រតនគិរី ៖ ឃ្លាំងស្តុកឈើមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសឈើជាច្រើនដុំ ដែលគេយកមកស្តុកទុករង់ចាំឱកាសល្អ និងដឹកបន្តទៅប្រទេសវៀតណាមបានយ៉ាងរលូន។
ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។
ការចុះបង្ក្រាប និងរឹបអូសឈើខាងលើនោះដែរ ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ក្នុងនោះមានកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងអធិការក្រុងបានលុង កម្លាំងប៉ុស្តិ៍ តំណាងចៅសង្កាត់ សង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង និងខណ្ឌរដ្ឋបាលព្រៃឈើផងដែរ។
ក្នុងការបង្ក្រាបឈើខាងលើនេះដែរ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានឲ្យសារព័ត៌មានយើងដឹងថា ដោយឃ្លាំងស្តុកឈើនេះពុំមានម្ចាស់រស់នៅទេ ហើយឲ្យអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវរកឈ្មោះម្ចាស់ទីតាំងខាងលើនេះ។
លោក ព្រះរាជអាជ្ញារងបានបន្តថា បើរកឃើញម្ចាស់ទីតាំងនោះហើយ យកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើផងដែរ។
ឈើទាំងអស់នោះជាប្រភេទឈើកកោះនិងសុក្រំ មានមុខកាត់២០សង់ទីម៉ែត្រ ប្រវែង១,២ សង់ទីម៉ែត្រ ហើយមិនទាន់ធ្វើការវាស់វែងឬដឹងពីចំនួនឈើនោះនៅឡើយទេ។ ដោយសមត្ថកិច្ចកំពុងធ្វើការដឹកជញ្ជូនតាមរ៉ឺម៉កម៉ូតូយក្ខយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចុះស្រាវជ្រាវរកម្ចាស់ឈើមកបង់ផាកពិន័យច្បាប់ព្រៃឈើ៕
Source: Kampuchea Thmey Daily
0 Comments