Ad Code

ការអភិវឌ្ឍ​មិនមែនជា​រឿង​ចៃដន្យ​ទេ សម្រាប់​កម្ពុជា

ក្រោយពី​រដ្ឋាភិបាល​អាណត្តិ​ទី​៥ បានប្រសូត​ឡើងមក កម្ពុជា​បានចាប់ផ្តើម​នូវ​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន​មួយចំនួនធំ គួរ​ឲ្យ​កត់សម្គាល់។ ជាការ​កែទម្រង់ ដែល​ធ្វើឡើង​តាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​និន្នាការ​នយោបាយ។ ការកែទម្រង់​នេះ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន ដែល​ធ្លាប់តែ​យល់ឃើញ​មិនល្អ​មកលើ​រដ្ឋាភិបាល បាន​ភ្លឺភ្នែក​កាន់តែច្បាស់​ឡើងវិញ​។ ជាក់ស្តែង​វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ពាណិជ្ជកម្ម និង​វិស័យ​អប់រំ​ជាដើម បានចាប់ផ្តើម​នូវ​កំណែទម្រង់​របស់ខ្លួន ឲ្យ​ស្របទៅតាម​ពេលវេលា និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងសម័យ​ថ្មី​នេះ។ ទាំងអស់នេះ​គឺ​សុទ្ធសឹង​ជា​រឿង​ល្អ របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​នេះ តែ​យ៉ាងណាមិញ រឿង​ល្អ​ទាំងអស់នេះ ជា​រឿង​ដែល​កើតឡើង ដោយ​ចៃដន្យ​ឬ​យ៉ាងណា?

ថ្មីៗ​នេះ​កាសែត​ក្នុងស្រុក​បាន​ចុះផ្សាយ​នូវ​ស្នាដៃ​ជាច្រើន​របស់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការកែទម្រង់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​។ ទាំងអស់នេះ មិនមែនជា​រឿង ដែល​កើតឡើង ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​គ្រប់យ៉ាង​គឺជា​ការកែទម្រង់​មួយ​របស់​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​ពោលគឺ សុខ​ទាំង​ផ្លូវកាយ និង​សុខ​ទាំង​ផ្លូវចិត្ត​។ យើង​អាច​និយាយថា វា​មិនមែនជា​រឿង​ចៃដន្យ​នៅត្រង់ថា អ្វី​ទាំងអស់នោះ​កើតឡើង ក្រោយពេល ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ប្រកាសថា នឹងធ្វើ​ការកែទម្រង់​លើ​គ្រប់​វិស័យ ដើម្បី​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ​មួយ​ក្នុង​ពេលអនាគត​ខាងមុខនេះ​។

ចំពោះ​វិស័យ​អប់រំ​របស់​កម្ពុជា ដែល​ធ្លាប់បាន​សង្គម​ស៊ីវិល និង​បក្សប្រឆាំង​ចាត់ទុកថា​មាន​អំពើពុករលួយ ហើយ​គ្មាន​គុណភាព ពេលនេះ​គឺ​ខុស​ពីមុន​ទាំងស្រុង ពោលគឺ​វិស័យ​អប់រំ​អាណត្តិ​ថ្មី​នេះ បានធ្វើ​ឲ្យ​គេ​មើលឃើញ​ច្បាស់​នឹង​ភ្នែក​ថា ពិតជា​ការកែទម្រង់​ជា​ប្រវត្តិសាស្ត្រ​លើ​វិស័យនេះ​មែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការពង្រឹង​គុណភាព​អប់រំ​អាច​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដ៏​ខ្លាំង​មួយ​នៅលើ​ឆាក​តំបន់​។ ការសម្រិតសម្រាំង​គុណភាព​ធនធានមនុស្ស​គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​ល្អ​។ នៅពេលនេះ​ប្រព័ន្ធ​អប់រំ​មួយ ដែល​ធ្លាប់តែ​មានការ​រិះគន់ បាន​ក្លាយជា​ប្រព័ន្ធ​អប់រំ​មួយ ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន​។

ថ្មីៗ​នេះ​ផងដែរ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ដំឡើង​ប្រាក់ខែ​ជូន​កម្មករនិយោជិត ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ចំនួន​១២៨​ដុល្លារ​ក្នុង​មួយខែ​។ ជា​រឿង​មិនធម្មតា​នោះទេ ដែល​រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​រហូតដល់​១០០% ក្នុង​រយៈពេល​មួយឆ្នាំ។ សូមបញ្ជាក់ថា ប្រាក់ខែ​កម្មករ​បាន​កើនឡើង​តាំងពី​៦០​ដុល្លារ រហូតដល់ ១២៨ ដុល្លារ​អាមេរិក ក្រោយពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ បានបញ្ចប់​។ តើ​នេះ​មិនមែនជា​ការចង់បានរ​បស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​នោះទេ ឬ​យ៉ាងណា​?

