Ad Code

សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវបាន​បណ្តេញចេញ​ព្រោះតែ​ហាន​រិៈគន់​ថ្នាក់ដឹកនាំ​ខ្លួនឯង




ភ្នំពេញ ​៖ សមាជិក​គណៈកម្មាធិការ​នាយក​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អតីតភាព​ប្រមាណ​២០​ ឆ្នាំ​ហើយ​ទើបតែ​ទទួល​បាន​តួនាទី​ជា​ជំនួយការ​លោក​អនុប្រធាន​បក្ស​នោះ ត្រូវ​បាន​គណៈកម្មការ​វិន័យ​សម្រេច​បណ្តេញ​ចេញពី​គណបក្ស តាមរយៈ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ដោយសារតែ​ហាន​បញ្ចេញ​រឿងអាស្រូវ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ទៅកាន់​អ្នកសារព័ត៌មាន។
ការសម្រេច​បញ្ចប់​សមាជិក​​ភាព​នេះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ដោយបាន​បញ្ជាក់ថា "​បញ្ចប់​សមាជិកភាព​លោកស្រី ឡាក់ សុភាព ពី​គណបក្ស​សង្គ្រោះ​ជាតិ​" ហើយ​ការបញ្ចប់​សមាជិកភាព​នេះ ដោយសារតែ​លោកស្រី ឡាក់ សុភាព មិនបាន​បកស្រាយ​បំភ្លឺ​សម្តី​របស់​ខ្លួន​ទៅកាន់​អ្នកសារព័ត៌មាន​វិញ ក្រោយពី​លោកស្រី​បាន​បញ្ចេញ​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ​ឲ្យ​អ្នកសារព័ត៌មាន ប៉ុន្តែ​ការ​សម្រេច​នោះ លោកស្រី ឡាក់ សុភាព អះអាងថា មិន​ត្រឹមត្រូវ​តាម​នីតិវិធី និង​មាន​ភាពអយុត្តិធម៌។

លោកស្រី ឡាក់ សុភាព បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ នៅខាងមុខ​វិមាន​រដ្ឋសភា​ថា លោកស្រី​មានការ​ចាប់អារម្មណ៍​មួយ ដោយ​ឃើញ​ថា ប្រធាន​គណៈកម្មការ​វិ​ន័យ​ជា​អ្នក​សម្រេច​ម្នាក់ឯង​បែបនេះ ពីព្រោះ​លោកស្រី​ជា​សមាជិក​គណៈកម្មាធិការ​នាយក បើ​ត្រូវ​បញ្ឈប់​ត្រូវធ្វើឡើង​ដោយ​អង្គ​សមាជ​បោះឆ្នោត​សម្រេច​ ដូច្នេះ​ការ​សម្រេច​ដក​ដូច្នេះ​មាន​ភាពអយុត្តិធម៌ បើសិន​ចង់​បញ្ឈប់ គឺ​ត្រូវ​ប្រធាន​គណបក្ស​ជា​អ្នក​កោះ​ប្រជុំ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងអស់ ដើម្បី​ធ្វើការ​បោះឆ្នោត​សម្រេច​ដក ទើបត្រូវ​តាម​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​លោក​ស្រី​ប្រកាស​ថា នឹង​ប្តឹង​ទៅ​ស្ថាប័ន​គណបក្ស​បន្តទៀត ដើម្បី​រក​យុត្តិធម៌។

លោកស្រី ឡាក់ សុភាព បាន​បញ្ជា​ក់ថា "​អ្វី​ដែលជា​បញ្ហាសំខាន់​ក្នុងនាម​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក និង​ជា​ស្ថាបនិក​ក្នុង​ផ្នែក​នយោបាយ​២០ ឆ្នាំនេះ ខ្ញុំ​មិន​ដើរ​ចេញពី​គណបក្ស​នយោបាយ ហើយ​ខ្ញុំ​នៅ​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ដដែល​...​។ ដោយសារ​ការបញ្ឈប់​ដោយ​លោក អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ ជួស​គណៈកម្មាធិកា​រវិ​ន័យ​នេះ គ្មាន​ស្របច្បាប់ អយុត្តិធម៌​សម្រាប់​រូបខ្ញុំ ហើយ​ខ្ញុំ​មិន​ដើរ​ចេញពី​គណបក្ស។ ខ្ញុំ​សូម​ឲ្យ​បងប្អូន​បង្វែរ​មក​មើល​បញ្ហា​នេះ ដែល​គេ​បាន​ចោទ​ខ្ញុំ​ថា ខ្ញុំ​បាន​និយាយ​ថា លោក​ប្រធាន សម រង្ស៊ី យកលុយ​៤០ លាន​បាន​២០ លាន នៅ​២០ លាន​នោះ ​មិនមែន​ជា​រឿង​ពិត​ទេ គឺ​លោក​អនុប្រធាន កឹម សុខា បាន​លើក​នៅក្នុង​អង្គប្រជុំ ហើយ​បាន​ទម្លាក់​កំហុស​មកលើ​រូបខ្ញុំ រឿង​អស់​ទាំងនេះ​លោក​ទាំងពីរ​ជា​អ្នកលេង​បាល់ ហើយ​ចុងក្រោយ​លោក​ទាំង​ពីរ​បាន​ទាត់​បាល់​មក​ឲ្យ​ខ្ញុំ​ទប់ ដែល​ហាក់បីដូចជា​ឲ្យ​ខ្ញុំ​ទទួលថ្មបាក់​អីចឹង ​​​​​​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ រឿង​របស់​អស់លោក​ជា​មេដឹកនាំ​ទេ ខ្ញុំ​អត់​ដឹងអី​ទាំងអស់ ហើយ​ក្រោយពី​ការប្រជុំ​គណៈកម្មាធិការ​នាយក​រួច ថែមទាំង​បិទ​អង្គប្រជុំ​តែម្តង​មិន​ឲ្យ​ខ្ញុំ​បកស្រាយ​បំភ្លឺ​ជូន​អង្គប្រជុំ​ឡើយ​"​។​

