Ad Code

​ប៉ាឡេស្ទីន​និយាយថា បទ​ឈប់​បាញ់​បាន​ឈានដល់​ជាមួយ​អ៊ីស្រាអែល​ដើម្បី​បញ្ចប់​អំពើហិង្សា​សម្លាប់​មនុស្ស​



​នៅ​ថ្ងៃ​ចន្ទ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​តំបន់​ហ្គា​ហ្សា​បាន​យល់ព្រម​ចំពោះ​បទ​ឈប់​បាញ់​មួយ​ជាមួយ​អ៊ីស្រាអែល​ដើម្បី​បញ្ចប់​អំពើហិង្សា​សម្លាប់​មនុស្ស​រយៈពេល​២​ថ្ងៃ​ដែល​បាន​គំរាម​រីក​រាលដាល​ទៅជា​សង្គ្រាម​។ នេះ​បើតាម​សម្តី​របស់​ក្រុមមន្ត្រី​ដែល​ដឹង​អំពី​កិច្ចព្រមព្រៀង​នេះ​។ អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ការបាញ់​រ៉ុកកែត​ឬ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទេ​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

​មន្ត្រី​ម្នាក់​មកពី​ក្រុម​ហា​ម៉ាស​និង​ម្នាក់ទៀត​មកពី​សម្ព័ន្ធមិត្ត​ឥស្លាម​ជី​ហាដ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ប្រទេស​អេ​ហ្ស៊ី​ប​បាន​សម្របសម្រួល​កិច្ចព្រមព្រៀង​ដើម្បី​បញ្ឈប់​អរិភាព​ពី​ម៉ោង​៤:៣០​នាទី​ព្រឹក​។ មន្ត្រី​អេ​ហ្ស៊ី​បម្នាក់​ក៏បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​លក្ខខណ្ឌ​អនាមិក​ផងដែរ​។

​កិច្ចព្រមព្រៀង​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​អំពើ​ហឹ​ង្សា​ដ៏​ធ្ងន់ធ្ងរ​បំផុត​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​២០១៤​មក​។អំពើហិង្សា​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ជាមួយនឹង​គ្រាប់​រ៉ុក្កែត​ដ៏​ធំ​មួយ​គ្រាប់​មកពី​តំបន់​ហ្គា​ហ្សា​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រលក​នៃ​ការសង​សឹក​ពី​អ៊ីស្រាអែល​ហើយ​បាន​បន្ត​ដល់​ពេញ​មួយថ្ងៃ​អាទិត្យ​។

​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​២៣​នាក់​រួមទាំង​សកម្មប្រយុទ្ធ​យ៉ាងតិច​៩​នាក់​ផងដែរ​ត្រូវបាន​សម្លាប់​។ ជន​ស៊ីវិល​បួន​នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​ត្រូវបាន​សម្លាប់​ដោយ​ក្នុងនោះ​មាន​យ៉ាងតិច​បីនាក់​ជា​ពលរដ្ឋ​អ៊ីស្រាអែល​។អំពើហិង្សា​នេះ​បានកើត​ឡើងខណៈ​ក្រុម​ហា​ម៉ាស​បាន​ស្វែងរក​វិធានការ​បន្ថែមទៀត​ពី​ប្រទេស​អ៊ីស្រាអែល​ដើម្បី​បន្ធូរបន្ថយ​ការរាំងស្ទះ​របស់ខ្លួន​នៅក្រោម​បទ​ឈប់​បាញ់​គ្នា​លើក​មុន​ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប​និង​អង្គការសហប្រជាជាតិ​។ ​ប្រទេស​អ៊ីស្រាអែល​បាន​ប្រឈម​នឹង​សម្ពាធ​ឲ្យ​ស្វែងរក​ភាពស្ងប់ស្ងាត់​ឡើងវិញ​និង​បញ្ចប់​ការបាញ់​គ្រាប់​រ៉ុក្កែត​ទៅលើ​សហគមន៍​នៅ​ភាគខាងត្បូង​របស់​ប្រទេស​នេះ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu