ភ្នំពេញ ៖ លោក Chen Rongshu អនុប្រធានអគ្គសហពន្ធសហជីពចិន (ACFTU) កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក រដ្ឋមន្ត្រីនៅទីស្ដីការក្រសួង។
នៅក្នុងជំនួបនោះលោក Chen Rongshu អនុប្រធានអគ្គសហព័ន្ធសហជីពចិន (ACFTU) បានលើកឡើងថា ទស្សនកិច្ចរបស់គណៈប្រតិភូរបស់លោកមកបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ ក្នុងគោលបំណងចំនួន៣គឺ ទី១.គឺដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ទី២.ទំនាក់ទំនងរវាងកម្មករនិយោជិត និងនិយោជក និងទី៣.គណៈប្រតិភូចង់ដឹងបន្ថែមទៀតពីតួនាទី និងសកម្មភាពការងាររបស់សហជីពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៏ដើម្បីពង្រឹងនូវចំណងមិត្តភាពរវាងសហជីពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមួយកម្រិតទៀត។
លោករដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះដំណើរបំពេញបេសកកម្មរបស់គណៈប្រតិភូ អគ្គសហព័ន្ធសហជីពចិន ដែលសកម្មភាពនេះ គឺជាការបង្ហាញនូវស្មារតីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតាំងពីយូរលង់មកលើពហុវិស័យស៊ីជម្រៅ និងជាយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន។
លោក អ៊ុំ មាន មានប្រសាសន៍ថា ក្នុងនាមក្រសួង ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ (ILO) បានយកចិត្តទុកដាក់អនុវត្តអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ក្នុងនោះមានអនុសញ្ញាស្នូលទាំង៨ ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ ជាពិសេសអនុសញ្ញាលេខ៨៧ និងលេខ៩៨ ដែលនិយាយអំពីសិទ្ធិបង្កើតសមាគម មានន័យថា សិទ្ធិនៃការបង្កើតអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត(អង្គការ សហជីពកម្មករ) និង អង្គការវិជ្ជាជីវៈរបស់និយោជក(សមាគមនិយោជក)។ លោកបានមានប្រសាសន៍បន្តថា អង្គការសហជីព អង្គការនិយោជក និងអង្គការអន្តរជាតិខាងការងារ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការចូលរួមក្នុងវិស័យនានានៃប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា។ ដោយឡែកក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង អង្គការទាំងនេះ ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាប្រាក់ឈ្នួលអប្បបរមាផងដែរ។
លោកបានប្រាប់គណៈប្រតិភូថា«កម្មករនិយោជិត និងនិយោជកជាដៃគូរមិនអាចខ្វះគ្នាបាន និងជាឆ្នាំបាយរួមតែមួយក្រសួងតែងតែចាត់ទុកខ្លួនជាឪពុកម្ដាយរបស់កូនទាំងពីរ គឺនិយោជក និងកម្មករនិយោជិត ដោយអនុវត្តគោលការណ៍សមធម៌ ក្នុងការការពារផលប្រយោជន៏របស់ពួកគេ»។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំធ្វើយ៉ាងណាដើម្បីឲ្យភាគីទាំងពីរយល់ថាសហគ្រាស គ្រឹះស្ថាន ជាឆ្នាំងបាយរួមរបស់កម្មករ-និយោជិត និង និយោជក ហើយកម្មករនិយោជិត និងនិយោជកជាដៃគូរមិនអាចខ្វះគ្នាបានក្នុងផលិតកម្ម។ គូសបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៤ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីកាមានចំនួនសរុប៣.២១៩ ក្នុងចំណោមរោងចក្រចំនួនប្រមាណ៩៦០ និងកម្មករនិយោជិតប្រមាណ៦៣០.០០០នាក់៕
សំអឿន
0 Comments