លោកស្រី ឡាក់ សុភាព បានបញ្ជាក់​ទៀតថា "​នេះ​គឺ​រឿង​ពិត លោក​អនុប្រធាន កឹម សុខា គាត់​បានលើកឡើង ហើយ​បាន​បាញ់​ចំពោះ​ខ្ញុំ គាត់​និយាយ​ឈ្មោះ​ខ្ញុំ​បញ្ចេញ​សំឡេង​លើកឡើង​នៅក្នុង​ប្រជុំ​ថា លោកស្រី ឡាក់ សុភាព ហ្នឹង បាន​លើកឡើងថា លោក​ប្រធាន សម រង្ស៊ី ហ្នឹង​បានទទួល​លុយ​៤០ ម៉ឺន​ដុល្លារ ឥឡូវ​ទទួល​បាន​២០ លាន​នៅសល់​២០ លាន ពេល​នោះ គឺ​ខ្ញុំ​ភ្ញាក់​តែម្តង ដោយ​ខ្ញុំ​អត់​មាន​ដឹងអី​ទាំងអស់​។ អីចឹង​ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ខ្ញុំ​អត់​មានបាន​បំប៉ោង​រឿង​ពុករលួយ​ចំពោះ​មេដឹកនាំ​ទេ ហើយ​អ្វី​ទាំងអស់ គឺ​គាត់​បាន​លើកឡើង​នៅក្នុង​អង្គប្រជុំ​ចំពោះ​រូបខ្ញុំ​ផ្ទាល់​តែម្តង​​ ហើយ​រឿង​នោះ គឺជា​រឿង​មិន​ទុកចិត្ត​គ្នា​រវាង​មេដឹកនាំ​ទាំងពីរ​យ៉ាងម៉េច​ក៏​ខ្ញុំ​មិនដឹង​ដែរ ហើយ​បែរជាយក​រឿង​ខ្ញុំ​ទៅ​ដាក់ជំនួស​ទៅវិញ។ ខ្ញុំ​អត់​បាន​ជម្រាប​ទៅ​លោក កឹម សុខា ថា​លោក សម រង្ស៊ី ទៅយក​លុយ​ពី​ខាង​ណាៗ ខ្ញុំ​អត់​មានបាន​ជម្រាប​ទាល់តែសោះ​សូម​បដិសេធ​"​។​

ដោយឡែក​ចំពោះ​សំណួរ​ថា មាន​បញ្ហា​អំពើពុករលួយ​យក​លុយ​ពី​ក្រុម​ចរចា​នោះ លោកស្រី ឡាក់ សុភាព បាន​បញ្ជាក់​ថា រឿងនេះ​សូហ្វ័រឡាន​របស់​លោក សម រង្ស៊ី ប្អូនប្រុស​ហ្នឹង​គាត់​និយាយ​ប្រាប់​ខ្ញុំ ថា​ក្រុម​ចរចា​ហ្នឹង​ទៅយក​លុយ​ពី​គណបក្ស​ប្រជាជន ហើយ​គាត់​បាន​ប្រាប់​ថា កុំ​ឲ្យ​ខ្ញុំ​និយាយ។ គាត់​និយាយ​ហ្នឹង​មាន​ហេតុផល​ទៀតថា ​មាន​គេ​តេ​ឡេ​ហ្វូ​ន​មក​លោក​ប្រធាន សម រង្ស៊ី ហើយ​លោក​ប្រធាន សម រង្ស៊ី កំពុងតែ​អង្គុយ​ក្នុង​ឡាន ហើយ​លោក សម រង្ស៊ី មិន​នឹកស្មានថា កូនចៅ​គាត់​បែប​ហ្នឹង​ទាល់តែសោះ នេះ​ជា​ការ​និយាយ​ស្តី​របស់​តា​កុង​ឡាន​ប្រាប់​ខ្ញុំ​"​។

