Ad Code

អ្នក​ជំងឺ​អេបូឡា​ជន​ជាតិ​អង់គ្លេស​ត្រូវ​បាន​ព្យាបាល​ដោយ​ផ្លាស្មា​ឈាម​របស់​អ្នក​នៅ​រស់​ដោយសារ​ជំងឺនេះ

គិលានុបដ្ឋាយិកា​ជនជាតិ​អង់គ្លេស​មួយ​រូប​ដែល​មាន​រោគសញ្ញា​នៃ​ជំងឺ​អេបូឡា​កាល​ពីដើម​សប្ដាហ៍នេះកំពុង​តែ​ត្រូវបាន​ទទួល​ការ​ព្យាបាល​ជាមួយនឹង​ផ្លាស្មាឈាម​ពី​អ្នក​នៅរស់​ដោយសារ​ជំងឺ​អេបូឡា​នេះ​ រួម​ទាំង​ការ​ប្រើ​ឱសថ​ដែល​ធ្លាប់​ត្រូវ​បាន​យក​មក​ប្រើ​ប្រឆាំង​នឹងវីរុស។ មន្ទីរពេទ្យ​ទីក្រុង​ឡុងដ៍ដែលកំពុងព្យាបាល​គិលានុបដ្ឋាយិកា​នោះ​បាននិយាយដូច្នេះ​កាល​ពីថ្ងៃ​ពុធ​កន្លង​មកនេះ។

នាង Pauline Cafferkey ដែលជា​បុគ្គលិក​សុខាភិបាល​ម្នាក់​ទើបតែ​វិលត្រឡប់​មក​ពី​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​អេបូឡាមួយ​នៅ​ឯក្នុង​ប្រទេស​សៀរ៉ាឡេអូន​កាលពីថ្ងៃ​អាទិត្យ​កន្លង​មកនេះ​បាន​ក្លាយទៅជា​មនុស្ស​ទីមួយ​ហើយ​នៅក្នុង​ចក្រភពអង់គ្លេស​ដែលរង​រោគ​លក្ខណៈ​នៃ​ជំងឺ​ដែល​បង្កឡើងដោយ​វីរុស​មរណៈ​នេះ​បន្ទាប់​ពី​រូបនាង​បាន​ត្អូញត្អែរថា រូបកាយ​របស់​នាង​ឡើង​សីតុណ្ហភាព។
ផ្លាស្មា​ (ផលិតពីឈាមមនុស្ស) ដែល​មាន​ផ្ទុក​ទៅដោយ​អង្គ​បដិបក្ខ​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នោះ​ត្រូវ​បាន​ជ្រើស​រើស​យក​មក​ដែល​ជា​អំណោយ​របស់​អ្នក​នៅ​រស់សល់​ពីស្លាប់​ដោយសារ​ជំងឺ​អេបូឡា។
លោកវេជ្ជបណ្ឌិត Dr.Michael Jacobs នៃ​មន្ទីរពេទ្យ​ Royal Free Hospital នៃទីក្រុងឡុងដ៍​បាន​ឲ្យដឹងថា ការ​ព្យាបាល​ទីពីរ​នោះ​គឺ​យើង​កំពុង​តែផ្ដល់​ឲ្យ​គិលានុបដ្ឋាយិកា​រូបនេះនូវ​ឱសថ​ប្រឆាំង​វីរុស​នោះ​គឺជាឱសថ​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុងការ​ព្យាបាល​ប្រឆាំង​នឹង​វីរុស​នា​រយៈ​ពេលកន្លងមក។ ឥឡូវនេះស្ថានភាព​សុខ​ភាព​របស់​នាង​ល្អប្រសើរ​ណាស់​ ហើយ​នេះ​គឺ​ជា​ការ​ព្យាបាល​មួយ​ដោយ​មាន​បទពិសោធន៍។
លោក​ Jacobs បាន​មានប្រសាសន៍ថា មិន​មាន​ការ​ផ្ដល់​ជា​បន្ថែម​នូវ​ឱសថ ZMapp នោះ​ទេ ដែល​កន្លងមក​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​មន្ទីរពេទ្យ​តែមួយ​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ ប្រកបដោយ​ជោគជ័យ​មួយ​រូប​ឈ្មោះ​លោក William Pooley នោះ​ដែល​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​ពីក្រៅប្រទេស​ ហើយ​បាន​វិលត្រឡប់​មក​ស្រុក​វិញ​ដើម្បីធ្វើ​ការ​ព្យាបាល​នាដើម​ឆ្នាំនេះ។
ទោះ​ជាយ៉ាងណាក្ដី​ក៏​វេជ្ជបណ្ឌិត​រូបនេះ​បាន​បដិសេធ​មិនប្រាប់​ឲ្យដឹង​ពីឈ្មោះ​ឱសថដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​យក​មក​ព្យាបាល​ឲ្យ​ស្ដ្រី​គិលានុបដ្ឋាយិកា​ឈ្មោះ Cafferkey នេះដែរ ប៉ុន្ដែ​លោកគ្រាន់​តែនិយាយថា ឱសថ​ប្រភេទ​នេះ​កន្លងមក​ក៏ធ្លាប់ត្រូវបាន​យកទៅ​ព្យាបាល​ឲ្យ​អ្នក​ជំងឺ​អេបូឡា​ផ្សេងៗ​ទៀត​ក៏ដូច​ជា​ព្យាបាល​ជំងឺ​ផ្សេងៗទៀត​ផងដែរ។
លោក Jacobs បាន​ទាំង​មានប្រសាសន៍ថា ថ្វីបើនាង​ Cafferkey នេះ​ទទួលអារម្មណ៍ថា ខ្លួន​ឯងកំពុងតែឈឺក៏ពិតមែន ក៏ប៉ុន្ដែ​នាង​ស្ថិត​នៅ​ក្នុង​ក្ដីសង្ឃឹម​ថា​ អាចនឹងជា​សះស្បើយ​នា​ពេល​ដ៏ខ្លីឆាប់ៗខាងមុខនេះ។ លោក​ Jacobs នៅមិន​អស់ចិត្ដ​អំពី​អ្វី​ដែល​ជា​ប្រភព​ដែល​គេ​មិនអាច​ដឹង​បាននៃ​វីរុស​អេបូឡានោះ។ ពេល​នេះ​ស្ដ្រី​ដែល​ជាអ្នកជំងឺ​អាច​ងើប​អង្គុយ​ អាន​កាសែត​ បរិភោគ​បាន​តិចតួច​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​នាង​សួរសុខទុក្ខ​តាម​រយៈ​ Intercom បាន​ហើយ៕
..

Post a Comment

0 Comments

Close Menu