សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនបុគ្គលិកក្រុមហ៊ុនលក់គ្រឿងបន្លាស់ម៉ូតូ LCHម្នាក់ពីបទក្លែងឯកសារ យកលុយក្រុមហ៊ុន៨ម៉ឺនដុល្លារទៅលេងល្បែង
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ ជាអតីតបុគ្គលិកក្រុមហ៊ុនលក់គ្រឿងបន្លាស់ម៉ូតូយីហោ LCH ដែលបានដើរប្រមូលលុយពីអតិថិជន ប្រមាណជា៨ម៉ឺនដុល្លារអាមេរិក យកទៅលេងល្បែងចាញ់អស់។ ការសម្រេចឃុំខ្លួនជា បណ្តោះអាសន្ន នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ១១ ខែមករាឆ្នាំ២០១៥ លោក កោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្នទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ ថៃ គឹមអៀន មានតួនាទីជាប្រធានរដ្ឋបាលក្រុមហ៊ុន លក់គ្រឿងបន្លាស់ម៉ូតូយីហោ LCH។ ដែលបានប្តឹងឈ្មោះ មុយ ពីឡុត ពីបទរំលោភទំនុកចិត្ត និងក្លែងបន្លំឯកសារនិងពីបទលួចលុយក្រុមហ៊ុន៨ម៉ឺនដុល្លារទៅលេង ល្បែងស៊ីសងអស់ដោយមិនបានប្រគល់ឱ្យក្រុមហ៊ុនវិញ។
ជនសង្ស័យឈ្មោះ មុយ ពីឡុត ជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងបន្លាស់ម៉ូតូយីហោ LCH ត្រូវព្រះរាជអាជ្ញារងកែវ សុជាតិចោទពីបទរំលោភសេចក្តីទុកចិត្ត និងក្លែងបន្លំឯកសារ ប្រមូលប្រាក់ពីអតិថិជនរបស់ក្រុមហ៊ុនដើម្បីយកទៅលេងល្បែងស៊ីសង។
បើតាមជនសង្ស័យ មុយ ពីឡុត បានសារភាពថា ខ្លួនមានតួនាទីជាអ្នកលក់គ្រឿងបន្លាស់ម៉ូតូ និងជាអ្នកប្រមូលលុយប្រចាំតំបន់រាជធានីភ្នំពេញ។ កាលពីអំឡុងឆ្នាំ២០០៦ ខ្លួនបានចូលធ្វើការនៅក្រុមហ៊ុនខាងលើនេះតាមរយៈ ឈ្មោះ គឹម សំណាង និងគឹម ធី ដែលជាអ្នកគ្រប់គ្រងផ្នែកលក់នៅក្នុងក្រុមហ៊ុន និងជាមិត្តភក្តិរបស់ខ្លួន។ ក្រោយមកទៀតខ្លួនបាន វក់នឹងល្បែងស៊ីសង និងចាញ់ល្បែងស៊ីសងអត់លុយ និងទ្រព្យរលីង ទើបក្រោយមកខ្លួនបានមានគំនិតក្លែងបន្លំឯកសារក្រុមហ៊ុនដើម្បីប្រមូលលុយពីអតិថិជនរបស់ក្រុមហ៊ុនបានប្រមាណជា ៨ម៉ឺនដុល្លារអាមេរិក ទៅលេងល្បែងបន្តទៀតក្រែងលោស្រង់ដើមបានខ្លះ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ដោយចោទពីបទរំលោភសេចក្តី ទុកចិត្ត និងក្លែងបន្លំឯកសាររបស់ក្រុមហ៊ុន៕
ឌួងវិរះជ័យ
0 Comments