ទោះបី​មានការ​បញ្ឈប់​ដោយ​អយុត្តិធម៌​បែបនេះ​ក្តី លោកស្រី ឡាក់ សុភាព មិនមាន​បំណង​ទៅ​ចូលរួម​ជាមួយ​​គណបក្ស​ណាមួយ ឬ​បណ្តាញ​ណាមួយ​នោះទេ។ ចំពោះ​ការចូលរួម​ប្រជុំ​ជាមួយ​បណ្តាញ​របស់​លោក កែម ឡី នោះ​លោកស្រី​អះអាង​ថា ជា​សិទ្ធិ​សេរីភាព​របស់​លោក​ស្រី ដើម្បី​យកគំនិត​ល្អៗ​សម្រាប់​ចុះទៅ​មូលដ្ឋាន ចែកចាយ​ទៅដល់​សកម្មជន​មូលដ្ឋាន​។

ទាក់ទង​នឹង​ការលើកឡើង​នេះ លោក អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ ប្រធាន​គណៈកម្មកា​រវិ​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ បន្ទាប់ពី​បញ្ចប់​សន្និសីទ របស់លោក​ស្រី ឡាក់ សុភាព​ថា ការ​លើកឡើង​របស់លោក​ស្រី ឡាក់ សុភាព ជា​ការ​មិនពិត ពីព្រោះ​សមាជិក​គណៈកម្មកា​រវិ​ន័យ​គណបក្ស​មិនអាច​ចុះហត្ថលេខា​លើ​ក្រដាស​ទាំងអស់គ្នា​បានទេ ហើយ​ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មការ​វិន័យ លោក​មាន​សិទ្ធិ​ចុះហត្ថលេខា​បញ្ចប់​សមាជិក​ភាព​បាន ហើយ​បើ​សាមីខ្លួន​មិន​ពេញចិត្ត ឬ​មិនអាច​ទទួលយកបាន គឺ​ត្រូវ​តវ៉ា​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​បន្តទៀត នៅពេលនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នឹង​សម្រេច​ម្តងទៀត​។​

សូមបញ្ជាក់ថា ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ លោកស្រី ឡាក់ សុភាព បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​នៅពេល​ចូលរួម​ពិធី​មួយ ដែល​រៀបចំ​ដោយ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃនេះ​កំពុង​ប្រេះឆា​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ហើយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សព្វថ្ងៃនេះ ជា​មេដឹកនាំ​ពុករលួយ ដែល​មិន​អាច​ឲ្យ​កូនចៅ​ជឿជាក់​បាន។ លោកស្រី​បាន​បញ្ជាក់​យ៉ាង​នេះ​ថា "​ខ្ញុំ​ត្រូវ​ទៅ​ប្រទេស​បារាំង​សិន ដើម្បី​ទៅ​ជួប​អ្នក​ស្ប៉នស៊ឺ​នៅ​ទីនោះ ហើយ​នៅ​ពេល​ត្រឡប់មកវិញ ខ្ញុំ​នឹង​ជួប​ជាមួយ​បងប្អូន​ទាំងអស់គ្នា សូមមេត្តា​អធ្យាស្រ័យ​ទាំងអស់គ្នា តែ​ខ្ញុំ​និយាយ​គេ​ដេញ​ខ្ញុំ​ចេញ​ហើយ តែ​ខ្ញុំ​ចង់​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ថា​គាត់​កែ ឬ​មិន​កែ​រយៈ​ពេល​ខាង​មុខ​ហ្នឹង យ៉ាងយូរ​ខែ​៥ ទេ នឹង​មាន​ការប្រជុំ​គណៈកម្មាធិការ​នាយក ក៏​ដូចជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អី ក្រោយពី​ការរៀបចំ​កិច្ចការ​បោះឆ្នោត​ហើយ គឺ​នឹង​មានការ​ប្រកាសឡើង ពេលនោះ​ចង់​មិន​ចង់ ខ្ញុំ​នឹង​ជួប​សារព័ត៌មាន ខ្ញុំ​អត់​ភ័យ អត់​លាក់លៀម​ទេ ពីព្រោះ​ខ្ញុំ​ធ្វើ​ដើម្បី​បុព្វហេតុ​ខ្មែរ ដើម្បី​ឈាម​ខ្មែរ​ដូចគ្នា​។ បញ្ហាសំខាន់​ដើម្បី​ជាតិ ខ្ញុំ​ត្រូវ​ចោល​កូន​នៅ​សហរដ្ឋអាមេរិក​… "​។

