Ad Code

កំណាត់​ផ្លូវ​ជាតិ​លេខ​១​ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ទៅដល់​ក្តី​តា​កុយ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ខែ​មីនា

ភ្នំពេញ ​៖​ កំណាត់​ចុងក្រោយ​នៃ​ផ្លូវជាតិ​លេខ​១ ប្រវែង​៤​គីឡូម៉ែត្រ​ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្ស​ទៅដល់​ក្តី​តា​កុយ នឹង​ត្រូវ​បើក​ដំណើរការ​សាងសង់​នៅ​ខែមីនា​ខាងមុខនេះ បន្ទាប់ពី​ការ​ដោះស្រាយ​គោលនយោបាយ​នៃ​ផល​ប៉ះពាល់​បាន​បញ្ចប់​នោះ។
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ការស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​១​ចុង​បញ្ចប់​ប្រវែង​៤​គី ឡូ​ម៉ែត្រ​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ជាង​២,១១​លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន។ គម្រោង​ស្ថាបនា​ផ្លូវ​នេះ​នឹង​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​ខែកុម្ភៈ​ខាងមុខនេះ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​ការដ្ឋាន​នេះ​អាច​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ។ ផ្លូវជាតិ​លេខ​១ ជា​ផ្លូវ​ត​ភ្ជាប់​របស់​អាស៊ាន ហាយវ៉េ​លេខ​១ ដែល​ឆ្លង​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​សិង្ហ​បុរី។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា​ ដោយ​មើលឃើញ​កំណាត់​ផ្លូវ ​៤​គីឡូម៉ែត្រ​ មាន​កំណើន ចរាចរ​ច្រើន និង​ជា​ចំណុច​ច្រក​ចេញ​ចូល យ៉ាង​សំខាន់​របស់​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​ជប៉ុន បាន​សម្តេច​ដំឡើង​កម្រាស់ asphalt concrete (ac)​រហូតដល់ ២០​សង់ទីម៉ែត្រ ដែល​ពីមុន​ផ្លូវជាតិ​លេខ​១​ចាប់ពី​(​ពី​អ្នក​លឿង ​មកដល់​ក្តី​តា​កុយ )​មាន​កម្រាស់​តែ ៧​ទៅ​៩ សង់ទីម៉ែត្រ​ តែប៉ុណ្ណោះ។ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​ជប៉ុន​បាន​បន្ថែម​ថវិកា​ចំនួន ២.១១​លាន​ដុល្លារ ទៀត​លើ​គម្រោង​នេះ​។​
ឥឡូវនេះ​អាជ្ញាធរ​រាជធានី​បាន​បញ្ចេញ​គ្រឿងចក្រ សម្រាប់​ឈូស ឆាយ​បង្ហាប់​ដី​ជា​បណ្តើរៗ​នៅ​កន្លែង ដែល​មាន​ជង្ហុក​សម្បុក​មាន់​ច្រើន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ និង​បំបាត់​ដី​ហុយ​នៅលើ​កំណត់​ផ្លូវ​នេះ៕

Post a Comment

0 Comments

Close Menu