Ad Code

លោក​អភិបាលខេត្ត​ប្រតិកម្ម​អ្នក​យក​សំរាម​ទៅ​ចាក់ចោល​តាម​ចិញ្ចើម​ផ្លូវ​កៅស៊ូ ខាងកើត​ស៊ីម៉ាក់ អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​មិនទាន់​បាន

លោក​អភិបាលខេត្ត​ប្រតិកម្ម​អ្នក​យក​សំរាម​ទៅ​ចាក់ចោល​តាម​ចិញ្ចើម​ផ្លូវ​កៅស៊ូ ខាងកើត​ស៊ីម៉ាក់ អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​មិនទាន់​បាន

កំពង់ឆ្នាំង ៖ នៅ​តាម​ចិញ្ចើម​ផ្លូវ​កៅស៊ូ​ប្រវែង​ប្រមាណ​៥០០​ម៉ែត្រ នៅ​ខាងកើត​បន្ទាយ​ស៊ីម៉ាក់​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​គេ​យក​សំរាម​ទៅ​ចាក់ចោល​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​ខែ​មក​ហើយ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មាន​ប្រតិកម្ម លើកឡើង​ក្នុង​វេទិកាសាធារណៈ​មួយ​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​សាលាក្រុង​កំពង់ឆ្នាំង។

មកដល់ពេលនេះ​ការ​ចាក់សំរាម​មកដល់ពេលនេះ​កាន់តែ​កើនឡើង​រាល់ថ្ងៃ គេ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ទប់ស្កាត់​បាន​នោះ​ឡើយ។

នៅក្នុង​វេទិកា​នោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា តាម​លោក​ដឹង​សំរាម​ទាំងនោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង បាន​វេច​ខ្ចប់​ដាក់​ការុង ឬ​ស្បោង​ផ្លា​ស្ទីក​ដែល​ជា​សំរាម​តាម​ផ្ទះ​យក​ទៅ​បោះចោល​ទីនោះ​នៅពេល​យប់ លោក​ឆ្ងល់​ថា​សេវា​ប្រមូល​សំរាម​ក្នុង​១​ខែៗ​ថ្លៃ​តែ​៥​ពាន់​ទៅ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ហេតុអ្វី​ក៏​ពួកគាត់ មិន​ព្រម​បង់​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម បែរជា​សុខចិត្ត​លួច​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន អនាម័យ និង សុខមាលភាព​ប្រជាពលរដ្ឋ ក៏​ដូចជា​ប៉ះពាល់​ដល់​សោភណភាព​ទីក្រុង​ផង​ដែរ។

លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​សហការ​ទប់ស្កាត់ និង​លុបបំបាត់​ភាព​អនាធិបតេយ្យ​ខាងលើ​នេះ ដោយ​រក ឲ្យ​ឃើញ​អ្នក​យក​សំរាម​ទៅ​បោះចោល និង​ចាប់​ផាកពិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បីអោយ​ពួកគេ​បញ្ឈប់​សកម្មភាព​លួច​យក​សំរាម​ទៅ​បោះចោល​នៅ​ចំណុច​ខាងលើ និង​ចំណុច​ផ្សេងៗ​មួយ​ចំនួន​ទៀត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង។

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ លោក សិ​ដ្ឋ សុខ​រិ​ន ចៅ សង្កាត់​ប្អេ​រ បាន​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​សំរាម​នៅ​ចំណុច​ខាងលើ​នេះ កន្លងមក​លោក​បាន​ឲ្យ​ប្រជា​ការពារ​ប្រមូល​ដុត​ចោល​អស់​មួយចំនួន​ហើយ និង​អោយ​ប្រជា​ការពារ​ចាំ​ឃ្លាំមើល ចាប់​អ្នក​លួច​យក​សំរាម​មក​បោះចោល​នៅ​ទី​នេះ ដើម្បី​ធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ការ​យក​សំរាម​មក​បោះចោល​នៅ​ទីនោះ។ ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជា​ការពារ នៅក្នុង​កិច្ចការ ខាងលើ​នេះ លោក​នឹង​ផ្តល់​ជា​រង្វាន់​អោយ ប្រសិនបើ​ចាប់បាន​អ្នក​សំរាម​ទៅ​បោះចោល​ម្នាក់ លោក​ឲ្យ​រង្វាន់​លើកទឹកចិត្ត​៤​ម៉ឺន​រៀល។

លោក​ចៅសង្កាត់​បាន​ឲ្យ​ដឹង​ទៀត​ថា សំរាម​ទាំងនោះ​មួយចំនួន​ចេញពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តាម​មូលដ្ឋាន​ផ្សេងៗ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​មួយ​ចំនួន​ទៀត​ជា​សំរាម របស់​អាជីវករ​លក់​ដូរ​នៅក្នុង​ផ្សារ​លើ​និង​ផ្សារ​ក្រោម។ លោក​គិតថា​ថ្ងៃ​ណាមួយ​ប្រជា​ការពារ នឹង វែកមុខ​អ្នក​យក​សំរាម​យក​មក​ចោល​នៅ​ទីនោះ​ជាមិនខាន​ឡើយ៕

ឈៀង ថា​រិ​ទ្ធ

Post a Comment

0 Comments

Close Menu