ភ្នំពេញ ៖ ដើម្បីរក្សាសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងវិថីសហព័ន្ធរុស្ស៊ីឲ្យបានល្អប្រសើរនោះ លោក សេង គន្ធ អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០១៥ បានដឹកនាកម្លាំងចុះទៅរុះរើ និងកាត់ចេញនូវផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីចំណុចមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់រង្វង់មូលចោមចៅ។
លោក សេង គន្ធ បានឲ្យដឹងថា ការចុះមកកាត់ស្លាកយីហោផ្សាយពាណិជ្ជកម្មទាំងនេះ គឺដោយសារអាជ្ញាធរពិនិត្យឃើញថា ស្លាកយីហោទាំងនោះគេដាក់ធ្វើឲ្យប៉ះពាល់ដីចិញ្ចើមផ្លូវសាធារណៈ និងម្យ៉ាងទៀតម្ចាស់ប៉ាណូទាំងនោះពេលដាក់មិនបានសហការជាមួយអាជ្ញាធរនោះទេ មានម្ចាស់ប៉ាណូមួយចំនួនគាត់ដាក់ធ្វើយ៉ាងណាឲ្យតែបានៗ និងបម្រើផលប្រយោជន៍ដល់អង្គភាពក្រុមហ៊ុនរបស់គាត់ ដោយមិនបានគិតគូរពីផលប៉ះពាល់ឡើយ។
លោកបន្តថា កន្លងមកអាជ្ញាធរក្រុងក៏ធ្លាប់បានណែនាំញឹកញាប់ដែរចំពោះបញ្ហានេះពោលគឺធ្វើយ៉ាងណាមុនពេលដាក់ស្លាកយីហោផ្សាយពាណិជ្ជកម្មផ្សេងៗ ត្រូវតែមកសុំដល់អាជ្ញាធរដែនដីពីព្រោះអាជ្ញាធរអាចពិនិត្យមើលទីតាំងសមស្របណាមួយដើម្បីឲ្យដំណើរការនោះមិនប៉ះពាល់ដល់ផ្លូវសាធារណៈនិងមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
លោកបន្តថា ចំពោះផ្លូវសហព័ន្ធរុស្ស៊ីនេះ អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់បំផុតដោយសារផ្លូវនេះជាផ្លូវពោរពេញទៅដោយភ្ញៀវជាតិ និងអន្តរជាតិចេញចូលញឹកញាប់ ជាពិសេសគណៈប្រតិភូជាតិ និងអន្តរជាតិក៏ឆ្លងកាត់ទីនេះញឹកញាប់ដែរ។ ដូច្នេះដើម្បីដងផ្លូវមួយនេះប្រកបដោយសោភ័ណភាពនោះ គេមិនអាចអនុញ្ញាតិឲ្យបណ្ដាក្រុមហ៊ុនឫរោងចក្រសហគ្រាសមកដាក់ផ្ទាំងប៉ាណូអនាធិបតេយ្យបែបនេះបានទេ។ ការចុះកាត់ស្លាកយីហោនេះ ត្រូវធ្វើឡើងចាប់ពីចំណុចប្រលានយន្តហោះរហូតដល់រង្វង់មូលចោមចៅ ហើយនាពេលកន្លងមកក៏អាជ្ញាធរធ្លាប់បានកាត់បែបនេះដែរតែហាក់មិនរៀងចាលឡើយ៕
វិទូ
0 Comments