សៀមរាប ៖ ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅក្នុងបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំងគឺជាមុនស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកំសាន្តពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងទន្លេសាប ក្នុងនោះផ្ទៃទឹកទន្លេសាប រួមទាំងដើមរាំងទឹករាប់ម៉ឺនរាប់សែនដើម ដែលដុះត្រៀបត្រាជាជួរក្នុងផ្ទៃទឹក បានបង្ហាញឲ្យឃើញពណ៌ចម្រុះបញ្ចេញនូវរស្មីចាំងផ្លេកៗពីស្លឹករាំង ដែលមានខ្លះស្លឹកខ្ចី ខ្លះស្លឹកចាស់។ មិនតែប៉ុណ្ណោះទិដ្ឋភាពបឹងទន្លេសាបដែលប្រកបដោយដើមរុក្ខជាតិជាច្រើនដែលបានដុះនៅក្នុងទឹក ហើយកំពុងតែធ្វើឲ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មានចំណាប់អារម្មណ៍ចង់ឃើញចង់ស្គាល់ ពីគុណប្រយោជន៍របស់ដើមរាំងទឹក ដែលប្រជាពលរដ្ឋខ្មែរតែងតែយកមកប្រកបជាមួយម្ហូបអាហារ ពិសារជាមួយនំបញ្ចុក ទឹកគ្រឿង នំបាញ់ឆែវ ដែលមានរស់ជាតិឆ្ងាញ់ ដែលត្រូវបានគេដឹងថា ជាឱសថបុរាណជួយដល់អ្នកកើតរោគក្រពះ និងអ្នកមានជំងឺរាករូសទៀតផង។
លោក ចាន់ ធី ជាអ្នកនេសាទស្ថិតនៅក្នុងភូមិចុងឃ្មាស សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបបានឲ្យដឹងថា ដើមរាំងទឹកមានមុខងារសំខាន់ណាស់ក្នុងការជួយជាជម្រករបស់មច្ឆាជាតិ ក្នុងការបន្តពូជពងកូន ហើយកម្រនឹងឃើញមានដុះនៅផ្នែកខាងលើនៃវាលភ្នំ តែបច្ចុប្បន្នដើមរាំងត្រូវបានគំរាមកំហែងប្រឈមមុខនិងហិនហោចដោយសារតែនៅរដូវប្រាំងមានអ្នកនេសាទ ដុតព្រៃលិចទឹក ចាប់សត្វអណ្ដើក សត្វពស់និងការកាប់ព្រៃទម្លាក់ទុកឲ្យងាប់រួចយកមកធ្វើជាអុស មិនតែប៉ុណ្ណោះដើមរាំងទឹកបច្ចុប្បន្នកំពុងតែប្រឈមនិងការគាស់យកទាំងឫសដឹកចេញទៅលក់នៅក្រៅប្រទេស ដោយសារមានការលបលួចនិងឃុបឃិតគ្នាពីសំណាក់អ្នកមានអំណាច។
ប្រជាពលរដ្ឋបានសំណូមពរឲ្យឯកឧត្តម ណៅ ធួក ប្រធានរដ្ឋបាលជលផលមេត្តាជួយទប់ស្កាត់នូវទង្វើដូចខាងក្រោមដើម្បីថែរក្សាព្រៃលិចទឹកសម្រាប់ការបន្តពូជរបស់មច្ឆាជាតិ ក៏ដូចជាការថែរក្សាអភិរក្សដើមរាំងទឹក សម្រាប់លំអសោភ័ណភាពនៃបឹងទន្លេសាប ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តកាន់តែច្រើន។
ដោយ ប៊ុន រដ្ឋា
0 Comments