កំពង់ឆ្នាំង ៖ ស្ត្រីចំណាស់ញៀនបៀចំនួន៣នាក់ ក្នុងចំណោមអ្នកលេងល្បែងបៀតងជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងក្រុងកំពង់ឆ្នាំងព័ទ្ធចាប់ខ្លួនបាននៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ នៅក្នុងផ្ទះមួយខ្នងស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។
លោកអធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ម្ចាស់ផ្ទះដែលញៀននឹងល្បែង ហើយបើកដៃឲ្យគេលេងល្បែងបៀតងជារៀងរាល់ថ្ងៃនោះឈ្មោះផល ធូ អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំ ខាងលើ ចំណែកស្ត្រីម្នាក់ទៀត ឈ្មោះ សំ ធី អាយុ៤៧ឆ្នាំ។ ដោយមានសេចក្តីរាយការណ៍ថានៅផ្ទះខាងលើមានលេងល្បែងបៀតង (បៀចិន) ជារៀងរាល់ថ្ងៃ លោកបានទទួលការបញ្ជារឲ្យនគរបាលផ្នែកព្រហ្មទណ្ឌចុះទៅពិនិត្យមើល ហើយក៏បានប្រទះឃើញមនុស្សស្រីៗជាច្រើននាក់កំពុង លេងបៀតងមែន ពេលនោះគ្រាន់តែឃើញសមត្ថកិច្ចនគរបាលទៅដល់ ស្រីៗដែលមានកម្លាំងរត់ប្រសាច គេច ខ្លួនអស់ នៅសល់តែស្រី្តចំណាស់ៗចំនួន៣នាក់ ក្នុងនោះម្នាក់ចាស់ពេកមិនបានយកមកកាន់អធិការដ្ឋាននគរបាលក្រុងបានទេគឺយកបានតែឈ្មោះ២នាក់ខាងលើប៉ុណ្ណោះ និងវត្ថុតាងមានកម្រាលក្រាលលេងបៀតង ឈើមានដោតកៅស៊ូទ្រនាប់ជើង សម្រាប់កាវបៀតងជាច្រើនដើម ធុងទឹកកក និងបៀតងជាច្រើនសន្លឹក។
លោកបានឲ្យដឹងទៀតថា នៅពេលយកមកដល់អធិការដ្ឋាននគរបាលក្រុង ស្ត្រីឈ្មោះ ផល ធូ ម្ចាស់ផ្ទះមានជំងឺលើសឈាមបានរើឡើងវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងធ្វើឲ្យមន្ត្រីនគរបាលព្រួយបារម្ភពីសុខភាពរបស់ស្ត្រីរូបនោះយ៉ាងខ្លាំង ក៏បានសុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយក៏បានឲ្យស្ត្រីទាំង២នាក់ត្រឡប់ទៅផ្ទះវិញ តែបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពលេងបៀ និងមិនអនុញ្ញាតបើកឲ្យគេលេងល្បែងបៀតងនេះនៅក្នុងផ្ទះខ្លួនជាបន្តទៀតទេ។
ល្បែងស៊ីសងនៅក្នុងក្រុងកំពង់ឆ្នាំងនៅមានច្រើនកន្លែងទៀតដោយលេងលួចលាក់និងដោយសារកាឃុបឃិតពីមន្ត្រីខិលខូចមួយចំនួន សមត្ថកិច្ចពុំទាន់បានបង្ក្រាបឲ្យអស់នៅឡើយ ទាំងកន្ទុយលេខ ទាំងលេងបៀរផែ បៀតង និងទាំងល្បែងជល់មាន់ជាដើម។ រឿងនេះល្មមដល់ពេលស្រាវជ្រាវចាត់ការហើយ បើទុកយូរពិតជាកើតមានចោរកម្មច្រើននៅក្នុងក្រុងមិនខានឡើយ៕

0 Comments