Ad Code

រយៈពេល​ត្រឹម​តែ​បី​ម៉ោង​ប៉ុណ្ណោះ មាន​អំពើ​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ពីរ​លើក​បាន​ដោយ​សុវត្ថិភាព


ភ្នំពេញ ៖ ក្នុង​រយៈពេល​ប្រមាណ​ជា​បី​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​មាន​ករណី ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ចំនួន​ពីរ​លើក​កើត​ឡើង​ផ្ទួនៗ​គ្នា ដោយ​មិន​រំខាន​ដំណេក​មន្ត្រី​ណា​ម្នាក់​ឡើយ។​

អំពើ​ប្លន់​លើក​ទី​១-កាលពី​វេលា​ម៉ោង​២២​នឹង​០០​នាទី​យប់ ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤៦ ខាងកើត​ផ្សារ​ទួល​ទំពូង​ជាង​១០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន។ សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ដោយ​ឌុប​ជនសង្ស័យ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៤៦ ស្រាប់តែ​ជន​សង្ស័យ​បាន​ដក​កូនកាំបិត​ចុង​ស្រួច​មួយ​ដើម​ចេញពី​ចង្កេះ​ភ្ជង់​គំរាម​អារ​ក​បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប។​ ដោយ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​មាន​ស្មារតី​រឹងមាំ​ក៏បាន​ច្រាន​ជនសង្ស័យ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ស្រែក​ថា ចោរៗ​ទើប​ជនសង្ស័យ​ភ័យ​តក់ស្លុត​រត់​គេច​ខ្លួន​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤៦ រហូត​ជិត​ដល់​ផ្សារ​ទួល​ទំពូង តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​កំពុង​អង្គុយ​ជជែក​គ្នា​នៅមុខ​ផ្ទះ​ឃើញ ក៏​នាំគ្នា​ស្ទាក់​ព័ន្ធ​វាយ​ស្ទើរ​ស្លាប់។ ប្រជាពលរដ្ឋ​បាន​បន្ត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ ពួកគាត់​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ មួយសន្ទុះ​ក្រោយមក​​ទើប​ឃើញ​សមត្ថកិច្ច​មកដល់។​

ករណី​ប្លន់​លើក​ទី​២-កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​មាន​ត្រី​ឆ្ងាញ់ តាម​បណ្តោយ​ផ្លូវ​២៩៤ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ ក្រុម​ចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ​មួយចំនួន និង​ម៉ូតូ​មួយ​គ្រឿង​ពី​យុវជន​ម្នាក់​បានសម្រេច។ ជនរងគ្រោះ​មានឈ្មោះ​ សុ​វណ្ណា​ណូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​ផ្សារ​អូរឫស្សី ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី ខណ្ឌ​៧​មករា ហើយ​ម៉ូតូ​ដែល​ត្រូវ​បាន​ក្រុម​ចោរ​ភ្ជង់​យក​ទៅ​បាត់​នោះ​ម៉ាក អ៊ឹម​អេស​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-2197 ព្រមទាំង​គ្រឿងអលង្ការ​មួយចំនួន ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​ផង​ដែរ។ ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​រួម​ជា​មួយ​នឹង​មិត្តភក្ដិ​ជាច្រើន​នាក់​បាន​នាំគ្នា​ចូល​ទៅ​ក្នុង​ក្លឹប​កំសាន្ត អ​ស៊ី​អេ លុះ​ម៉ោង​ប្រមាណ​ជា​១​នឹង​១៥​នាទី​រូបគេ​បាន​ចេញពី​ក្លឹប​មុន​គេ ដោយសារ​តែ​មាន​នារី​ស្រស់​ស្អាត​ម្នាក់​ដែល​ទើបតែ​ស្គាល់គ្នា​នៅក្នុង​ក្លឹប​កំសាន្ត​នោះ បាន​ពឹង​ឱ្យ​រូបគេ​ជូន​នាង​ទៅផ្ទះ​នៅ​ម្តុំ​វាល​ដេញ។ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ម៉ាក​ទ្រី​ម​សេ​១២៥ សេ​រ៉ុ​ស និង​ស្ទេ​ប ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម បាន​ធ្វើ​សកម្មភាព​ភ្ជង់ និង​បានឱ្យ​រូបគេ​ចុះ​ពីលើ​ម៉ូតូ និង​បាន​ដោះ​យក​គ្រឿងអលង្ការ​មួយចំនួន​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ រួច​ពួកគេ​បាន​ជិះ​គេច​ខ្លួន​បាត់​តែម្តង។ សូម​រំលឹក​ថា មួយ​រយៈពេល​កន្លង​មក​នេះ នៅក្នុង​ភូម​សាស្ត្រ​ខណ្ឌ​ចំការមន​មាន​អំពើ​បាញ់​ប្លន់​មិន​លួស​ពេល​ឡើយ​ ចំណែកឯ​សមត្ថកិច្ច​ហាក់​មិន​ដែល​មាន​វិធានការ​បង្ក្រាប​ឬ​ទប់​ស្កាត់​បាន​នោះ​ទេ៕

ឌួង​វិ​រះ​ជ័យ​


Post a Comment

0 Comments

Close Menu