Ad Code

លោក ស៊ុំ វណ្ណា ទទួលបាន​បទពិសោធ​ន៍​ច្រើន​បន្ទាប់ពី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​បាល់ទាត់​នៅ​រាជធានី​បាងកក



​លោក ស៊ុំ វណ្ណា អតីត​គ្រូបង្វឹក​របស់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែល​កំពុងតែ ធ្វើការ​ជា​គ្រូ​ជំនួយ​របស់​លោកគ្រូ​បង្គោល Leonardo Vitorino ដែល​ជា​ជនជាតិ​ប្រេ​ស៊ី​ល ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន បានបញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​កម្រិត AFC “A” License កាលពីពេល​ថ្មីៗ​ដោយ​ជោគជ័យ ខណៈ​លោក​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បញ្ជូន​ឱ្យទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​បាល់ទាត់​កម្រិត​ទ្វីបអាស៊ី មួយ​នៅ​រាជធានី​បាងកក ប្រទេស​ថៃ​។

​គ្រូបង្វឹក​ខាងលើ​បាន​បញ្ជាក់​ថា ​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA និង​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នកចូលរួម​ទាំងអស់ ពោលគឺ​គ្រូឧទ្ទេស​ទាំងអស់​មា​នស​ម​ត្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​គ្រូ​ជំនាន់​ក្រោយ​បាន​ត្រឹម​កម្រិត C និង D Licence នៅ​តំបន់​អាស៊ី ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​ថ្មីៗ​នេះ​។



បន្ទាប់ពី​ត្រឡប់មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ លោក ស៊ុំ វណ្ណា បាន​លើក​ឡើង​ថា​ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​ណាស់ ហើយ​បន្ទាប់ពី​ចប់​វគ្គ​នេះ​ទៅ​ខ្ញុំ​មានការ​យល់ដឹង​ច្រើន​ជុំវិញ​ការហ្វឹកហាត់​គ្រូ​បាល់ទាត់​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ​ដូចជា វិធីសាស្ត្រ​នៃ​ការហ្វឹកហាត់ ការរៀបចំ​គម្រោង​នៃ​ហ្វឹកហាត់ ការលើកទឹកចិត្ត ការទំនាក់ទំនង ការរៀបចំ​ការប្រកួត ការវិភាគ​ផ្សេងៗ​នៃ​ការលេង​បាល់ទាត់ និង​សកម្មភាព​ផ្សេងៗ​ទៀត​នៅលើ​ទីលាន ជាមួយ​កីឡាករ​។ ចំនេះដឹង​នេះ​ជា​អ្វីដែល​ថ្មី​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏មាន​ជំនឿ​ចិត្ត​ខ្លួនឯង​ថា​នឹង​យកចំនេះ​ដឹង​ទាំងនេះ​មក​ធ្វើការ​ហ្វឹកហាត់​គ្រូៗ​ក្នុងការ​ចូលរួម​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​»​។



លោក​បន្ត​ថា ​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​គ្រូឧទ្ទេស​ចូលរួម​ចំនួន​២២​នាក់ ហើយ​វា​គឺជា​របកគំហើញ​ថ្មី​មួយទៀត​របស់ FIFA ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​វិស័យ​បាល់ទាត់​នៅក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ទៅនឹង​ធនធាន​គ្រូបង្វឹក ដែល​តម្រូវ​ឲ្យ​ធ្វើការ​សិក្សា​ក្នុង​រយៈពេល​បួន​ដំណាក់កាល។

​លោក ស៊ុំ វណ្ណា កាន់​បរិញ្ញាប័ត្រ​អប់រំ​កាយ និង កីឡា ពី​ប្រទេស​គុយបា កាលពី​ឆ្នាំ​២០០៩​។ លោក​ធ្លាប់​ធ្វើជា​គ្រូ​ជំនួយ​ក្លឹប​បៀ​ល​ប្រាយ ពី​ឆ្នាំ​២០១៣-២០១៥ មុននឹង​បន្តទៅ​កាន់​តំណែង​ជា​គ្រូធំ​ក្លិប​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) កាលពី​រដូវ​កាល​២០១៥-២០១៦ ហើយ​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។ លោក​បាន​ចុះ​កិច្ចសន្យា​ជា​ផ្លូវ​ការដឹកនាំ​ក្រុម​វេ​ស្ទើ​ន កាលពីដើម​រដូវ​កាល ឆ្នាំ​២០១៧ ខណៈ​នៅ​ឆ្នាំ​នោះដែរ ​លោក​បានបញ្ចប់​វ​គ្គ​សិក្សា​គ្រូបង្វឹក​ផ្នែក​អាជ្ញា​ប័​ណ្ណ B (AFC B License)​។ នៅ​រដូវ​កាល​កន្លងទៅ​លោក​នៅ​ទំនេរ ដោយ​ដឹកនាំ​ក្រុម​ក្រៅផ្លូវការ​មួយចំនួន​បណ្តោះអាសន្ន​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu