Ad Code

ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​គ្រឿងញៀន​ដល់​សិស្ស​វិទ្យាល័យ​ស្ទឹងហាវ​ចំនួន​ជាង​៥០០​នាក់


ព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៥ ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​ដោយសារ​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ស្រុក​ស្ទឹងហាវ​ចំនួន​៥១០​នាក់ ស្រី​២៦៤​នាក់ ក្រោម​អធិបតីភាព​លោក​សាន់ ប៊ុនថន ស្នងការ​រង​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស។

លោក សាន់ ប៊ុនថន មាន​ប្រសាសន៍​ថា គ្រឿងញៀន​មាន​ពីរ​ប្រភេទ គឺ​គ្រឿងញៀន​ប្រភេទ​រុក្ខជាតិ​មាន​ដូច​ជា ស្រា បារី កញ្ឆា ចំណែក​គ្រឿងញៀន​សំយោគ​មាន​ដូចជា ដើម​រុក្ខជាតិ​យក​មក​ផ្សំ​សំរាញ់​លាយ​ជាមួយ​ជាតិគីមី បម្លែង​ទៅជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ WY និង​មេ​តំ​ហ្វេ​តា​មីន ICE ទឹកកក ដែល​កំពុង​ចរាចរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ព្រោះ​កាលណា​យើង​បាន​ប្រើប្រាស់​គ្រឿង​ញៀន​ហើយ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​គ្រួសារ សង្គមជាតិ​ជាពិសេស​បាត់បង់​នូវ​ធនធាន​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​បាត់បង់​ថវិកា និង​មាន​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍ ជំងឺ​អេដស៍ ដោយសារ​ការ​ម្ជុលចាក់​រួមគ្នា​បញ្ហា​ទាំងនេះ​ដែល​នាំ​ឲ្យ​យើង​ធ្វើការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ចូលរួម​លុបបំបាត់ ជា​ពិសេស​ការ​រត់​ពន្ធ​ដោយ​ខុសច្បាប់ និង​ការស្រាវជ្រាវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ចូលរួម​សហការ​ទប់ស្កាត់​នូវ​ការ​ធ្វើ​ចរាចរ​គ្រឿងញៀន​ដែល​នាំចូល​ផ្ទៃក្នុង​ភូមិ​សាស្ត្រ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។

លោក​ តាក សា​រិ​ទ្ធិ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​សិស្សា​នុសិស្ស ដោយ​បាន​បញ្ជាក់​ថា គ្រឿងញៀន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​បាត់បង់​លុយកាក់ បាត់បង់​ការសិក្សា បាត់បង់​កិត្តិយស និង​ភាព​ថ្លៃថ្នូរ ប្រឈមមុខ​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ បាត់បង់​មិត្ត​ល្អ បាត់​បង់​គ្រួសារ​មាន​ដូចជា​ ទ្រព្យសម្បត្តិ កិត្តិយស​គ្រួសារ មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ បាត់បង់​សាច់ញាតិ ប៉ះពាល់​សហគមន៍ កើតមាន​អំពើ​លួច ឆក់ ប្លន់ អំពើ​ហិង្សា​កើតមាន​ញឹកញាប់ គ្រោះថ្នាក់​ចរាចរ បាត់​បង់​ចំណូល​សហគមន៍​លើ​វិស័យ​ទេសចរណ៍​ជាដើម។ សង្គមជាតិ​បាត់បង់​នូវ​ធនធានមនុស្ស ខ្វះ​ការ​ពង្រឹង​ប្រតិបត្តិ​ច្បាប់​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើស​លុប​ឥត​ប្រយោជន៍​សេដ្ឋកិច្ចជាតិ​មិន​រីកចម្រើន​បាត់បង់​កិត្តិយស​ជាតិ។

លោក​បាន​បញ្ជាក់​ទៀត​ថា គ្រឿងញៀន​ជា​សារធាតុ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​សរសៃប្រសាទ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ញៀន​ខ្លាំង​ពិបាក​ក្នុង​ការ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​មិន​មែន​ជា​ការ​ដោះ​ស្រាយ​បញ្ហា​បានទេ វា​គ្រាន់តែ​ជា​សោកនាដកម្ម​បន្ថែម​មួយ​ថ្មី​ទៀត​តែប៉ុណ្ណោះ ព្រោះ​គ្រឿងញៀន​មិន​មែន​ជា​ចំណីអាហារ​ដែល​អាច​ភ្លក់ ឬ​សាកល្បង​បានទេ គ្រឿងញៀន​មិន​មែន​ជា​ឱសថ​លើក​កម្លាំង ដើម្បី​ទ្រាំ​ទ្រង់​នឹង​ការងារ​ធ្ងន់ធ្ងរ​ទេ ការ​ប្រើប្រាស់​គ្រឿងញៀន​មិនអាច​បំភ្លេច​ទុក​កង្វល់​បានទេ ប៉ុន្តែ​ទម្រាំ​ដឹងខ្លួន​ថា​ខុស​នោះ ខ្លួន​យើង​ញៀន​រួចស្រេច​ទៅ​ហើយ ដែល​ជា​បញ្ហា​ធ្លាក់​មក​លើ​ក្រុម គ្រួសារ សាច់ញាតិ ដូច្នេះ​យើង​មិន​ត្រូវ​សាកល្បង​ប្រើប្រាស់​គ្រឿងញៀន​នាំ​ទុកដាក់​ខ្លួន ហើយ​ការ​បោះ​បង់​គ្រឿងញៀន​គឺជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ល្អ​បំផុត​ដើម្បី​អនាគត​របស់​ប្អូនៗ។​

នៅក្នុង​ឧកាស​នោះ​លោក​ សាន់ ប៊ុនថន ក៏​បាន​ប្រគល់​ផ្លូវ​បេតុង​ដែល​មាន​ទទឹង​៥​ម៉ែត្រ បណ្តោយ​៦០​ម៉ែត្រ ដែល​ជា​អំណោយ​របស់​លោក សហការី និង​សប្បុរសជន​បាន​ជួយ​សាងសង់​ផ្លូវ​នេះ​ដោយ​ចំណាយ​ថវិកា​ជាង​៥.០០០​ដុល្លារ​អាមេរិក ព្រមទាំង​ចែក​អំណោយ​ជូន​ដល់​សិស្ស​ក្រីក្រ​ចំនួន​៣០​នាក់ ស្រី​២០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​ខោអាវ​មួយ​កំប្លេ និង​ថវិកា​២០.០០០​រៀល និង​ផ្តល់​ថវិកា​ជូន​ការិយាល័យ​អប់រំ​ស្រុក​៥០០.០០០​រៀល សាលា​វិទ្យាល័យ​ស្រុក​ស្ទឹងហាវ​៥០០.០០០​រៀល គណបក្ស​ស្រុក​ស្ទឹងហាវ​៥០០.០០០​រៀល ដោយឡែក​អង្គការ​ម្លប់​តាប៉ាង ក៏​បាន​ផ្តល់​ខោអាវ​ម្នាក់​មួយ​កំប្លេ និង​សម្ភារ​សិក្សា​មានការ​តាប​ស្ពាយ សៀវភៅ ខ្មៅ​ដៃ ប៊ិច មួយចំនួន​ជូន​ដល់​សិស្ស​ក្រីក្រ​ផង​ដែរ​៕ ស៊ុយ ចាន់​ធា

Post a Comment

0 Comments

Close Menu