ល្បែងស៊ីសងជល់មាន់ កន្ទុយលេខ ភ្នាល់ប្រដាល់ កំពង់ពេញនិយមនៅស្រុកសំរោង
តាកែវ ៖ ក្រោយពីមានការបង្ក្រាបជាយូរខែកន្លងមកហើយដែលដឹកនាំដោយលោកញ៉ែមស្រស់ ជាចៅហ្វាយស្រុកសំរោង។ ត្រូវបានស្ងប់ស្ងាត់មួយរយៈពេលប៉ុន្តែឥឡូវ ល្បែង ស៊ីសង ជល់មាន់កន្ទុយលេខ ភ្នាល់ប្រដាល់កំពុងពេញនិយម នៅទូទាំងស្រុកសំរោង ដោយ មិនមានការខ្លាចរអាចំពោះសមត្ថកិច្ចបន្តិចសោះឡើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋស្ទើរគ្រប់ឃុំក្នុងចំណោមឃុំទាំង១១ បានឲ្យដឹងថា ល្បែងស៊ីសង ជល់មាន់ កន្ទុយលេខ ភ្នាល់ប្រដាល់ មាននៅថ្នល់កែង ភូមិកាយបាំង ឃុំសិង្ហ។ មានសង្វៀនប្រជល់មាន់ចំនួន ៣កន្លែង កត់ឆ្នោត កន្ទុយលេខចំនួន ២កន្លែង តូបកាហ្វេភ្នាល់ប្រដាល់ចំនួន ២។ នៅឃុំស្លា ភូមិស្លា មានមេកត់កន្ទុយលេខដែល ហ៊ានទទួលលុយរាប់លាន ពីកូនស៊ី។ នៅផ្សារបត់រការភូមិព្រៃទទឹងមានកន្លែងកត់កន្ទុយលេខ និងភ្នាល់ប្រដាល់ជាច្រើនកន្លែង។ ផ្សាយាយត្រប់ឃុំរវៀងមានកន្លែងជល់មាន់ ៣កន្លែង មេកត់កន្ទុយលេខចំនួន ៥ ភ្នាល់ប្រដាល់ចំនួន ៤ ផ្សារថ្នល់ទទឹងមានកន្លែងជល់មាន់ចំនួន ២កន្លែង មេកត់កន្ទុយលេខ ៣ និងភ្នាល់ប្រដាល់ចំនួន ៣ ផ្សារស្វាយព្រៃកន្លែងជល់មាន់ចំនួន ២ កន្លែង មេកត់កន្ទុយលេខ ២ និងភ្នាល់ប្រដាល់ចំនួន ២ ផ្សារស្លាគូ ឃុំត្រាញ់ខាងត្បូង កន្លែងជល់មាន់ចំនួន ២ កន្លែង មេកត់កន្ទុយលេខ ២ និងភ្នាល់ប្រដាល់ចំនួន ២។ ផ្សារថ្នល់បត់ជាកន្លែងសំបុកធំជាងគេនៅទូទាំងស្រុក កន្លែងជល់មាន់ ៥ កន្លែងមេធំកត់កន្ទុយលេខ និងទទួលកូនស៊ីវចំនួន ៨ និង កន្លែងភ្នាល់ប្រដាល់ខាងលិចនិងខាងកើតផ្លូវជាតិ ចំនួន ៦។ ផ្សារបាំងកាសី កន្លែងជល់មាន់ចំនួន ២ កន្លែង មេកត់កន្ទុយលេខ ៥ និងភ្នាល់ប្រដាល់ចំនួន ៤។
ប្រជាពលរដ្ឋនិយាយតៗគ្នាថា សម័យឥឡូវនេះនៅក្នុងស្រុកសំរោង គេពេញនិយមល្បែងស៊ី សង ទាំងនេះណាស់ពីព្រោះគ្មានប៉ូលិស និងប៉េអិមបង្ក្រាប។ បើបង្ក្រាបវិញនោះគឺចាប់យកតែ លុយដាក់ក្នុងហោបាវប៉ុណ្ណោះ។ ដូចជាករណីបង្ក្រាបនៅឃុំជើងគួន ដែលដឹកនាំដោយកម្លាំង ប៉េអិម ខេត្ត កាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០១៥ បានចាប់បានវត្ថុតាងជាច្រើនប៉ុន្តែត្រូវ ដោះលែងអោយរួចខ្លួនទាំងអស់។ ប្រជាពលរដ្ឋបន្តទៀតថា ការបង្ក្រាបពីសមត្ថកិច្ច សូមអោយដូចភ្លៀងរលឹម បង្ក្រាបហើយបង្ក្រាបទៀត ធ្វើយ៉ាងណាអោយមនុស្សរាងចាល បើទុក អោយនៅមានល្បែងនេះទៀត ប្រជាពលរដ្ឋពិតជាក្រីក្រអ្នកខ្លះចងការរដ្ឋយកទៅលេងល្បែង អ្នកខ្លះទៀតអស់ដី អស់ផ្ទះ អស់ម៉ូតូ អស់រថយន្ត លែងលះប្តីប្រពន្ធ កើតអំពើហិង្សារាល់ថ្ងៃ។
ពាក់ព័ន្ធនិងបញ្ហាល្បែងស៊ីសងជល់មាន់ កន្ទុយលេខ និង ភ្នាល់ប្រដាល់ខាងលើនេះ មន្ត្រីសាលាស្រុកម្នាក់បាននិយាយថា លោកអភិបាលស្រុកមានគម្រោងចុះបង្ក្រាបទៀត ហើយប៉ុន្តែគ្មានអ្នកប្តឹង មិនដឹងជាគេជល់មាន់ពេលណា ការចុះបង្ក្រាបនេះទាល់តែមានដីកាពីតុលាការ ទើបអាចចុះបង្ក្រាបបាន៕
វាសនា
0 Comments