ស្រប​ពេលដែល ប្រាក់ខែ​កម្មករ​បាន​ដំឡើង ចំណែកឯ​តម្លៃ​ប្រេងសាំង​ក៏បាន​ធ្លាក់ចុះ​ដែរ។ ទាំងអស់នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​មានការ​សប្បាយ​ចិត្តនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ វា​ក៏​ជា​សញ្ញា​ប្រាប់​ទៅ​មនុស្ស​គ្រប់​និ​ន្ន​ការ​ថា កម្ពុជា​កំពុង​ឆ្ពោះទៅកាន់​អ្វី ដែល​ប្រជាពលរដ្ឋ​ចង់បាន។ នៅពេល​ខាងមុខនេះ រដ្ឋាភិបាល​នឹង​សង់​កំពង់ផែ​ទេសចរណ៍​មួយ​នៅ​ខេត្តកំពត នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក។ ការសាងសង់​នេះ ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​បញ្ជាក់ថា​វា​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ពោលគឺ​ប្រទេស​ផ្សេងៗ ក្នុង​តំបន់ នឹង​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​។ ការសាងសង់​នេះ នឹង​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង​។

និយាយ​ពី​ផលិតផល​ផ្នែក​កសិកម្ម​វិញ ពោលគឺ​អង្ករ​របស់​កម្ពុជា​ឈ្នះ​ជា​អង្គរ​ល្អ​បំផុត​របស់​ពិភពលោក​។ អង្ករ​ផ្ការំដួល​កម្ពុជា​ត្រូវបាន​គេ​ជ្រើសរើស​ជា​អង្ករ​ក្រអូប​គុណភាព​ល្អផ្តាច់គេ​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤​។ វា​គឺជា​មោទនភាព​ជាតិ​ផ្ទួនៗ​គ្នា របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​នេះ ក្រោយពី​កម្ពុជា​បាន​ល្បីឈ្មោះ​លើ​វិស័យ​កីឡា ក្នុង​កីឡា​អាស៊ី ដោយ​កីឡា​ការ​នី​ខ្មែរ​ម្នា​ក់បាន​យក​មេដាយមាស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។

ក្រៅពី​វិស័យ​ទាំងនេះ កម្ពុជា​ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងៗ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​។ ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា ក្នុងការ​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុងប្រទេស​កម្ពុជា​។ ស្របពេល​ដែល​សម​ហ​រណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈានចូល​មកដល់ កម្ពុជា​បាន​ត្រៀមខ្លួន​ជា​បណ្តើរៗ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​ផងដែរ។

ដូច្នេះ ស្នាដៃ​ទាំងអស់ ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ល្បីឈ្មោះ គឺ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ដែល​បាន​សន្យា​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ ហើយ​នេះ​ជា​ផ្លែផ្កា​ក្នុងពេល​បច្ចុប្បន្ន។ យើងទាំងអស់គ្នា​គួរតែ​ទទួលស្គាល់ថា​ផ្លែផ្កា​ទាំងអស់នេះ បានកើត​ឡើងជា​បណ្តើរៗ ហើយ​ចុះ​រហូតដល់​រយៈពេល​៤​ឆ្នាំ​ទៅមុខទៀត តើ​កម្ពុជា​នឹងមាន​ការប្រែប្រួល​កាន់តែខ្លាំង​ឡើងៗ​កម្រិតណា​។ ដោយសារ​ការជួយ​រក​ទីផ្សារ​របស់​រដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ រួមទាំង​ការផ្តល់​បច្ចេកទេស​ផ្សេងៗ ប្រជាពលរដ្ឋ​ក៏​គួរតែ​ខិតខំ​ដោយ​ខ្លួនឯង​ដើម​ចាប់យក​ឱកាស​វិនិយោគ​ដែរ​៕


Post a Comment

0 Comments

Close Menu