Ad Code

តើ​ការ​ឆ្លើយ​ឆ្លង​រវាង​ស្ថានទូត​សហរដ្ឋអាមេរិក​និង​ស្ថានទូត​ចិន​មាន​ឥទ្ធិពល​ទៅលើ​នយោបាយ​របស់​កម្ពុជា​យ៉ាងដូច​ម៉េច​?



ភ្នំពេញ ៖ កិច្ចពិភាក្សា​តុមូល ស្តីពី «​ការឆ្លង​ឆ្លើយ​គ្នា​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​ចិន​នៅ​កម្ពុជា​”​ បានរៀបចំ​ឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​នា​ព្រឹក​ថ្ងៃទី​៣០​ ខែមេសា ​ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​វាគ្មិន​មកពី​តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សាស្ត្រាចារ្យ បណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ និង​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា។

​កិច្ចពិភាក្សា​តុមូល ស្តីពី «​ការឆ្លង​ឆ្លើយ​គ្នា​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​ចិន​នៅ​កម្ពុជា​” ធ្វើឡើង​បន្ទាប់ពី​មាន​សារ ឆ្លើយឆ្លង ទាក់ទង​សកម្មភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​-​ចិន​។ បញ្ហា​បាន​ចោទ​សួរថា តើ​ការ​ឆ្លើយឆ្លង​នោះ​វា​មាន​ឥទ្ធិពល​ទៅលើ​នយោបាយ​របស់​កម្ពុជា​យ៉ាងដូចម្តេច​?

លោក ស៊ា​វ ម៉ៅ អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​កម្ពុជា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​រំលឹក​ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ​គឺ​ស្ថានទូត​ចិន និង​ស្ថានទូត​អាមេរិក បាន​ឆ្លើយឆ្លង​គ្នា​អំពី​បញ្ហា​ពាណិជ្ជកម្ម​កម្ពុជា ចិន ។​នៅក្នុង​ខ្លឹមសារ​នោះ​គឺ​អាមេរិក​បានលើកឡើង​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា ចិន យល់ឃើញថា​មានឱ​ន​ភាពខ្លាំង ទៅ​ផ្នែក​កម្ពុជា បានន័យថា​ទំនាក់ទំនង​ពាណិជ្ជ​កម្មនេះ កម្ពុជា​ខាត​។​អាមេរិក​បានលើកឡើង​បែបនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​បានចេញ​ផ្សាយ​ថ្មីៗ​នេះ​។​ពិសេស​គាត់​បានលើកឡើង​ពី​បញ្ហា​នាំចេញ​នាំចូល ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​ឲ្យ​ចិន​ច្រើន រីឯ​កម្ពុជា​គាត់​យល់ឃើញថា​មិនសូវ​ផ្តល់​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជ​កម្មនេះ​ទេ​។ រីឯ​ស្ថានទូត​ចិន ធម្មតា​គេ​ចោទប្រកាន់​ខ្លួន ៗ​មាន​កាតព្វកិច្ច​ឆ្លើយតប​ពី​ចំណុច​ៗ​ដែល​បានលើកឡើង​។​

នៅក្នុង​កិច្ចពិភាក្សា​នោះ​វាគ្មិន​បានលើកឡើង​អំពី​ប្រវត្តិ​សាវតារ ខ្មែរ មាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​ពី​យូរលង់​ណាស់​មកហើយ​ក្នុង​សតវត្ស​ទី​៣​នៃ​គ​.​ស​តាមរយៈ​សមណ​ទូត​បកប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក រីឯ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​អាមេរិក​ទើប​មាន​ក្រោយ​សង្គ្រាមលោក លើក​ទី​២​តែប៉ុណ្ណោះ​។​

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​មានប្រសាសន៍ថា សម្រាប់​ការរៀបចំ​ឱ្យមាន​វេទិកា​នេះ គឺ​ចង់បង្ហាញ​ឱ្យ​ប្រជាជន​កម្ពុជា ដែលមាន​និន្នាការ​គាំទ្រ​ទៅលើ​ប្រទេស​ចិន និង​អាមេរិក ឱ្យ​យល់​កាន់តែច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន បាន​ប្រើប្រាស់​នយោបាយ​ចម្រុះ​ពណ៌ ដោយ​រកស៊ី​ជាមួយ​ប្រទេស​ណា ផ្តល់​ផលប្រយោជន៍​ឱ្យ​កម្ពុជា កម្ពុជា​ត្រូវ​ចាប់យក​ប្រទេស​នោះ​ជា​ដៃគូ​​ពាណិជ្ជកម្ម។ ដូច្នេះ​ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ការពារ​ដល់​អ្នក​វិនិយោគិន បរទេស​ទាំងអស់​នៅ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ច្បាប់ និង​មិនមែន​ការពារ​តែ​អ្នក​វិនិយោគ​ជនជាតិ​ចិន​នោះ​ទេ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu