កណ្ដាល ៖ ជនសង្ស័យជាអ្នកសកម្មក្នុងការចែកចាយនិងសេពគ្រឿងញៀនពីរនាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍បែកចាន បានចុះទៅឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងសេពគ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំបែកចានរបស់ខ្លួន ខណៈពេលជនសង្ស័យកំពុងជិះម៉ូតូចូលទៅក្នុងផ្ទះរបស់ខ្លួន។
ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នៅចំណុចផ្លូវលំ ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។ ជនសង្ស័យទាក់ទងថ្នាំញៀននេះបុរសជាប្ដីមានឈ្មោះ ហុក ម៉ាលីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល និងស្រី្ដជាប្រពន្ធមានឈ្មោះ ដុស ស្រីណូ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។
ការឃាត់ខ្លួននេះនគរបាលដកហូតបានថ្នាំញៀន០៣កញ្ចប់ និងប្រភេទម៉ាទឹកកក០២កញ្ចប់ ទូរស័ព្ទដៃចំនួន១៦គ្រឿងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងម៉ូតូម៉ាកហុងដាគុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខង៤៦៦៦ភព១ចំនួនមួយគ្រឿង។
តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយយោងតាមការលើឡើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិមនោរម្យដែលបានចូលរួមនៅក្នុងកម្មវិធីវេទិកាសាធារណៈកាលពីពេលកន្លងទៅថ្មីៗនេះអំពីបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់ធ្វើសមត្ថកិច្ចបានបន្ថែមការតាមដាន និង បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក៏ដូចជាបញ្ហាគ្រឿងញៀននេះដែរ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ កាលពីយប់កើតហេតុនគរបាលបានដាក់កម្លាំងមានឯកសណ្ឋានជាស៊ីវិលចូលទៅតាមឃ្លាំចាំមើលក្រុមជនខិលខូចមួយចំនួន និងបានឃាត់ឆែកឆេរនូវជនសង្ស័យមួយចំនួន ជាមួយគ្នានោះដែរជនសង្ស័យខាងលើបានធ្វើដំណើរមកដល់ពេលឃើញមានកម្លាំងបង្កប់ច្រើនគេបានផ្ដួលម៉ូតូរត់នៅពេលតាមចាប់បានឆែកឆេរក្នុងកែបម៉ូតូទើបឃើញវត្ថុតាងជាថ្នាំញៀនបែបនេះតែម្ដង និងបានកសាងឯកសារបញ្ជូនទៅតុលាការចាត់តាមនីតិវិធី៕
វិទូ

0 Comments