Ad Code

ក្នុង​ឆ្នាំ​២០១៤​ នៅ​ភ្នំពេញ​មាន​អ្នក​រៀបការ​ជិត​៤.០០០​គូ


ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​ ដែល​ជា​វ័យ​បំពេញការងារ​ និង​ជា​វ័យ​ដែល​ត្រូវ​ចូល​រោងការ​ផង​ដែរ​នោះ ក្នុង​នោះ​គ្រាន់តែ​ឆ្នាំ​២០១៤​កន្លងមក​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​រៀប​អាពាហ៍ពិពាហ៍​រហូតដល់​៤.០០០​គូ។​

យោង​តាម​គេហទំព័រ​សុខភាព​កម្ពុជា​ដែល​បាន​ដកស្រង់​ប្រសាសន៍​មន្ត្រី​អត្រានុកូលដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ភ្នំពេញ​ឆ្នាំ​២០១៤​អ្នក​រៀបការ​ដែល​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ជិត​៤.០០០​គូ។ បើ​គិត​ទាំង​អ្នក​រស់​នៅ​ជាមួយគ្នា​ដោយ​មិន​រៀបការ​ឬ មិនបាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ឬ​ស្នេហា​លួចលាក់​គឺ​ប្រហែលជា​ច្រើនជាង​នេះ។ ចំណែក​ឯ​អ្នក​លែង​គ្នា​វិញ​ក៏​មិន​តិច​ដែរ។ មន្ត្រី​អត្រានុកូលដ្ឋាន​ដដែល​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​មក​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​បាន​រៀប​អាពាហ៍ពិពាហ៍​កូនចៅ​របស់​ខ្លួន​ចំនួន​៣.៩៨៧​គូ​,​កើត​១១.៦៨៧​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​២.១០៤​នាក់ ដែល​អ្នក​ស្លាប់​ទាំងនោះ​រាប់​បញ្ជូន​ទាំង​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​ស្លាប់​ដោយ​ជំងឺ និង​ចាស់ជរា​ផង​ដែរ​។​

នៅក្នុង​រដូវ​រៀប​អាពាហ៍ពិពាហ៍​នេះ​ ប្រជាពលរដ្ឋ​ម្នាក់ៗ​ទាំង​អ្នកមាន​ជីវភាព​ធូរធារ​ និង​មធ្យម​ពេល​ជួបគ្នា​តែងតែ​សួរ​គ្នា​ទៅវិញទៅមក​ថា ​ខែ​នេះ​ចូល​ធៀប​ការ​ប៉ុន្មាន​រោង​ឬ​ធៀប។ មាន​ខ្លះ​ទទួល​បាន​រហូតដល់​៣០​ធៀប​ក៏​មាន ​រីឯ​ខ្លះទៀត​ទទួល​បាន​ជាង​១០​ធៀប។ ប៉ុន្តែ​យ៉ាងហោចណាស់​ក្នុង​គ្រួសារ​នីមួយ​ក្នុង​រដូវ​អាពាហ៍ពិពាហ៍​ក៏​ទទួល​បាន​ធៀប​ការ​២​ទៅ​៣​ដែរ​ក្នុង​១​ខែ។​

អ្នក​ដែល​ទទួល​បាន​ធៀប​ការ​ច្រើន​ ត្រូវ​បាន​គេ​នាំគ្នា​និយាយ​ថា ​ជា​មនុស្ស​ដែល​មាន​អ្នក​រាប់​អាន​ច្រើន​និង​ញាតិមិត្ត​ច្រើន តែ​កុំ​ភ្លេច​ការ​ចំណាយ​ក៏​ច្រើន​ដែរ​ បើ​ក្នុង​មួយ​ខែ​ចូល​ធៀប​ការ​តែ​៣០​នោះ​ការ​ចំណាយ​ទៅវិញ​ក៏​មិន​តិច​ដែរ ​ព្រោះ​ថា​សម្រាប់​ការ​ចូលរួម​មង្គលការ​មួយ​ត្រូវ​ចំណាយ​យ៉ាង​តិច​២០​ដុល្លារ​សម្រាប់​បុរស​ តែបើ​ស្រីៗ​វិញ​ត្រូវ​គិត​ពី​ការ​ចំណាយ​លើ​ការ​ផាត់មុខ​តែងខ្លួន​សំលៀក​បំពាក់​និង​គ្រឿង​អលង្ការ។ តែ​សម្រាប់​អ្នក​ទៅ​ទាំង​ប្ដី​ប្រពន្ធ​ការ​ចងដៃ​ទ្វេ​មួយ​ជា​ពីរ។ ដូចនេះ​សម្រាប់​អ្នក​ដែល​មាន​ប្រាក់ខែ​២០០​ទៅ​៣០០​ដុល្លារ​ចាំបាច់​ត្រូវ​ខ្ចី​គេ​បន្ថែម​ ដើម្បី​ដោះស្រាយ​ជីវភាព​ផង និង​សម្រាប់​ចងដៃ​ការ​ផង៕

សំអឿន​


Post a Comment

0 Comments

Close Menu