Ad Code

ប្រទះឃើញ​សព​ជន​វិកលចរិត​លង់ទឹក​ស្រះ​ស្លាប់ ប្រជាពលរដ្ឋ​បាន​នាំគ្នា​យក​មក​ធ្វើបុណ្យ​



ភ្នំពេញ ៖ ជន​វិកលចរិត​ដែល​គេ​តែងតែ​ឃើញ​ដើរ​នៅក្នុង​ភូមិ ​ក្រោយពី​បាត់​ខ្លួន​ពីរ​បី​ថ្ងៃ​ ស្រាប់តែ​គេ​ប្រទះឃើញ​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធម៌​បំផុត​ ដោយមាន​ការ​អាណិតអាសូរ ​ព្រោះ​ជន​វិកលចរិត​ម្នាក់​នេះ​មាន​លក្ខណៈ​ស្លូតបូត ​មិនដែល​រករឿង​ធ្វើបាប​អ្នកណា​សោះ​នោះ ​ទើប​ប្រជាពលរដ្ឋ​និង​កងកម្លាំង​៩១១​នាំគ្នា​ធ្វើ​បុណ្យ​បញ្ជូន​កុសល​ជូន​ដល់​សព​ជន​វិកលចរិត​រូប​នេះ។​

គេ​បាន​ប្រទះឃើញ​សព​ជន​វិកលចរិត​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​៣១​ ខែធ្នូ ​ឆ្នាំ​២០១៤​ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​តាសេក ​សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សេន​ជ័យ។ ជនរងគ្រោះ​មានឈ្មោះ​វី​ ភេទ​ប្រុស ​អាយុ​ជាង​៤០​ឆ្នាំ​ មិន​មាន​ទីលំនៅ​ពិតប្រាកដ​តែង​ដើរ​នៅក្នុង​តំបន់​ខាងលើ​ ហើយ​ឧស្សាហ៍​រែង​ទឹក​ និង​ដើរ​បេះ​ត្រកួន ​ព្រលិត​ឲ្យ​គេ​មិនមែន​យក​ទៅ​លក់​ទេ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​បុរស​វិកលចរិត​រូប​នេះ​មិនដែល​រករឿង​និយាយ​ជេរ​បញ្ចោរ​អ្នកណា​ទេ​ ពោល​គឺ​គាត់​មាន​សភាព​ស្លូតបូត គេ​តែង​ឃើញ​គាត់​ទៅផ្ទះ​ផ្ទះ​អ្នកណា​រែង​ទឹក​ឲ្យ​អ្នកនោះ បេ​ល​ដើរ​ បេះ​ត្រកួន ​ព្រលិត​ បាន​យក​ទៅ​ឲ្យ​អ្នកភូមិ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃនេះ​គេ​មិនដែល​ឃើញ​បុរស​នេះ​ដើរ​ទៀត​ទេ​ ដោយ​ម្នាក់​នឹក​ស្មាន​ថា​ ប្រហែលជា​គាត់​ចល័ត​ទៅ​កន្លែង​ផ្សេងៗ​ទៀត។​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៣១ ​ខែធ្នូ​នេះ ​ស្រាប់តែ​គេ​ឃើញ​សព​ជន​វិកលចរិត​នេះ​បាន​ស្លាប់​អណ្ដែត​ទឹកស្រះ​ទៅវិញ ដែល​ភាគច្រើន​គេ​សន្និដ្ឋាន​ថា​ ពេល​គាត់​ចូល​ងូតទឹក​ស្រះ​ឫ​បេះ​ត្រកួន​ព្រលិត​ជា​ដើម​នោះ ​ទើប​បណ្ដាល​ឲ្យ​គាត់​លង់ទឹក​ស្លាប់​បែបនេះ​តែ​ម្ដង​ទៅ។​

ចំពោះ​ការ​ស្លាប់​នេះ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​ទ័ព​ ពិសេស​ឆ័ត្រ​យោង​៩១១​បាន​ស្រង់​ចេញពី​ទឹកស្រះ ​រួច​នាំគ្នា​ធ្វើបុណ្យ​បញ្ជូន​កុសល​ឲ្យ​សព​ជន​វិកលចរិត​នៅ​នឹង​មាត់​ស្រះ​នោះ​តែម្ដង​ដោយ​មិនបាច់​ឲ្យ​លំបាក​ដល់​សមត្ថកិច្ច​ឡើយ៕

Post a Comment

0 Comments

Close Menu