ភ្នំពេញ ៖ បុរសចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចាប់ខ្លួនជាក់ស្តែងពីបទជាប់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ផ្ទះជួល ម្តុំមុខពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មនុស្សជាប់ចោទទាំង៦នាក់នោះ ១-ឈ្មោះ ឆាយ ឡុង អាយុ២៣ឆ្នាំ ( ជាប់ចោទជួញដូរ ) មានទីលំនៅ សង្កត់បឹងសាឡាង ខណ្ឌទួលគោក។ ២-ឈ្មោះ ជឿន សុវណ្ណសំរិទ្ឋ អាយុ២២ឆ្នាំនៅសង្កាត់បាលវង់ ខណ្ឌ៧មករា។ ៣-ឈ្មោះ សំ តារា អាយុ១៨ឆ្នាំ ជាសិស្សសាលាបាក់ទូកនៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា។ ៤-ឈ្មោះ សឹង ចេស្ដារ អាយុ១៨ឆ្នាំ នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។
៥-ឈ្មោះ ប្រាក់ សុភាសិតអាយុ២៥ឆ្នាំ នៅជិតបន្ទាយក្រាំងចេក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ៦-ឈ្មោះ ប៉ាង សុជាតិ អាយុ២២ឆ្នាំ នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ។ ជនបន្ទាប់ទាំង៥នាក់ជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
មូលហេតុដែលនាំឱ្យមានការចាប់ខ្លួនជនជាប់ចោទខាងលើនោះ គឺលោក លី សាវេត ប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើរដ្ឋបាលឆែកឆេរតាមផ្ទះជួលក្នុងតំបន់នោះ ក៏បានប្រទះឃើញពួកគេកំពុងប្រមូលផ្ដុំគ្នាសេពគ្រឿងញៀន ហើយរកឃើញគ្រឿងញៀនសេសសល់មួយកញ្ចប់ និងឧបករណ៍សម្រាប់សេពមួយចំនួនក៏ឃាត់ខ្លួនតែម្តង៕ សឿន
0 Comments