អាការៈផ្ដាសាយបានឆ្លងរាតត្បាតនៅទូទាំងសហរដ្ឋអាមេរិកដោយបានបណ្ដាលឲ្យកុមារ១៥នាក់ស្លាប់ ដែលត្រូវបានរាយការណ៍នៅក្នុង៩រដ្ឋនាឆ្នាំនេះ។ ក្រុមមន្ដ្រីសុខាភិបាលសហព័ន្ធបានលើកយកមកនិយាយដូច្នេះកាលពីថ្ងៃអង្គារដោយគេនៅពុំទាន់ព្យាករបានពីអាការៈធ្ងន់យ៉ាងដូចម្ដេចនោះទេនៅក្នុងរដូវកាលនេះ។
ក្មេង៤នាក់ក្នុងចំណោមក្មេងដែលបាត់បង់ជីវិតទាំងអស់នោះ ជាចំនួនអ្នកស្លាប់គិតមកដល់ថ្ងៃចុងសប្ដាហ៍ទី២០ខែធ្នូកន្លងមកពេលដែលអាការៈផ្ដាសាយបានបង្កើនកម្រិតចម្លងរាតត្បាតដល់កុមារ និងមនុស្សចាស់។ នេះបើយោងតាមការឲ្យដឹងពីមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លង។
មាន៩រដ្ឋហើយដែលបានរាយការណ៍ពីករណីស្លាប់របស់ក្មេងនោះ មានរដ្ឋអារីហ្សូណា កូឡូរ៉ាដូ ផ្លរីដា មីណេសូតា ន័រតការ៉ូលីណា ណេវ៉ាដា អូហៃយ៉ូ តិចសាស់ និងវៀរហ្សីនៀ។
ជាមួយនឹងរដូវផ្ដាសាយដែលអូសបន្លាយពេលវេលារបស់វាចាប់តាំងពីរដូវស្លឹកឈើជ្រុះរហូតដល់រដូវផ្ការីកនោះចំនួនអ្នករងអាការៈផ្ដាសាយកើនឡើង។ នេះបើតាមការលើកឡើងរបស់លោក Joe Bresee នាយកនៃសាខាស្ថាប័ន CDC ទទួលបន្ទុកផ្នែកបង្ការជំងឺរាតត្បាត។ បើយោងតាម CDC រាយការណ៍មកនោះថា កាលពីរដូវផ្ដាសាយឆ្នាំទៅមិញមានកុមាររហូតដល់ទៅ១០៩នាក់បានស្លាប់ ព្រោះតែផ្ដាសាយនេះ។
មរណៈភាពរបស់មនុស្សចាស់ដោយសារបញ្ហាសួត និងផ្ដាសាយនោះវិញមិនមានកើនឡើងគួរឲ្យកត់សម្គាល់នោះទេកាលពីរយៈពេលពីររដូវកន្លងមកនេះ។
ផ្ដាសាយជាហានិភ័យដ៏ធំធេងចំពោះកុមារនិងជនចាស់ជរា។ រោគសញ្ញានៃជំងឺនេះគឺគ្រុនក្ដៅខ្លួន គ្រុនរងា តឹងច្រមុះ ហៀរសំបោរ ឈឺបំពង់ក ឈឺក្បាល និងអស់កម្លាំងល្ហិតល្ហៃ៕
ស.ប.ឆ

0 Comments