Ad Code

នារី​២​នាក់​ចេញ​ពី​ខួបកំណើត​មិត្តភ័ក្ដិ​ត្រូវ​ក្រុម​ចោរ​វាយ​​ប្លន់​យក​ម៉ូតូ​ កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​៣​គ្រឿង

ភ្នំពេញ ​៖​ មួយ​រយៈ​ចុង​ក្រោយនេះ​នៅ​ក្នុង​ភូមិសាស្ត្រ ខណ្ឌ​ចំការមន​មាន​អំពើ​ឆក់​ ប្លន់ ​​​បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​ ពិសេស​អំពើ​ភ្ជង់​គំរាម​ប្លន់​នៅ​ពេល​យប់​បាន​កើត​ឡើង​​មិនសូវ​លុះ​ពេល​ឡើយ​ ហើយ​សមត្ថកិច្ច​មិនដែល​បង្ក្រាប​បាន​មួយ​ករណី​ណា​នៅឡើយ​ទេ។

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១​ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងលិច​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការមន​ នារី​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវ​បាន​ក្រុម​ចោរ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​​​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​គំរាម​បាញ់​យក​ម៉ូតូ​ តែ​មិន​បាន​សម្រេច​បាន​ត្រឹមតែ​ កាបូប​លុយ និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​រួច​គេច​ខ្លួន​បាត់​ដោយ​​សុវត្ថិភាព។
នារី​រងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​ស្គាល់ ​ទី​១. ​​ឈ្មោះ ចែម ស្រី​នួន អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​​​កន្លែង​កើតហេតុ និង​ទី​២​.​ឈ្មោះ​ ធី ស្រី​ឡែ​ន អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ចំការ​ដូង។ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​មិន​បាន​សម្រេច​ម៉ាក​ អាយ​ខន​ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1X2496
បើតាម​សម្តី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ពួកគេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញពី​ខួបកំណើត​មិត្តភ័ក្ដិ​នៅ​ក្លឹប​កម្សាន្ត​ថប។ ក្រោយពី​ចប់​ពិធី​ខួប​កំណើត ​ពួកគេ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​មក​ផ្ទះ​វិញ ខណៈ​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥​មួយ​គ្រឿង​តាម​នាង​ពីក្រោយ រហូត ​ប៉ុន្តែ​ស្មានថា​ជិះ​តាម​ផ្លូវ​ធម្មតា។ លុះ​មកដល់​ចំណុច​ខាងលិច​វត្ត​ទួល​ទំពូង តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៥ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូ​ង​ទី​១ ខណ្ឌ​ចំការមន ​ក៏​ស្រាប់តែ​ពួកគេ​បាន​ជិះ​វ៉ា ​និង​ស្ទាក់​នៅ​ពីមុខ​ម៉ូតូ​ពួក​នាង​ រួច​ក៏បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​គំរាម​បាញ់ និង​បាន​ឲ្យ​ពួក​នាង​ចុះ​ពីលើ​ម៉ូតូ ប៉ុន្តែ​រូប​នាង ដែល​ជិះ​ពីក្រោយ​ ហើយ​​ស្តាយ​​​​​សម្បត្តិ​ផ្ទាល់​​​ខ្លួន​នោះ ក៏​មិន​ព្រម​ឲ្យ ​រួច​បាន​ដក​សោ​ចេញពី​ម៉ូតូ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​ការ​ខឹងសម្បា​ក៏​ស្ទុះ​ដក​កាំភ្លើងខ្លី វាយ​ក្បាល​នារី​រងគ្រោះ​បណ្តាល​ឲ្យ​បែក ហូរឈាម​ស្រោច​ពេញ​ខ្លួន​តែម្តង។
នារី​រងគ្រោះ​បន្តថា បន្ទាប់ពី​វាយ​ក្បាល​ខ្លួន​រួចមក​ពួកគេ​បាន​កញ្ឆក់​យក​កាបូប និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​របស់​នាង​​ រួច​ក៏​ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​តែ​ម្តង ហើយ​រូប​នាង​​បាន​រត់​ស្រែក​ឲ្យ​គេ​ជួយ​ទាំង​ដៃ​ខ្ទប់​ក្បាល​​ដើម្បី​ទប់​ឈាម​ដែល​​កំពុង​ហូរ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ទំនាក់ទំនង​ទៅ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចំការមន​ដើម្បី​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ប៉ុន្តែ​នៅ​នៅ​ពេល​នោះ​គេ​មិន​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ណា​ម្នាក់​ចុះទៅ​កន្លែងកើតហេតុ​ឡើយ។ ដោយ​យប់​ជ្រៅ​ពេក ​និង​មាន​របួស​ផង​នារី​រងគ្រោះ​មិន​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នោះ​ទេ ​ចាំ​ពេល​ព្រឹក។
សូម​បញ្ជាក់​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​ជា​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ក្រុងភ្នំពេញ​មាន​វិធានការ ពង្រឹង នៅ​ក្នុង​មូលដ្ឋាន​នេះ​ផង​ ព្រោះ​អី​លោក​អធិការ ​បច្ចុប្បន្ន​​​ហាក់​មិន​មាន​សមត្ថភាព​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ដែល​កំពុង​កើត​ឡើង​ឡើយ ​ខណៈ​ដែល​​ប្រជាពលរដ្ឋ​​​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច ដោយសារ​តែ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​មិន​មាន​សុវត្ថិភាព​នោះ៕

Post a Comment

0 Comments

Close Menu