ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថាបានចូលលួចយកលុយ និងគ្រឿងអលង្ការរបស់កូនចៅពួកគាត់ក្នុងពិធីមង្គលការកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ២៣បេ ផ្លូវលេខ២៧១ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាប់ចោទឈ្មោះស៊ឹម ប៉ូឡូ ហៅនាង អាយុ៣១ឆ្នាំស្នាក់នៅផ្ទះជួលភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ គ្មានមុខរបរពិតប្រាកដ។
ប៉ូលិសនិយាយថា ជនជាប់ចោទ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតាមបណ្តឹងរបស់ លោក ហ៊លស៊ីណាភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរមេធាវី។
តាមបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ ខណៈគាត់កំពុងរៀបពិធីមង្គលការកូន ស្រាប់តែជនជាប់ចោទបានបន្លំជាភ្ញៀវឡើងទៅជាន់លើចូលលួចលុយនិងគ្រឿងអលង្ការកូនប្រុសរបស់គាត់ ប៉ុន្តែសំណាងល្អកូនគាត់មកទាន់ឃើញដើរចេញពីបន្ទប់ ក៏ស្រែកចោរៗនាំគ្នាចាប់ខ្លួនយកមកប្រគល់ឲ្យនគរបាលមូលដ្ឋានចាត់ការតាមច្បាប់តែម្ដង។
ទ្រព្យសម្បត្តិដែលចោរលួចយកទៅពុំបានសម្រេចនោះមានលុយខ្មែរ៤៥ម៉ឺន និង៩៤ដុល្លារ ព្រមទាំងគ្រឿងអលង្ការជាច្រើនទៀត រួមមានខ្សែ.ក ខ្សែដៃ ខ្សែជើង និងក្រវិល៕
0 Comments