អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសអាហ្វ្រិកភាគខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យថា ស្រាបៀដែលមានធាតុកខ្វក់បានសម្លាប់មនុស្ស៥៦នាក់ នៅក្នុងប្រទេសមូហ្សំប៊ិក។ មន្ត្រីសុខាភិបាលលោកអាឡិច អាល់ប៊ែទីនី(Alex Albertini) បាននិយាយប្រាប់វិទ្យុមូហ្សំប៊ិកថា មនុស្ស៤៩នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុកឈីតទីម៉ា និងស្រុកសាន់ហ្កា នៅភាគឥសាន ខេត្តតេតេ និង១៤៦នាក់ទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានគេពិនិត្យនៅមន្ទីរពេទ្យរកជាតិពុល។
លោកអាល់ប៊ែរទីនីនិយាយថា ពួកអ្នកដែលផឹកស្រាបៀពុលទាំងនោះ កំពុងចូលរួមក្នុងពិធីបុណ្យសពមួយនៅក្នុងតំបន់នោះនៅថ្ងៃសៅរ៍។ ស្រាបៀPombe គឺជាស្រាបៀដែលជាប្រពៃណីរបស់មូហ្សំប៊ិក ត្រូវបានផលិតចេញម្សៅពោត។ ពួកអាជ្ញាធរជឿថា ភេសជ្ជះនោះពុលដោយសារទឹកប្រមាត់ក្រពើនៅក្នុងមុខម្ហូបក្នុងពិធីបុណ្យសពនោះ។
នាយកសុខាភិបាលខេត្តលោកស្រីកាលមូសសេ(Carle Mosse) និយាយថា ឈាមនិងស្រាបៀនោះ ត្រូវបានគេបញ្ជូនទៅរដ្ឋធានីម៉ាណូតូ ដើម្បីធ្វើការពិសោធន៍។ អាជ្ញាធរនិយាយថា ពួកអ្នកកាន់ទុក្ខដែលបានផឹកស្រាបៀនៅពេលព្រឹករាយការណ៍ថា ពុំមានអ្នកណាឈឺទេ ប៉ុន្តែពួកអ្នកដែលផឹកស្រាបៀនៅពេលរសៀលកើតជំងឺ និងស្លាប់៕
រិទ្ធ
0 Comments