បាត់ដំបង ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកដែលមានទម្ងន់ជិតមួយខាំ ព្រមទាំងជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ត្រង់ចំណុចក្បាលស្ពានពង្រ ស្ថិតក្នុងភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ខណៈដែលមុខសញ្ញានេះកំពុងធ្វើសកម្មភាពជួញដូរ និងដឹកជញ្ជូនខុសច្បាប់នូវសារធាតុញៀន។
លោក ស៊ាន សុណាល់ នាយការិយាល័យស្តីទីនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ដោយសារតែមានសេចក្តីរាយការណ៍ពីកម្លាំងសម្ងាត់ស្ដីពីការជួញដូរគ្រឿងញៀនរបស់មុខសញ្ញាមួយ ទើបលោកបានដឹកនាំកម្លាំងចុះទៅសហការជាមួយកម្លាំងស្រុកដើម្បីឃ្លាំចាំ និងតាមប្រមាញ់មុខសញ្ញានេះ នៅទីបំផុតមុខសញ្ញានេះក៏បានបង្ហាញខ្លួននៅក្បែរស្ពានពង្រ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តងដើម្បីធ្វើការឆែកឆេរក៏បាន
ប្រទះឃើញមានគ្រឿងញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់ធំដែលជននេះលាក់ទុកនៅជាប់នឹងខ្លួន។
ក្រោយពីបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តរួចមក គឺថ្នាំញៀនទាំងអស់មានទម្ងន់
៨៧,៧ក្រាម គឺជាប្រភេទមេតំហ្វេតាមីន( ice ) ហើយជននេះមានឈ្មោះ សារិន កក្កដា ភេទប្រុស
អាយុ៣៧ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើទោះបីជាជននេះបានសារភាពថា នេះគឺជាលើកទីមួយក្នុងការរកស៊ីមុខរបរនេះក៏ដោយ
ក៏សមត្ថកិច្ចបានកំណត់ថាជាមុខសញ្ញាចាស់ និងសកម្មរួចទៅហើយ ដោយបច្ចុប្បន្នសមត្ថកិច្ច
កំពុងរៀបចំបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅកាន់សាលាដំបូង៕
0 Comments