តាមទីភ្នាក់ងារព័ត៌មាន AP នៅទីក្រុងហុងកុងបានឲ្យដឹងថា ប៉ូលិសហុងកុងបានចាប់ខ្លួន មនុស្ស៣៧នាក់កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមអ្នកប្រឆាំងតវា៉ស្និទ្ធនឹងលទ្ធិប្រជាធិបតេយ្យ បានវិលត្រឡប់មកកាន់ដងវិថីនានានាទីក្រុង ជារាត្រីទីពីរដើម្បីទាមទារឲ្យមានការបើកទូលាយនៃការជ្រើសតាំងសមាជិកភាពនៃនាយកប្រតិបត្ដិរបស់ទីក្រុងពាក់កណ្ដាលស្វយ័តនេះ។ នេះជាការលើកឡើងរបស់ប៉ូលិសក្រុងហុងកុង។
តាមការថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយប៉ូលិសបានលើកយកមកនិយាយថា ក្រុមបាតុករបានបិទផ្លូវសរុបមានទាំងអស់៥ផ្លូវកាលពីយប់ម្សិលម៉្ងៃនេះនៅឯសង្កាត់ក្បែរខាងនៃសង្កាត់ម៉ុងកុក ហើយមិនបានគោរពទៅតាមបញ្ជារបស់ប៉ូលិសទេក្នុងការបោសសម្អាតនោះ។ ក្រុមបាតុករដែលរងការចាប់ខ្លួនមានអាយុចាប់ពី១៣ឆ្នាំដល់៧៦ឆ្នាំ។
ប៉ូលិសក៏បានចាប់ខ្លួនបាតុករចំនួន១២នាក់ផ្សេងទៀតនៅក្នុងសង្កាត់ក្បែរខាងគ្នានោះផងដែរ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីជនទាំងនោះបានបិទដងវិថីនានានៅក្នុងសង្កាត់នោះ។ នៅលើទំព័រហ្វេសប៊ុករបស់ក្រុមសកម្មជនមួយដែលស្និទ្ធនឹងលទ្ធិប្រជាធិបតេយ្យហៅថា Hong Kong Shield បាននិយាយថា ក្រុមបាតុករបានធ្វើដំណើរទៅកាន់ទីកន្លែងប្រឆាំងតវ៉ាមាន៣កន្លែងឯណោះនៅក្នុងរយៈពេល២យប់ ដោយគេបានស្រែកច្រៀងនូវបទចម្រៀងដែលមានន័យនយោបាយដោយនៅក្នុងដៃកាន់ឆត្របាំង ហើយដែលបានក្លាយទៅជាមិនិត្ដសញ្ញានៃចលនាប្រជាធិបតេយ្យនៃទីក្រុងហុងកុងទៅហើយនោះ។ មនុស្សមួយចំនួននៅក្នុងហ្វូងមនុស្សដែលធ្វើបាតុកម្មប្រឆាំងតវ៉ានោះមានទាំងពាក់មួកតាណូអែល (សាន់តាក្លូស) ហើយបានស្រែកអាក្រោសថា ខ្ញុំចង់បានលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវមួយជាភាសាចិនកាតាំង។
ក្រុមបាតុករនោះ ដឹកនាំមួយផ្នែកដោយតារាចម្រៀងហុងកុងមួយរូបដែលគេស្គាល់ច្បាស់ឈ្មោះនាង Denise Ho ដែលរងការចាប់ខ្លួនកាលពីខែនេះ នៅពេលប៉ូលិសធ្វើការបោសសម្អាតនៅកន្លែងធ្វើការប្រឆាំងតវ៉ាមួយក្នុងសង្កាត់ Admiralty។
សេចក្ដីប្រកាសព័ត៌មានរបស់ប៉ូលិសបានលើកយកមកនិយាយថា ប៉ូលិសគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការនិយាយ និងសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំជាសាធារណៈ ប៉ុន្ដែបានព្រមានចំពោះក្រុមអ្នកប្រឆាំងតវ៉ាថា គួរតែបញ្ឈប់កុំឲ្យមានការដឹកនាំប្រជុំជាអង្គមិទ្ទីងជាសាធារណៈ និងការហែជាក្បួននៅតាមដងផ្លូវ ជាមួយនឹងការកាន់កាប់ចល័តនៅទីសាធារណៈ៕

0 Comments