បាត់ដំបង ៖ ជនរងគ្រោះ០២នាក់ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នានោះ បានរងរបួសរហូតដាច់ប្រអប់ដៃម្ខាងធ្លាក់ដល់ដី បន្ទាប់ពីមានជំលោះជាមួយនឹងបងប្អូនជីដូនមួយ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៥និង១០នាទីល្ងាច ត្រង់ចំណុចវាលប្រលាន ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ហើយត្រូវជនបង្កទាញកាំបិតផ្គាក់កាប់ទាំងកម្រោលតែម្តង។
តាមការឲ្យដឹងពីលោក ម៉ែន រីម អធិការរងនគរបាលស្រុកសំឡូតបានបញ្ជាក់ថា កាលពីថ្ងៃត្រង់ នាថ្ងៃកើតហេតុខាងលើជនបង្កឈ្មោះ សេង សីហា ភេទប្រុស អាយុ២០ឆ្នាំ មានប្រពន្ធទើបនឹងសម្រាលកូនបាន០២ខែ បានទំនាស់គ្នាបន្តិចបន្តួចរួចក៏មានការស្ងប់ស្ងាត់។
លោកអធិការរងបានបន្តថា លុះដល់ពាលល្ងាច០២នាក់ប្ដីប្រពន្ធដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយមានផ្ទះនៅជាប់គ្នាផងនោះ បានមកអង្គុយលេង ព្រមទាំងបាននិយាយស្តីប្រដៅ រហូតដល់មានការដៀមដាមផ្លែផ្កាឲ្យជនសង្ស័យ មិនត្រឹមតែប៉ុណ្ណោះទេ ពាក្យសំដីនេះបានជ្រុលជ្រួសរហូតដល់ដៀលប្រមាថដល់ឪពុកម្តាយគេថែមទៀតផង។
ដំបូងឡើយ ទោះបីជាបងប្អូនជីដូនមួយរូបនោះនិយាយយ៉ាងណាក៏យុវជន សេង សីហា មិនតបដែរ គឺគេគិតតែអង្គុយធ្វើម៉ូតូធ្វើមិនដឹង ប៉ុន្តែយូរៗទៅដូចជាមានសម្ពាធកាន់តែធ្ងន់ឡើងៗណាមួយមិនទាន់ស្វាងពីស៊ីការគេពីថ្ងៃផង ទើបយុវជនរូបនេះងើបស្ទុះទៅទាញយកកាំបិតផ្គាក់ដែលមាន
ដងយ៉ាងវែងផងនោះដើរតម្រង់ទៅកាប់លើប្ដីប្រពន្ធនេះតែម្តង។ ដោយកាប់មួយកាំបិតដំបូងត្រូវបានប្ដីលើកដៃរងក៏ត្រូវរបួសត្រង់ដៃ និងក្បាល ប៉ុន្តែពេលដែលកាប់លើកទីពីរ ស្ត្រីដែលត្រូវជាប្រពន្ធ
និងត្រូវជាបងប្អូនជីដូនមួយនោះ បានរត់ចូលមកលើកដៃរងទើបបណ្ដាលឲ្យផ្លែកាំបិតពុសច្រៀក
ចូលត្រង់ចន្លោះកូនដៃ ហើយរយះដាច់ប្រអប់ដៃធ្លាក់ដល់ដីតែម្តង ដោយបន្សល់តែកូនដៃមួយប៉ុណ្ណោះ ដែលនៅជាប់នឹងកដៃ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅចំណុចកើតហេតុ ព្រមទាំងបានឃាត់ខ្លួនជនបង្កយកមកកាន់អធិការដ្ឋាន ដោយសារតែជនបង្កមិនបានរត់គេចទៅណានោះទេ ចំណែកប្ដីប្រពន្ធដែលរងរបួសយ៉ាងធ្ងន់ធ្ងរនោះក៏ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ព្រោះមានឈាមហូរខ្លាំងពេក។ បច្ចុប្បន្នពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា និង មានអាវុធនេះ សមត្ថកិច្ចបានរៀបចំបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាមផ្លូវច្បាប់ហើយ៕
សោ និយមរ័ត្ន
0 Comments