Ad Code

៤​ខែ​ដើម​ឆ្នាំនេះ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​បាន​អំណោយ​ឈាម​ជាង​២​ម៉ឺន​ប្លោក



ភ្នំពេញ​ ៖​ លោក​វេជ្ជបណ្ឌិត លី សុ​វិ​ទ្យ​ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹង​ថា​នៅក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​អំណោយ​ឈាម​បាន​ប្រមាណ​ជាង​២​ម៉ឺន​ប្លោក​ដើម្បី​ត្រៀម​ទុក​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​អំណោយ​ឈាម​ទាំងនេះ ​គឺ​បាន​មក​ពី​ការចូលរួម​បរិច្ចាគ​ពី​យុវជន​និស្សិត​និង​មន្ត្រីរាជការ​ព្រមទាំង​សប្បុរសជន​នានា​នៅ​តាម​គ្រឹះស្ថានសិក្សា​និង​ស្ថាប័នរដ្ឋ​មួយចំនួន​។

តាម​គម្រោង​ឆ្នាំ​២០១៩​នេះ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​រហូតដល់​ទៅជា​ង​៩​ម៉ឺន​ប្លោក​កើនឡើង​ជាង​ឆ្នាំ​២០១៨​ជាង​១​ម៉ឺន​ប្លោក ​ខណៈ​ឆ្នាំ​២០១៨​ កន្លងទៅ​មជ្ឈមណ្ឌល​ទទួល​បាន​អំណោយ​ឈាម​នៅ​ទូទាំង​ប្រទេស​ចំនួន​៨៣៩៨៤​ប្លោក​ ក្នុង​នោះ​នៅ​ភ្នំពេញ​មាន​ចំនួន​៥៨៣៩៧​ប្លោក​និង​នៅ​ឆ្នាំ​២០១៧​កន្លងទៅ​ទទួល​បាន​អំណោយ​ឈាម​តែ​៧៦៥១១​ប្លោក​ប៉ុណ្ណោះ​។

លោក​បាន​បន្ថែមទៀត​ថា ​ការ​កើនឡើង​នៃ​ចំនួន​ឈាម​នេះ​គឺ​ដោយសារតែ​តម្រូវការ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​មាន​ការកើនឡើង​ខ្ពស់​ពិសេស​ការពង្រីក​មន្ទីរ​ពេទ្យ​នានា​នៅ​ទូទាំង​ប្រទេស​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​ឈាម​ផងដែរ​។ ​ជាក់ស្តែង​ក្នុង​១​ថ្ងៃៗ​តាម​ការ​ប៉ាន់​ប្រមាណ​មជ្ឈមណ្ឌល​ត្រូវការ​ឈាម​ប្រមាណ​ពី​២០០​ប្លោក​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​និង​២០០​ប្លោក​នៅ​ទូទាំង​ប្រ​ទេ ស​ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ដូចជា​អ្នកជំងឺ​ទាក់ទិន​នឹង​ការ​ហូរឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការហូរ​ឈាម​មិន​ប្រក្រតី​នៅមុន​និង​ក្រោយពេល​សំរាលកូន ជំងឺ​ខ្សោយ​តំរង់​នោម​និង​ការព្យាបាល​ថែទាំ​ជំងឺមហារីក​ជាដើម​។

លោក បាន​ជំរុញ​និង​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ក្រុម​យុវជន​ជួយ​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ​ពិតជា​បាន​ចូលរួម ចំណែក​យ៉ាងខ្លាំង ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឲ្យ​បាន​ទាន់​ពេល​វេលា​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ «បើសិនជា​គ្មាន​ការចូលរួម ចំណែក​ពី​សប្បុរសជន​ទាំងឡាយ​នោះ មជ្ឈមណ្ឌល​ក៏​មិនអាច​ទ្រទ្រង់ និង​ផលិត​ឈាម បានឡើយ​ដូច្នេះ​ការ​ចូលរួម​របស់​បង​ប្អូន ពិត​ជាមាន​សារសំខាន់​យ៉ាងខ្លាំង​»​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ឲ្យ​ដឹង​ទៀត​ថា ​ការ​ផ្ដល់សេវា​ផ្គត់ផ្គង់​ឈាម គឺជា​សេវា​មនុស្សធម៌​មួយ ដោយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ជា​បន្ទុក​របស់​រាជរ​ដ្ឋា​ភិ​បាល​ទាំងស្រុង ក៏ដូចជា​ក្រសួងសុខាភិបាល ដោយ​សមាសភាព​ឈាម ទាំងអស់​ត្រូវ​បាន​ផ្គត់ផ្គង់ នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​ទូទាំង​ប្រទេស ដោយ​មិន​ឲ្យ​ពល រដ្ឋ​បង់ថ្លៃ​សេវា​ឡើយ​ដោយ​រដ្ឋ​ជា​អ្នករ៉ាប់រង​ទាំងអស់​។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ឈាម​នេះ​ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុង​នោះ​មានការ​បង្កើត​ជា​ស្ថានីយ​ទទួល​អំណោយ​ឈាម​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អ្នក​បរិច្ចាគឈាម​ខណៈ​បច្ចុប្បន្ននេះ​មានតែ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១​និង​ទី​២​ប៉ុណ្ណោះ​ ដែល​ធ្វើ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​។

ជា​មួយ​គ្នា​នេះ​ដែរ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ជាតិ​ក៏បាន​សហការ​ជាមួយ​ក្លឹប​នៃ​ក្តី​ស្រលាញ់​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រឹះស្ថាន​សាកលវិទ្យាល័យ​និង​វិស័យ​ឯកជន​ផ្សេងៗ​ទៀត​ដើម្បី​ប្រមូល​ឈាម​ឲ្យ​បាន​ច្រើន​សម្រាប់​ទុក​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu