បន្ទាយមានជ័យ ៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកកម្លាំងនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តទាំងអស់ បានចុះល្បាតនៅគ្រប់ច្រកល្ហកទាំងអស់នៅក្នុងខេត្ត ដើម្បីការពារនៅថ្ងៃបុណ្យឆ្លងឆ្នាំសាកល និងយាមប្រចាំការ ការពារសន្តិសុខនៅពេលថ្ងៃនិងនៅយប់។
នៅបណ្តាអធិការដ្ឋាន នគរបាលតាមស្រុកនានាក៏ត្រូវយាមរឹតបន្តឹងសន្តិសុខដែរពិសេសសម្រាប់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណជាទីរួមខេត្តនោះវិញ នគរបាលជាច្រើននាក់បានចុះល្បាត និងយាមកាមប្រចាំការនៅតាមគោលដៅរៀងៗខ្លួនតាំងពីក្បាលល្ងាច រហូតដល់យប់ជ្រៅ និងបន្តរហូតដល់ព្រឹកទៀបភ្លឺទៀតផងតាមរយៈការបែងចែកនិងដាក់វេនគ្នាជាប្រចាំ។ ជាក់ស្តែងនៅយប់ថ្ងៃទី១ខែមករា ឆ្នាំ២០១៥នេះកម្លាំងនគរបាលពាក់ព័ន្ធទាំងថ្នាក់ខេត្តថ្នាក់ក្រុងនិងទាំងថ្នាក់មូលដ្ឋានបានយាមប្រចាំការនៅចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋជាពិសេសនោះការទប់ស្កាត់ បទល្មើសនានាដែលអាចកើតមានឡើង។ នៅយប់ថ្ងៃដដែលនេះគេសង្កេតឃើញស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក
ឧត្តមសេនីយ៍ អាត់ ខែម បានអញ្ជើញចុះទៅពិនិត្យមើល កម្លាំងផ្ទាល់តែម្តង ដើម្បីពង្រឹងបន្ថែម និងណែនាំចំពោះការងារ សន្តិសុខ ជូនប្រជាពលរដ្ឋ។
មន្ត្រីនគរបាលខេត្ត បន្ទាយមានជ័យបានថ្លែងបញ្ជាក់ថា លោកស្នងការបានចុះមកមើលកម្លាំងយាមតាមគោលដៅនៅរង្វង់មូលស្រីគ្រប់លក្ខណ៍ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋយើងនៅពេលល្ងាចនិងនៅពេលយប់រហូតដល់យប់ជ្រៅ និងកម្លាំងខ្លះទៀតបន្តរហូត ដល់ទៀបភ្លឺតែម្តង។ នៅចំពោះមុខ មន្ត្រីនគរបាល ទាំងនេះ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការណែនាំ និងជំរុញឲ្យបង្កើន ការយកចិត្តទុកដាក់ កុំធ្វេសប្រហែស ដើម្បីបង្ហាញ និងផ្តល់ជំនឿចិត្ត ជូនប្រជាពលរដ្ឋ រស់នៅទីរួមខេត្តនេះ។ លោកស្នងការបាន លើកឡើងទៀតថា នៅពេលកម្លាំងចុះល្បាតនិងយាមប្រចាំការទាំងថ្ងៃទាំងយប់ធ្វើឲ្យជនល្មើសខ្លះ មិនអាចធ្វើសកម្មភាពបាននោះទេហើយម្យ៉ាងទៀតនៅពេលមានបទល្មើសអ្វីមួយកើតឡើងកម្លាំងរបស់នគបាលនឹងអាចជួយអន្តរាគមន៍ភ្លាមៗទាន់ហេតុការណ៌ផងដែរដោយសារមានការរឹតបន្តឹងក្នុងការយាមល្បាត និងយកចិត្តទុកដាក់របស់លោកអាត់ខែមស្នងការនគរបាលខេត្ត ទើបនៅពេលបុណ្យឆ្លងឆ្នាំសាកលក្នុងខេត្តបន្ទាយមានជ័យគ្មានអ្វីកើតឡើនោះឡើយ៕

0 Comments