សេង ស្រឿន អ្នកប្រដាល់កម្ពុជាក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង និង ព្រឿង សុជាតិ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នៃក្លិបកងពលធំអន្តរាគមន៍លេខ២ បានប្រកួតចាញ់ថៃដូចគ្នា នៅក្នុងការជួបប្រកួតគ្នាកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិខារ៉ាបាវ នៅសង្វៀនSEATV។
សេង ស្រឿន បានវាយចាញ់ អ្នកប្រដាល់ថៃជើងចាស់ឃុមភេត(Khum Phat)ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ឃុម ភេត អ្នកប្រដាល់ថៃ ដែលមកជួបសេង ស្រឿន នេះ តាមប្រវត្តិគឺគេជាជើងខ្លាំង និងជាជើងចាស់ធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក ដោយវាយចាញ់ រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ ត្រឹមពិន្ទុប៉ុណ្ណោះ ហើយមកជួបឡៅ ចន្ទ្រា ពីរលើកក្រោយមកទៀតនោះ ក៏ចាញ់ ឡៅ ចន្ទ្រាដែរ។ ដូច្នេះសេង ស្រឿន ងាយឯណាយកឈ្នះបាននោះ។
ចំពោះ ព្រឿង សុជាតិ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជា មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ដែលជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មួក ភេត(Chhmuok Phat) ក្នុងទម្ងន់៦០គីឡូក្រាម នោះ ត្រូវឈ្មួក ភេត វាយឲ្យសន្លប់ក្នុងទឹកទី២។
សុជាតិ ត្រូវអាជ្ញាកណ្ដាលរាប់៨ នៅដើមទឹកទី២ ដោយសារត្រូវកណ្តាប់ដៃរបស់ឈ្មួកភេត ប៉ុន្តែក្រោយពីរាប់សុជាតិ បានបន្តការប្រកួតទៀត ហើយក៏ត្រូវថៃដាល់ត្រូវម្តងទៀត បណ្តាលឲ្យសន្លប់លែងក្រោកតែម្តង។
ឈ្មួក ភេត ជាអ្នកប្រដាល់ថៃចំណូលថ្មី មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងណានៅឡើយទេ កន្លងមក។ អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតចំនួន៦៥លើក ឈ្នះ៥០លើក និងចាញ់ ១០លើក មិនដែលស្មើ។ បើធៀបជាមួយព្រឿង សុជាតិ គឺប្រហាក់ប្រហែលសុជាតិ ដែរ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ នន់ ជំនិត អ្នកប្រដាល់ក្លិបស្វាយរលំឫទ្ធិជ័យ ដែលត្រូវគេផ្គូឲ្យជួបប្រកួតជាមួយធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលដារិទ្ធពោធិសែនជ័យនោះ បានវាយចាញ់តុងហ៊ីដោយពិន្ទុ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៩គីឡូក្រាម។
អេលីត កែវឡុង អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ ប្រកួតឈ្នះភិន សុទី អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ហើយសូត្រ វាសនា អ្នកប្រដាល់ក្លិបបក្សីស្លាបដែក ប្រកួតស្មើពិន្ទុជាមួយ រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក៕
Source: Kampuchea Thmey Daily
0 Comments