តាមប្រភពនៃទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា មានមនុស្សដល់ទៅជាង១០០,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួនដោយអាជ្ញាធរនៅក្នុងរដ្ឋទាំង៥ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ដែលរងការប៉ះពាល់យ៉ាងធ្ងន់បំផុតដោយជំនន់មូសុងនៃតំបន់អាស៊ីអាគ្នេយ៍មិនដែលកើតមានជាច្រើនទសវត្សមកហើយ។
កម្រិតទឹកជំនន់ដ៏ខ្ពស់បំផុត រួមជាមួយនឹងអាកាសធាតុឧតុនិយមដ៏អាក្រក់ បានធ្វើឲ្យជនរងគ្រោះត្រូវទៅរកទីតាំងថ្មីដើម្បីស្នាក់អាស្រ័យ ព្រមទាំងការដឹកជញ្ជូនការផ្គត់ផ្គង់ស្បៀងអាហារដែលត្រូវបានធ្វើឡើងតាមឧទ្ធម្ភាគចក្រក៏មានការពិបាកផងដែរ។ លោកនាយករដ្ឋមន្ដ្រីណាហ្ស៊ីប រ៉ាហ្សាក់ បានថ្លែងដូច្នេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
ចំនួនមនុស្សសរុប១០៣,៦៤៩នាក់ ត្រូវបានជម្លៀសចេញនៅក្នុងរដ្ឋកេឡាន់តាន់ តេរ៉េនហ្គានូ ប៉ាហាំង ប៉េរ៉ាក់ និងពែរលីស នេះជាការលើកឡើងរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋប៊ែរណាម៉ានោះគឺលើសពីចំនួនពលរដ្ឋម៉ាឡេសីុ ដែលរងការជម្លៀសកាលពីជំនន់ឆ្នាំ២០០៨ ដែលកាលណោះមានតែត្រឹម១០០,០០០នាក់។
ទីភ្នាក់ងារព័ត៌មានរដ្ឋប៊ែរណាម៉ា ក៏បានរាយការណ៍ផងដែរថា លោកនាយករដ្ឋមន្ដ្រីស្ដីទី តានស្រ៊ីមូហ៊ីអ៊ីឌីន យ៉ាសស៊ិន បានទៅដល់រដ្ឋកេឡាន់តាន់កាលពីព្រឹកម្សិលមិញ ដើម្បីពិនិត្យស្ថានការណ៍ទឹកជំនន់នៅទីនោះ។ ទស្សនកិច្ចរបស់លោកកើតមានទន្ទឹមពេលមានការទិតៀនលើកឡើងថា នាយករដ្ឋមន្ដ្រីម៉ាឡេសីុលោកដាទុកសេរី ណាហ្ស៊ីប រ៉ាហ្សាក់ ធ្វើដំណើរចេញទៅក្រៅប្រទេស ពេលដែលប្រទេសកំពុងតែប្រឈមជាមួយនឹងជំនន់ដ៏អាក្រក់បំផុតនៅក្នុង ប្រវត្ដិសាស្ដ្រ។
រដ្ឋប៉ាហាំង បានបន្ថែមជនដែលត្រូវជម្លៀស៦ពាន់នាក់ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងចំនួនមនុស្សដែលបានចុះបញ្ជីកាលពីព្រឹកម្សិលមិញមានចំនួន៣៣,៧៣៦នាក់រួចមកហើយ។
រដ្ឋគូអាន់តាន់ មានចំនួនអ្នកជម្លៀសចេញខ្ពស់បំផុតមានដល់ទៅ១៩,៩២៤ផ្ទះដែលអស់មនុស្សនៅ ហើយទីតាំង៤៤កន្លែងទៀតក៏ត្រូវរៀបចំដើម្បីទទួលជនរងគ្រោះ។ ទន្ទឹមពេលជាមួយគ្នានោះដែរ នៅឯរដ្ឋចូហរ៍វិញភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយទឹកជំនន់កើតមានយ៉ាងខ្លាំងក្លានៅក្នុងតំបន់កំពុងភ្លេងតុងប៉ារ៉ូ (Kampung Plentong Baru) កាលពីថ្ងៃសុក្រនេះ ដោយបង្ខំ ឲ្យមនុស្សដល់ទៅចំនួន១៧៦នាក់ ត្រូវបោះបង់ចោលលំនៅដ្ឋានរបស់ពួកគេ ដែលនេះជាការលើកឡើងរបស់អាជ្ញាធរប៉ូលិស៕

0 Comments