ភ្នំពេញ ៖ បេក្ខនារីកម្ពុជា ២-៣ នឹងចូលរួមបង្ហាញសម្រស់របស់ស្ត្រីខ្មែរ ក៏ដូចជាវប្បធម៌ និងប្រពៃណីដ៏ស្រស់ផូរផង់របស់កម្ពុជា នៅលើឆាកអន្តរជាតិ នៅក្នុងកម្មវិធី Queen of beauty world (Korea 2019) នៅប្រទេសកូរ៉េ នាខែកក្កដា ឆ្នាំ២០១៩ ខាងមុខ ដែលកម្មវិធីនេះ រៀបចំដោយសមាគមអ្នកថែសម្រស់នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ហើយនៅក្នុងព្រឹត្តិការណ៍នោះ នឹងមាននារីដ៏ស្រស់សោភាមកពីប្រទេសចំនួន៧ចូលរួម គឺកូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ថៃ វៀតណាម ឡាវ និងកម្ពុជា។
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករកម្ពុជា បានថ្លែងថា ក្នុងនាមប្រធានសមាគមសិល្បករខ្មែរ និងជាអ្នកសិល្បៈ បានថ្លែងគាំទ្រចំពោះសកម្មភាពនេះ ពីព្រោះការចូលរួមប្រកួតនេះ សុទ្ធតែទាក់ទងវិស័យសិល្បៈដូចគ្នា ដូច្នេះសូមគាំទ្រកម្មវិធី Queen of beauty world (Korea 2019)។
អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា Queen of beauty world នៅឆ្នាំនេះ ធំជាងឆ្នាំមុន។ ជាមួយគ្នានោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា ស្ត្រីខ្មែរយើងមានការឆ្លាតវៃណាស់ ទាក់ទងការថែរក្សាសម្ផស្ស ក៏ដូចជាវិស័យសិល្បៈ និងវិស័យផ្សេងៗទៀត និងបានលើកទឹកចិត្ត ឲ្យស្ត្រីខ្មែរចូលរួមកម្មវិធីនេះផងដែរ។ ពីព្រោះកម្មវិធីនេះ នឹងធ្វើឲ្យយើងមានបទពិសោធន៍ច្រើន និងដឹងពីសង្គមទូទៅ ក្រៅពីសង្គមនៅប្រទេសរបស់យើង ហើយក៏ធ្វើឲ្យយើងមានការរីកចម្រើន ទាំងផ្នែកការគិត និងចំណេះដឹងទូទៅ ហើយអ្វីដែលសំខាន់ទៀតនោះ គឺអាចធ្វើឲ្យពួកគាត់ចេះតុបតែងខ្លួន ក្នុងនាមជាស្ត្រី ដែលមានភាពថ្លៃថ្នូរ។
ចំណែកអ្នកស្រី វ៉ាន់ ហៃដូ តំណាងប្រតិភូ នៃកម្មវិធី Queen of beauty world (Korea 2019) បានថ្លែងអំណគុណដល់អ្នកគាំទ្រ និងបេក្ខនារីទាំងអស់ ដែលនឹងចូលរួមកម្មវិធីនោះ។ អ្នកស្រីបន្តថា កម្មវិធីនោះ នឹងមានអ្នកចូលរួមពី៧ ប្រទេស ហើយសង្ឃឹមថា នឹងមានបេក្ខនារី ពីកម្ពុជាចូលរួមច្រើន។
លោក ឡី សុភាព ប្រធានសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាអ្នកសម្របសម្រួលដឹកនាំកម្មវិធី Queen of beauty world (Korea 2019) បានអំពាវនាវឲ្យស្ត្រីទូទាំងព្រះរាជាណាចក្រកម្ពុជា កុំមានការអល់ឯកក្នុងការចូលរួម ពីព្រោះយើងមានស្ត្រីជាគំរូរួចហើយ គឺកញ្ញា ធី សុវណ្ណថា ដែលបានចូលរួមកន្លងមក ហើយក៏បានទទួលជោគជ័យផងដែរ។ ពីព្រោះជោគជ័យកំរិតណា ក៏ជាជោគជ័យសម្រាប់ប្រទេសរបស់យើងដែរ។
ដោយឡែក កញ្ញា ធី សុវណ្ណថា អតីតបេក្ខនារី ជាប់លំដាប់ The First Runner Up កម្មវិធីអន្តរជាតិ Queen of the Spa 2018 និងទទួលបានកុងត្រា MOU ជាគណៈកម្មការអន្តរជាតិ Queen of beauty world (Korea 2019) បានអះអាងថា ក្នុងនាមជាគណៈកម្មការ នឹងខិតខំឲ្យអស់កម្លាំងកាយចិត្ត ដើម្បីផ្តល់នូវភាពយុត្តិធម៌ ជាពិសេសសម្រាប់ក្តីបំណងរបស់កញ្ញា ដែលធ្លាប់ជាបេក្ខនារីមួយរូប ហើយចង់ឃើញកម្ពុជា កាន់តែជោគជ័យនៅលើឆាកអន្តរជាតិ សម្រាប់ការប្រកួតនេះ។ ជាមួយគ្នានោះ កញ្ញា ធី សុវណ្ណថា បានលើកទឹកចិត្តឲ្យស្ត្រីខ្មែរចូលរួមឲ្យបានច្រើន ដើម្បីលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
បើតាមកញ្ញា ធី សុវណ្ណថា កម្មវិធី Queen of beauty world (Korea 2019) នឹងមានបេក្ខនារីកម្ពុជាចូលរួម២ទៅ៣នាក់។ កញ្ញាបញ្ជាក់ថា កម្មវិធីនេះ នឹងបង្ហាញពីភាពក្លាហាន បង្ហាញពីសម្រស់របស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ ក៏ដូចជាវប្បធម៌ សម្លៀកបំពាក់ និង តបរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងមកកម្ពុជាបានបញ្ជូនបេក្ខនារី១៥នាក់ ដើម្បីចូលរួមប្រកួតប្រជែង ប៉ុន្តែឆ្នាំនេះ គណៈកម្មាធិការសម្រេចចម្រាញ់ យកបេក្ខនារីត្រឹមតែ ២-៣នាក់ប៉ុណ្ណោះ ដើម្បីចូលរួមប្រកួត៕
Source: Kampuchea Thmey Daily
0 Comments