Ad Code

រមណីយដ្ឋាន​ទឹកឈូ​ចម្រុះ​សំបូរ​ទៅ​ដោយ​ផ្លែឈើ​ធម្មជាតិ​


កំពត ៖ រមណីយដ្ឋាន​កំសាន្ត​ទឹក​មួយ​នេះ​ធ្លាប់​មាន​ការ​គាំទ្រ​ច្រើន ហើយ​មានកំណើត​យូរ​ឆ្នាំ​ជាងគេ​ក្នុង​ទឹកដី​ខេត្តកំពត។ រមណីយដ្ឋាន​ទឹកឈូ គឺជា​ជ្រោះ​មួយ​ដែល​កើតឡើង​ពី​ការ​ប្រសព្វ​គ្នា​នៃ​បណ្ដា​ជ្រោះ​ជាច្រើន​ទៀត​ដែល​មកពី​ប្រជុំភ្នំ​ដំរី ហើយ​ការ​ប្រសព្វ​នេះ បាន​មក​បញ្ចប់​តំបន់​ទឹកឈូ​រួច​ហូរ​ជា​មួយ​ព្រែក​កំពង់បាយ (​ព្រែក​កំពត​) ហូរ​ធ្លាក់​ចុះទៅ​សមុទ្រ។ ទឹកឈូ​មាន​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ទីក្រុង​កំពត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​កំពត ខេត្តកំពត។​

ទឹកឈូ​ធម្មជាតិ​នេះ រំលេច​ទៅ​ដោយ​ខ្សែទឹក​ហូរ​មាន​ភាព​ក្រវៀចក្រវៀន​ទៅតាម​ជម្រាលភ្នំ​ទាំង​ឡាយ​បង្កើន​នូវ​សោភ័ណភាព​ស្រស់​ត្រកាល​ជា​ធម្មជាតិ​ពិតៗ​ដែល​ជា​ខ្សែទឹក​ហូរ​កាត់​ព្រៃ​ព្រឹក្សា​ខួប​ប្រាំង និង​ខួប​វស្សា។ នៅ​តាម​ដងផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកឈូ​ពោរពេញ​ទៅ​ដោយ​ចំការ​ដំណាំ​ផ្លែឈើ​ហូប​ផ្លែ​រាប់ពាន់​ហិកតា ហើយ​ដំណាំ​បង្កើន​ចំណូល​គឺជា​ដំណាំ​ធូរេន​នេះ​តែម្តង។ ដំណាំ​ធូរេន​បាន​ផ្តល់​នូវ​កិត្តិយស​មុខមាត់​ដល់​ខេត្តកំពត​ថា ​ជា​ខេត្ត​មាន​ផ្លែ​ធូរេន​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ក្រៅពីនោះ​ក៏​មាន​ដំណាំ​ម្នាស់ សាវម៉ាវ ក្រូច ទៀប ម៉ាក់​ប្រាំង​ជាច្រើន​ទៀត។​
ភូមិសាស្ត្រ​នៃ​រមណីយដ្ឋាន​ទឹកឈូ​បាន​ផ្តល់​ឱកាស​នូវ​ការសាងសង់​វារីអគ្គិសនី និង​មាន​អំណោយ​ផល​ដល់​រមណីយដ្ឋាន​ធម្មជាតិ ដោយ​ទឹក​ហូរ​ថ្លា​ត្រជាក់​ជាទី​ងូតទឹក​កម្សាន្ត​នៃ​ភ្ញៀវ​ទេស​ចរណ៍​ទាំង​ក្នុងស្រុក និង​បរទេស ហើយក៏​ជា​ប្រភព​ទឹកជា​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពត​ផង​ដែរ៕ កញ្ញា វ៉ាត​.

Post a Comment

0 Comments

Close Menu