លោកស្រី​បញ្ជាក់ទៀត​ថា "​ការតស៊ូ​របស់ខ្ញុំ​ជា​ស្ត្រី​ជាង​២០ ឆ្នាំ​ហើយ អីចឹង​ខ្ញុំ​មិនដែល​ទាមទារ​អំណាច​ពី​បុគ្គល​ណា​ទេ ហើយ​ការ​បាន​ដោយ​មិន​ចំ​ជំនាញ​របស់​យើង ក៏​យើង​មិន​រីករាយ ក៏​យើង​មិន​ស្វាគមន៍​ដែរ ពីព្រោះ​យើង​គិតថា ផល​ប៉ះពាល់​សង្គម​នាពេល​កន្លងមក គឺ​ពលរដ្ឋ ដែលជា​ម្ចាស់​អំណាច​ជា​អ្នករងគ្រោះ ដោយសារ​មេដឹកនាំ​ជាច្រើន​ជំនាន់ ដូច្នេះ​ចាំ​ខ្ញុំ​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​វិញ ខ្ញុំ​នឹង​លាតត្រដាង​ហើយ​ខ្ញុំ​នឹង​ដើរ​ចេញ ហើយ​មុន​ដើរចេញ​ខ្ញុំ​ធ្វើ​សន្និសីទកាសែត ហើយ​អ្វីដែល​ថ្មី​ទៀត​ហ្នឹង ការដែល​គាត់ (​លោក សម រង្ស៊ី​) ទៅ​ប្រទេស​បារាំង​ហ្នឹង ដោយសារ​មាន​ភាព​ចម្រូងចម្រាស​គ្នា​ធ្ងន់ធ្ងរ គឺ​អត់​មាន​ស៊ី​សង្វាក់​គ្នា​ទេ ចង់​និយាយ​ថា ទាំង​នៅក្នុង​ប្រទេស និង​ក្នុងប្រទេស​ក៏​ដូច​តែ​គ្នា​ទេ គឺមាន​ការបែងចែក​អំណាច អ្នក​ដែល​ធ្វើការ​ច្រើន​ហើយ មានការ​ប្រកាន់​អ្នក​ជាប់ ​អ្នក​អត់​ជាប់ ចឹ​ង​ការរើសអើង​វា​ផុយស្រួយ​នៃ​ការបែកបាក់​នៅក្នុង​គណ​បក្ស​តែម្តង​។

លោកស្រី ឡាក់ សុភាព លើកឡើង​ទៀតថា "​ខ្ញុំ​បានលើកឡើង​នៅក្នុង​អង្គប្រជុំ​ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​គណបក្ស នៅក្នុង​គណៈកម្មាធិការ​នាយក ចឹ​ង​ខ្ញុំ​សុំ​អង្វរ​គាត់​កុំ​ឲ្យ​ធ្វើ តែ​ធ្វើ​បែកបាក់ គឺ​បែកបាក់​មែន វា​ផុយស្រួយ ពីព្រោះ​យើង​មិនទាន់​រឹងមាំ​ផង យើង​ទៅ​បោះឆ្នោត​មូលដ្ឋាន គាត់​ដឹង​ហើយ​ដោយសារ​សិទ្ធិមនុស្ស ភ្លើង​ទៀន សម រង្ស៊ី ដល់​បោះ​ហែក​ចែក​គ្នា​ចេញ គាត់​ថាបើ​ធ្វើ​អីចឹង​វា​ត្រូវតែ​បែក ត្រូវតែ​រលាយ ហើយ​សំ​ខាន់​វារ​លាយ​គណបក្ស ហើយ​អស់លោក ជាតិៗ​ខ្មែរ​ទាំងមូល​​​នឹង​រលា​យ ដោយសារ​មេដឹកនាំ​…​។ កន្លងមក​កាលពី​ថ្ងៃទី​៥ លោក កឹម សុខា ប្រជុំ​គណៈកម្មាធិការ​នាយក ​គាត់​បាញ់​រឿង​លុយ​៣០-៤០ លាន​ដុល្លារ​ឯណា ដែល​លោក សម រង្ស៊ី បាន​ទទួលយក ឥឡូវ​បាន​២០ លាន​នៅសល់​២០ លាន​ដុល្លារ​។ អីចឹង​នេះ​ជា​ចំណែក​មួយ​អត់​ចូលរួម​សង្គម ដែល​មាន​មេដឹកនាំ​ពុករលួយ​បែបនេះ​បានទេ​"៕

Post a Comment

0 Comments

Close Menu