Ad Code

ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង បាន​បង្ហាញមុខ​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​២​នាក់​ដែល​ធ្លាប់​ប្លន់​២១​លើក​


ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ ការិយាល័យ​នគរបាល​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បង្ហាញមុខ​ចោរប្លន់​ចំនួន​២​នាក់ រួម​នឹង​វត្ថុ​តាង​មួយចំនួន​ដល់​អ្នកសារព័ត៌មាន​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ដេញ​ចាប់​ប្រផាត់​ប្រភីង​បាញ់​ស្លាប់​ម្នាក់​ និង​បាន​០២​នាក់ ហើយ​យក​មក​ស្នងការ​ក្រុង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់។​

លោក អេង សោភា នាយការិយាល័យ​នគរបាល​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ដែល​ធ្វើ​សន្និសីទ​កាសែត​បង្ហាញមុខ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​នោះ បាន​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទ​បញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន ណា​រិន្ទ​ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្រាវ​ស្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បក្ខពួក​២​នាក់ ​និង​បាញ់​ស្លាប់​ម្នាក់ ដោយ​សារ​បាញ់​តដៃ​សមត្ថកិច្ច​ កាលពី​ថ្ងៃទី​១ ​ខែមករា ​ឆ្នាំ​២០១៥ ​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។​

លោក នាយការិយាល័យ​បន្ត​ថា ការស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរ​ប្លន់ ដោយ​ទទួលជោគជ័យ​ចំនួន​២​នាក់​ និង​បាញ់​ស្លាប់​ម្នាក់​ កាលពី​វេលា​ម៉ោង​១៦​ល្ងាច ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គី ធើ​ន ហៅ​ភួ​រ អាយុ​២៧​ឆ្នាំ ដកហូត​បាន​អាវុធ​ខ្លី​១​ដើម​ និង​គ្រាប់​ជាង​១០​គ្រាប់ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ក្រោយមក​នាំ​ក្រុម​ចោរ​ទាំង​នោះ​មក​ម្តុំ​លូ​៥​សង្កាត់​ស្ទឹងមានជ័យ ឆែកឆេរ​បន្ទប់​ជួល​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ សូត្រ យ៉ា ហៅ​យ៉ាន អាយុ​៣០ឆ្នាំ មាន​ទី​លំនៅ​ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ហើយ​ចំណែក​បក្ខពួក​ម្នាក់ទៀត​ពេល​ឃើញ​សមត្ថកិច្ច​យើង​ក៏​បាញ់​មក​លើ​សមត្ថកិច្ច ហើយ​រត់​គេច​ខ្លួន​បាត់។ លោក អេង សោភា បន្ត​ថា ក្រោយពី​រត់គេច​ខ្លួន ជន​នេះ​បាន​ទៅ​ភ្ជង់​ប្លន់​ម៉ូតូ​សង់​កូរ៉េ​ពី​ឈ្មោះ ស៊ុំ រស់ នៅ​តាម​ផ្លូវ ហើយ​ជិះ​រត់​ទៅដល់​ផ្លូវលំ​មុខ​រោងចក្រ​ប្រាយ​ស្កា​យ ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ ផ្ដួល​ចោល រួច​ទៅ​ភ្ជង់​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១២ ពី​ឈ្មោះ ហោ ឌី​ណា ហើយ​ជិះ​រត់​គេច​ខ្លួន​បាន​មួយសន្ទុះ​ផ្ដួល​ចោល​ទៀតហើយ គេច​ខ្លួន ខណៈ​ដែល​សមត្ថកិច្ច​ដេញ​កិតៗ​ប្រផាត់​ប្រភីង ជនសង្ស័យ​បាន​បាញ់​មក​លើ​សមត្ថកិច្ច​ជាច្រើន​គ្រាប់​ទៀត ពេលនោះ​សមត្ថកិច្ច​បាញ់​ការពារ​ខ្លួន​វិញ បណ្ដាល​ឱ្យ​ជនសង្ស័យ​ដេក​ស្លាប់​នៅ​វាលស្រែ ភូមិ​កំរៀង​ សង្កាត់​ព្រែ​វែង ​ខណ្ឌដង្កោ ហើយ​កម្លាំង​បាន​ដកហូត​បាន​អាវុធ​មួយ​ដើម។​

លោក​បន្ត​ថា ជនសង្ស័យ​ដែល​ស្លាប់​មាន ឈ្មោះ ខេង ពិសិដ្ឋ ហៅ​ឃ​ល អាយុ​៣១​ឆ្នាំ មាន​ស្រុក​កំណើត​ខេត្ត​កំពង់ស្ពឺ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ហើយ​ជន​នេះ​មាន​ដីកាចាប់ខ្លួន លេខ​២៤៨ ត​ព្រ ចុះ​ថ្ងៃទី​៦​ ខែឧសភា ​ឆ្នាំ​២០១៤ ពី​បទ​ប្លន់​សម្លាប់​មាន​ស្ថាន​ទម្ងន់​ទោស និង​ទទួល​ផល​ចោរកម្ម កាលពី​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៤ កន្លងទៅ និង​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ជាច្រើនលើក​ក្នុង​រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​បក្ខពួក​ចោរ​ប្លន់​ទាំង​៣​នាក់​នេះ​ ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​កក្រើក​កន្លងមក​មាន​២១​លើក។​

សមត្ថកិច្ច​បាន​បន្ត​ថា មុន​ពេល​ឃាត់​ជនសង្ស័យ​ទាំងនេះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទើប​ទទួល​បាន​លទ្ធផល​នេះ។ បច្ចុប្បន្ន​ក្រុម​ចោរ​ប្លន់​២​នាក់​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សួរ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់។ ដោយឡែក​បក្ខពួក​ផ្សេងទៀត សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕

ឌី​រៀ​

Post a Comment

0 Comments

Close Menu