​បញ្ជាក់​ថា ​កាលពី​ឆ្នាំ ២០១៨ កន្លងទៅ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ហូបបាយ​សាមគ្គី​ជាមួយ​កម្មករ និយោជិត និង​រាំ​លេង​កម្សាន្ត​នៅ​រោងចក្រ រោងចក្រ​មី​នេ​បៀ (​ខេ​ម​បូ​ឌា​) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែល​មាន​កម្មករ កម្មការិនី និង និយោជិត​ចូលរួម ៥.៥១៥ នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu