Ad Code

ឆ្លង​ឆ្នាំ​សកល​២០១៤ ឈាន​ចូល​ឆ្នាំ​២០១៥​ នៅ​ខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​ច្រើន​ប្រហាក់ប្រហែល​និង​ឆ្នាំ​កន្លងទៅ​


ព្រះសីហនុ ៖ ដោយសារ​កំណើន​ភ្ញៀវ​ទេសចរណ៍​ដ៏​ច្រើន​លើស​លុប​នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ​នា​ឧកាស​ឆ្លង​ឆ្នាំ​សកល​២០១៤​ ឈាន​ចូល​ឆ្នាំ​២០១៥​ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៩​ ទៅដល់​ថ្ងៃទី​៣១ ​ខែធ្នូ​ឆ្នាំ​២០១៤​នេះ ​បើ​តាម​ការសង្កេត​មើលឃើញ​ថា​ នៅ​តាម​ដងផ្លូវ​សាធារណៈ​ជាច្រើន​ត្រូវ​បាន​កកស្ទះ​ចរាចរណ៍​ជា​អន្លើៗ​ រីឯ​នៅ​តាម​ទីប្រជុំជន​ផ្សារ​ឬ​តាម​តំបន់​កម្សាន្ត​ផ្សេងៗ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ​ សុទ្ធសឹងតែ​មាន​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​កុះករ​ ជា​ពិសេស​គឺ​តំបន់ឆ្នេរ​អូរ​ឈើទាល​តែម្តង។​

ទីតាំង​តំបន់ឆ្នេរ​អូរ​ឈើទាល​ដែល​ជា​កន្លែង​រៀបចំ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​២០១៤​ ចូលឆ្នាំ​២០១៥​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤ ​រហូតដល់​ថ្ងៃទី​៣១​ ខែធ្នូ​ ក៏​មាន​ការ​រៀបចំ​ពិធី​ផ្សេងៗ​ដូច​បណ្ដា​ឆ្នាំមុនៗ​ផង​ដែរ​ដូចជា​ ការ​រៀប​ចំការ​ប្រគួត​កីឡាបាល់ទាត់​ បាល់ទះ​.​ការសំដែង​សិល្បៈ​ក្រុម​ជន​ពិការ​.​ការ​ប្រគំ​តន្ត្រី​ក្រុម​ដា​រា​ល្បីៗ​ច្រៀង​រាំ​កម្សាន្ត ​រួម​និង​ការ​តាំងពិព័រណ៍​ស្តង់​លក់ទំនិញ​គ្រប់​សារពើ​ចំនួន​ជិត​១០០​ស្តង់​ទៀត​ផង។ ​ដើម្បី​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្សាន្ត​សប្បាយរីករាយ។ ក្រៅពី​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ដ៏​ច្រើន​កុះករ​ក៏​គេ​សង្កេត​ឃើញ​ថា​ តាម​បណ្តោយ​ផ្លូវ​និមួយៗ​មាន​កង​កម្លាំងប្រដាប់អាវុធ​ប៉ូលិស ​និង​ប៉េអិម​ជាច្រើន​ដាក់​តាម​ចំណុច​គោលដៅ​ឈរជើង​ការពារ​សន្តិសុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។​
លោក​ នូ​ សុផល​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា បើ​យើង​ចាប់​គិត​ពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ រហូតមកដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​ ឆ្លង​ចូលឆ្នាំ​២០១៥ ​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចូល​មកលេង​កម្សាន្ត​មាន​ចំនួន​ជា​១១​ម៉ឺន​នាក់​ ហើយ​ចំនួន​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​កន្លងទៅ​គឺ​ប្រហាក់ប្រហែល​គ្នា។ ហើយ​សម្រាប់​នៅ​តាម​សណ្ឋាគារ​ក៏​ដូចជា​ផ្ទះសំណាក់​ក៏​មាន​ភ្ញៀវ​ស្នាក់នៅ​ពេញៗ​បន្ទប់​ផង​ដែរ​ ចាប់​ពី​ថ្ងៃទី​២៩​រហូត​មក។​
គួរ​រំលឹក​ផង​ដែរ​ថា​ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​មាន​សណ្ឋាគារ​តូច​ធំ​ចំនួន​៥៦​កន្លែង និង​ផ្ទះសំណាក់​មាន​ចំនួន​២២១​កន្លែង​ សរុប​រួម​ទាំង​(​សណ្ឋាគារ​និង​ផ្ទះសំណាក់​)​មាន​បន្ទប់​សំរាប់​បម្រើភ្ញៀវ​ស្នាក់នៅ​ប្រមាណ​៥​ពាន់​បន្ទប់ ​និង​ភោជនីយដ្ឋាន​មាន​ចំនួន​៨១​កន្លែង​ផង​ដែរ៕​កោះពស់​)

Post a Comment

0 Comments

Close Menu