Ad Code

ថៃ ប៊ុន​ហាន និង​ធានុ​រាជ អ្នក​ណា​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​ទម្ងន់​៦៥​គ​.​ក្រ?

ថៃ ប៊ុន​ហាន អ្នក​ប្រដាល់​ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ និង​ធានុ​រាជ អ្នក​ប្រដាល់​ក្លឹប​ពោធិ​ជ័យ​កីឡា នឹង​ជួប​គ្នា​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ ​ឆ្នាំ​២០១៤​នេះ​នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា ដើម្បី​ដណ្ដើម​យក​តំណែង​ជើងឯក​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គីឡូក្រាម។
អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​អស់​ចំនួន​៨​ប្រកួត​ម្នាក់​ ទម្រាំ​បាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ក្នុង​ការប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថៃ ប៊ុន​ហាន​គេ​បាន​វាយ​ឈ្នះ​ផន ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២។ ចំណែក​ធា នុ​រាជ​វិញ គេ​វាយ​ឈ្នះ​កែវ វិ​រៈ អ្នក​ប្រដាល់​ក្លិប​គុជ​សា​កីឡា​ដោយ​ពិន្ទុ។

ថៃ ប៊ុន​ហាន ធ្លាប់​វាយ​ឈ្នះ​ធា នុ​រាជ ម្តង​ហើយ ក្នុង​ការ​ប្រកួត​ជម្រុះ​ដោយ​ឈ្នះ​ទាំង​វេទនា។ កាលណោះ​ ធា នុ​រាជ គេ​បាន​វាយ​សម្រុក​ខ្លាំង​ណាស់​ទៅលើ​ប៊ុន​ហាន ប៉ុន្តែ​មិន​អាច​យកឈ្នះ​ប៊ុន​ហាន​បាន ព្រោះ​ប៊ុន​ហាន​គេ​មិន​ត្រឹមតែ​មានការ​វាយលុក​ខ្លាំង​នោះ​ទេ ការ​ការពារ​របស់​គេ ក៏​ល្អ​ផងដែរ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​លើក​នេះ ធា នុ​រាជ​គេ​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​យកឈ្នះ​ថៃ ប៊ុន​ហាន វិញ និង​យក​ខ្សែក្រវាត់​គូ​បូ​តា​ឲ្យ​បាន។ នេះ​បើតាម​លោក​ធា នុ​រាជ គេ​អះអាង​ឲ្យដឹង។

ប៉ុន្តែ​យ៉ាងណា ថៃ ប៊ុន​ហាន​មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះទេ​។ គេ​មាន​កណ្តាប់ដៃ​ខ្លាំង ស្នៀត​ទាត់​ក៏​ខ្លាំង​ដែរ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។ ប៉ុន្តែ​ការប្រកួត​លើក​នេះ ប៊ុន​ហាន ក៏​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ទើបបាន ពិសេស​បើ​អាច​ទប់​ស្នៀត​កណ្តាប់​ដៃ និង​ស្នៀត​ទាត់​របស់​ធា នុ​រាជ​បាន ទើប​មាន​សង្ឃឹម​ឈ្នះ បើ​មិន​ដូច្នោះ​ទេ​គឺ​ពិបាក​ហើយ ព្រោះ​នុ​រាជ​ខ្លាំង​នឹង​ស្នៀត​ដៃ​និង​ជើង​នេះឯង។

ចាំមើល រវាង​ថៃ ប៊ុន​ហាន និង ធា នុ​រាជ ជួប​គ្នា​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​ តើន​រណា​ឈ្នះ នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​ទម្ងន់​៦៥​គីឡូក្រាម​នោះ ? គួរ​បញ្ជាក់​ថា អ្នក​ដែល​ឈ្នះ​បាន​ខ្សែក្រវាត់​នេះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លុយ​សុទ្ធ​២.៥០០​ដុល្លារ​អាមេរិក ឯ​អ្នក​ចាញ់​ដែល​បាន​លេខ​២​នោះ ទទួល​បាន​១.៥០០​ដុល្លារ​អាមេរិក។

ចំពោះ​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​វិញ​នោះ គឺ​រវាង​កែវ វិ​រៈ អ្នក​ប្រដាល់​ក្លឹប​គុជ​សា​កីឡា និង ផន ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ។ ពីរ​នាក់​នេះ ក៏​ធ្លាប់​ប៉ះគ្នា​ក្នុង​វគ្គ​ជម្រុះ​ម្តង​ដែរ​ហើយ ដោយ​វិ​រៈ​ឈ្នះ​ប៊ុន​ម៉ៅ​ក្នុង​ទឹក​ទី​៣។
​សម្រាប់​ការជួបគ្នា​លើក​នេះ ពុំមាន​នរណា​ហ៊ាន​អះអាងថា ផន ប៊ុន​ម៉ៅ ឈ្នះ​កែវ វិ​រៈ នោះឡើយ ។ ចាំមើល តើ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កែវ វិ​រៈ ឬក៏​ផន ប៊ុន​ម៉ៅ ? ។ ចំណាត់ថ្នាក់​លេខ​៣​នេះ នឹង​ទទួលបាន​១.០០០​ដុល្លារ​អាមេរិក ហើយ​លេខ​៤​បាន​៦០០​ដុល្លារ​អាមេរិក ។​

ព្រឹត្តិការណ៍​កក្រើក​មួយទៀត​នៅក្នុង​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​គូ​បូ​តា​នេះដែរ គឺ​ការប្រកួត​រវាង​ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ឡុង សុ​ភី អ្នក​ប្រដាល់​ក្លឹប​សាល​វ័​ន្ត​កីឡា ដើម្បី​ដណ្តើមពាន​គូ​បូ​តា​ប្រចាំខែ ដែលមាន​រង្វាន់​១.០០០​ដុល្លារ គឺ​អ្នកឈ្នះ​បាន​៧០០​ដុល្លារ និង​អ្នកចាញ់​បាន​៣០០​ដុល្លារ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ធ្លាប់​ប៉ះ​គ្នា​ចំនួន​៤​ដង​មកហើយ តាំងពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ។ ក្នុងការ​ជួបគ្នា​៤​ដង​នេះ ឡៅ ស៊ី​ណាត​ឈ្នះ​បាន​៣​ដង និង​ចាញ់​សុ​ភី​ម្តង ក្នុងការ​ជួបគ្នា​លើកចុងក្រោយ​នោះ ។ ចាំមើល ការជួបគ្នា​លើក​នេះ តើ​អ្នកណា​ជា​អ្នកឈ្នះ ?៕

Post a Comment

0 Comments

Close Menu