Ad Code

មន្ត្រីជាន់ខ្ពស់​ចិន ៖ ការរីកចម្រើន​ជា​វិជ្ជមាន​របស់​កម្ពុជា​គឺជា​កត្តា​នាំឱ្យ​ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​


ភ្នំពេញ ៖ ឯកឧត្តម យ៉ាង ជី​ឈី (Yang Jiechi) ទីប្រឹក្សា ​រដ្ឋ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងថា ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជា​កត្តា​ដែលនាំឱ្យ​ប្រទេស​ចិន​នឹង​បន្ត​ជួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​ ជាច្រើន​ទៀត​។​ លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ ឯកឧត្តម យ៉ាង ជី​ឈី បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​ឯកឧត្តម​សូម​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្តង ព្រោះ​ឯកឧត្តម​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​ចំពោះ​ការរីកចម្រើន ជា​វិជ្ជមាន​របស់​ប្រទេស​កម្ពុជា ដែល​ក្នុងន័យនេះ​ភាគី​ចិន នឹង​បន្ត​ជួយ​ដល់​កម្ពុជា​បន្តទៅទៀត ពិសេស​ការសហការ​គ្នា​លើ​វិស័យ​កសិកម្ម ធនធានទឹក ទូរគមនាគមន៍ ការពារជាតិ ការអនុវត្ត​ច្បាប់ និង​សហការ ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ភេ​វក​ម្ម និង​ការជួយ​ពង្រឹង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​ ​ឯកឧត្តម យ៉ាង ជី​ឈី បាន​ជម្រាបជូន​សម្តេច​តេ​ជោ​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ​លើក​ទី​២ ដែល​ភាគី​ទាំងពីរ​បានធ្វើ​ការពិនិត្យ និង​ពិភាក្សាគ្នា​ទៅលើ​អ្វី ដែល​បាន​អនុវត្តន៍ និង​សហការ​នាពេល​កន្លងមក ពិសេស​បានដាក់​ចេញ​នូវ​ផែនការ​ការងារ​មួយចំនួនទៀត ដើម្បី​សហការគ្នា​ត​ទៅមុខទៀត ។​ ​ ​ឯកឧត្តម យ៉ាង ជី​ឈី មានប្រសាសន៍​បន្តថា ឯកឧត្តម​មាន​ក្តីសប្បាយ​រីករាយ​ខ្លាំងណាស់ ចំពោះ​ការផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ ទាំងពីរ ។​ ​ ​ចំពោះ ​សំណើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​បានស្នើ​ដល់​ភាគី​ចិន​ក្នុង​ការជួយ​ដល់​ភាគី​កម្ពុជា ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​នោះ ឯកឧត្ដម​នឹង​លើក​ទៅជូន​ថ្នាក់ដឹកនាំ​ចិន ដើម្បី​ធ្វើការ​ពិចារណា ។ ឯកឧត្តម​ក៏បាន​ធ្វើការ​គូសបញ្ជាក់​ដែរ​ថា ភាគី​ចិន នឹង​បន្ត​លើកទឹកចិត្ត​ដល់​អ្នកទេសចរ និង​ពាណិជ្ជករ​ចិន​មក​ធ្វើ​ទស្សនកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ពិសេស​គាំទ្រ​ឱ្យមាន​ការហោះ ហើរ​ត្រង់​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​ផង​។

សម្តេចនាយក ​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​របស់​គណៈកម្មាធិកា​រ​អន្តររដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា​-​ចិន ដែល​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ ចំពោះ​ភាគី​ចិន ដែលជា​ដរាប​រៀងមក​តែងតែ​យកចិត្តទុកដាក់​បំផុត​ចំពោះ​ព្រះរាជសុខភាព​របស់​ស​ ម្តេច​ម៉ែ និង​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា​នោះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា ការផ្លាស់ប្តូរ នូវ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន គឺជា​កត្តា​សំខាន់​ក្នុង​ជំរុញ​ទំនាក់ទំនង ការអនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ទ្វេ​ឡើង​ថែម ទៀត សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕​

Post a Comment

0 Comments

Close Menu