Ad Code

មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ​ចូលរួម​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥ សូម​ឆ្នាំ​២០១៥​រួបរួម​រឹងមាំ​រីករាយ​និង​រុងរឿង​


បន្ទាយមានជ័យ ៖ មន្ត្រីរាជការ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​និង​ពលរដ្ឋ​បាន​ចូលរួម​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥​នេះ​ សូម​ឲ្យ​បាន​ផ្តល់​នូវ​ការ​រួបរួម​សាមគ្គី​ឯកភាព​គ្នា​បាន​សេចក្តី​សុខ​ សប្បាយរីករាយ​រីកចម្រើន ​រុងរឿង​ថែមទៀត​នៅក្នុង​ខេត្ត​ និង​ប្រទេស​ក្នុង​ឆ្នាំ​ថ្មី​សកល​២០១៥​នេះ។ ជាពិសេស​គឺ​សូម​ឲ្យ​ពលរដ្ឋ​ទាំងអស់​មាន​ជីវភាព​ធូរធារ​ក្នុង​មូលដ្ឋាន​ខេត្ត​ និង​ក្នុង​ប្រទេស​សូម​ឲ្យ​អភិវឌ្ឍន៍​ឈានឡើង​ទៀត។
លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​អម​ដោយ​អភិបាលរង​និង​ប្រធាន​មន្ទីរ អង្គភាព មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន ស្នងការ​នៃ​ស្នងការដ្ឋាន​របស់​លោក​បាន​ចេញ​មក​ថ្លែង​លើ​វេទិកា​ក្នុង​បរិវេណ​សាលាខេត្ត​នា​រាត្រី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ​ដោយ​កត់សម្គាល់​លទ្ធផល​ការងារ​លើ​គ្រប់​វិស័យ​ឆ្នាំ​២០១៤​កន្លង​ ក្នុង​ខេត្ត​តាម​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​នៃ​រាជរដ្ឋាភិបាល និង​តាម​ការទទួលខុសត្រូវ​តាម​មុខ​នាទី​ភារកិច្ច ដែល​បាន​វិជ្ជមាន ល្អ​ប្រសើរ​យ៉ាងច្រើន។​
លោក​ថ្លែង​បន្ត​ថា ផ្លែផ្កា​ទាំងនេះ​គឺ​កើតឡើង​ពី​ការ​ខិតខំ​និង​ចូលរួម​របស់​អ្នក​ទាំងឡាយ។ ប៉ុន្តែ​យើង​នៅ​សេសសល់​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ចាំបាច់​ត្រូវ​បន្ត​ដោះស្រាយ​នៅ​ឆ្នាំ​ថ្មី។ ហើយក៏​ថែម​ការងារ​ថ្មី​ចំពោះមុខ​និង​នៅ​អនាគត​ជាច្រើន​ទៀត។​
លោក​ប្ដេជ្ញា​អនុវត្ត​ការងារ​ក្នុងនាម​រដ្ឋបាល​ខេត្ត​ដែល​មាន​គណនេយ្យ​ភាព​ចំពោះ​ក្រុមប្រឹក្សា​ខេត្ត​ និង​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ថ្នាក់លើ​និង​ពលរដ្ឋ។ នៅមុន​ពិធី​អបអរ​បញ្ចប់​នៅ​រំលង​អាធ្រាត្រ​ម៉ោង​១​ចូល​ថ្ងៃទី​១ ខែមករា​ ឆ្នាំ​២០១៥ គេ​ឃើញ​មានការ​ជូនពរ ជូន​បាច់​ផ្កា​គ្នា​របស់​លោក អ៊ុង​អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​និង​សមាជិក​ពិធី​បាន​ពិសារ​អាហារ ច្រៀង​រាំ​កំសាន្ត។ ក្នុង​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​ប្រតិភូ​ក្រុម​គ្រូពេទ្យ​ចម្រុះ​ជាតិ​សាសន៍​ "​បេសកកម្ម​អង្គរ​សហរដ្ឋអាមេរិក​:ROJECT ANGKOR,USA"​ចំនួន​៩០​នាក់​ ដែល​ត្រូវ​មក​ពិគ្រោះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយ​ឥត​គិតលុយ​ ចាប់ពី​ថ្ងៃទី​២​ ខែមករា ​ឆ្នាំ​២០១៥​ ដល់​ថ្ងៃទី​៦​ ខែមករា​ ឆ្នាំ​២០១៥​ ខាងមុខនេះ​ និង​ចូលរួម​ឆ្លង​ឆ្នាំ​សកល​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​នេះ​ទៀត​ផង​ដែរ៕​គង្គា​

Post a Comment

0 Comments

Close Menu