Ad Code

ប៉ូលិស​ចិន​ បើក​ការ​បាញ់រះ​ទៅលើ​ជន​ជាតិ​ទីបេ​ បន្ទាប់ពី​ធ្វើ​ការ​បូជា​យញ្ញខ្លួន​ឯង​

ប្រភព​ព័ត៌មានរ៉យទ័រពីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹងថា ប៉ូលិស​ចិន​ បាន​បើកការ​បាញ់​ប្រហារ​ទៅ​​លើ​ក្រុមអ្នកតវ៉ាទីបេ​ ដែល​កំពុង​តែ​ធ្វើ​បាតុ​កម្ម​ បន្ទាប់​ពីមាន​ធ្វើ​ការ​បូជាយញ្ញ​ស្លាប់​ជា​បន្ដ​បន្ទាប់ដោយ​ពលរដ្ឋ​ទីបេត៍​ មកពី​យុទ្ធនា​ការ​មួយ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់ចិន​ទៅ​លើ​តំបន់​ហ៊ីម៉ាឡៃយ៉ា​របស់ខ្លួននោះ។ ក្រុមសិទ្ធិមនុស្ស​មួយបាននិយាយដូច្នេះ​កាល​ពីថ្ងៃសុក្រ។

ព្រះសង្ឃ​មួយអង្គ​រងការ​បាញ់​ប្រហារ​ត្រូវ​ដៃ​បន្ទាប់ពីពេលដែល​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​បើកការ​បាញ់ប្រហារ​នៅពេល​មាន​ការប៉ះទង្គិចគ្នា​មួយ​ ជាមួយនឹង​ជនជាតិទីបេត៍​នៅ​ពីខាងក្រៅស្ថានីយប៉ូលិស​មួយកន្លែង​នៅ​ភាគខាងលិច​ខេត្ដ​ស៊ីជន់ ដែលមានព្រំដែន​ជា​មួយ​នឹង​ទឹកដី​នៃ​ប្រទេស​ទីបេត៍​នោះ។ នេះ​ជា​ការលើក​ឡើង​របស់​ចលនា Free Tibet ដែល​មាន​ស្នាក់​ការនៅអង់គ្លេស តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ។ ក្រុមនេះ​មិនបាន​និយាយ​ទេថា តើ​អំពើ​ហិង្សា​នោះកើត​មាន​នៅពេល​ណា? ហើយ​ប៉ូលិស​នៅ​ក្នុង​តំបន់វិញ​ ក៏មិន​អាច​ស្វែង​រក​ការ​ធ្វើ​អត្ថាធិប្បាយ​បានឡើយ។

សកម្មជន​សិទ្ធិ​មនុស្ស​និយាយថា​ ប្រទេស​ចិន ​បាន​ជាន់ឈ្លី​ទៅលើ​សេរីភាពជំនឿសាសនា​ ព្រមទាំង​វប្បធម៌​នៅក្នុង​ទឹកដីទីបេត៍​ ដោយ​ប្រទេស​នេះ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​តែង​ ចាប់​តាំង​ពី​កងទ័ពរំដោះប្រជាជន​បាន​ដណ្ដើម​កាន់​កាប់​ដោយ​ងាយៗទៅលើតំបន់ទីបេត៍នេះ​នៅ​ឆ្នាំ​១៩៥០។ ដោយឡែក​ប្រទេសចិន​វិញ​បាន​បដិសេធ​ការ​ទិតៀន​បែបនេះ​ដោយនិយាយថា ខ្លួន​កាន់កាប់ដឹកនាំ​ទឹកដីទីបេត៍​ ជាការ​បញ្ចប់​ភាព​ជាកញ្ចះ​គេ​ ដោយ​នាំយក​មកវិញ​នូវការ​អភិវឌ្ឍ​ និង​ការប្រយុទ្ធ​ប្រឆាំងនឹងភាពក្រីក្រ​ក្នុង​តំបន់។

រីឯពលរដ្ឋ​ទីបេ​​ដែលស្ថិត​នៅ​ក្នុង​ទឹកដី​ទី​បេត៍វិញ​ ព្រម​ទាំង​ផ្នែក​ជាច្រើន​ទៀត​នៃប្រទេស​ចិន​ បាន​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ព្រោះ​តែ​មិន​ពេញ​ចិត្ដ​ជា​មួយ​នឹងការ​គ្រប់គ្រង​របស់​ចិន ដោយសុខចិត្ដ​ដុតខ្លួនឯង​ស្លាប់​បន្ទាប់ពីចាក់សាំង​ស្រោច​លើខ្លួននោះ។ នៅឆ្នាំ​២០១២ មាន​ជនជាតិទីបេត៍លើស​ពី​៨០​នាក់​ បានធ្វើ​ការប្រឆាំងតវ៉ា​យ៉ាង​ខ្លាំង​ក្លា​ ដោយ​ភាគច្រើននៃ​ចំនួន​នោះ​ត្រូវបានគេ​ជឿថា ស្លាប់​ទៅហើយ។ ស្ដ្រី​ម្នាក់អាយុ​២០ឆ្នាំ​ បាន​ចាក់ប្រេង​ស្រោចខ្លួន ហើយដុតភ្លើង​ស្លាប់​កាល​ពីថ្ងៃ​ចន្ទ នៅ​ឯស្រុក​ណាហ្គាបា​ ស្ថិត​នៅក្នុង​ខេត្ដស៊ីជន់។ កាលពីសប្ដាហ៍កន្លង​មកនេះ​ បុរស​ម្នាក់​អាយុ​៣៤ឆ្នាំ​ ក៏បាន​ស្រោចសាំង​លើខ្លួន​ដុតសម្លាប់នៅ​ពីខាងមុខ​ស្ថានីយប៉ូលិសមួយ​ នៅភាគខាងលិច​ខេត្ដ​ហ្គង់ស៊ូ។ សម្ដេចសង្ឃ​ដាឡៃឡាម៉ា​ មេដឹក​នាំ​ដួងព្រលឹង​នៃ​ទឹកដី​ទីបេ​បាន​ភៀស​ព្រះកាយ​ទៅកាន់​ប្រទេស​ឥណ្ឌា​ បន្ទាប់ពី​ការ​ងើបប្រឆាំង​តវ៉ា​នឹង​ការដឹកនាំរបស់ប្រទេសចិន​ក្នុងឆ្នាំ​១៩៥៩​រង​បរាជ័យ​មកនោះ៕

Post a Comment

0 Comments

Close Menu