Ad Code

រឿង​សព​ស្ត្រី​រលួយ​សល់​តែ​គ្រោងឆ្អឹង​​​កំពុង​ក្លាយ​ជា​ប្រធានបទ​យ៉ាង​ស្រួចស្រាល់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៖​ ​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ក្រោយ​ពីរ​បណ្ដាញ​សារព័ត៌មាន​.​កាសែត​.​ទូរទស្សន៍​ក្នុងស្រុក​ជាច្រើន​ធ្វើការ​ចុះផ្សាយ​រិះគន់​នូវ​ភាព​មិន​ទទួល​ខុសត្រូវ​លើ​សព​ស្ត្រី​រងគ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ​ដែល​ត្រូវ​គេ​នាំគ្នា​ទុកចោល​ដូច​ខ្មោច​ឆ្កែ​តាំង​ពី​​ស្លាប់​រហូតដល់​សព​រលួយ​ជ្រុះ​សាច់​សល់​តែ​គ្រោងឆ្អឹង​ត្រូវ​សត្វ​ឆ្កែ​ចោមរោម​ខាំ​ហែក​ស៊ី​ស្អុយ​អសោច​ពេញ​ភូមិ​រួច​មក​ បញ្ហា​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ស្រួចស្រាល់​សម្រាប់​មហាជន​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ជាពិសេស​ក្រុម​អ្នក​ផឹក​កាហ្វេ​តាម​តុ​គុយទាវ​ ដោយ​ពួកគេ​ខ្លះ​និយាយ​រិះគន់​ត្រង់ៗ​ថា​ខ្មោច​មនុស្ស​ទាំងមូល​ស្លាប់​នៅ​ចំ​កណ្ដាល​ក្រុង​ ហើយ​ជា​តំបន់​ភ្ញៀវ​ទេសចរ​​ចេញចូល​ឆ្លងកាត់​ទៀត​ ហេតុ​អី​បាន​នាំគ្នា​ទុក​ខ្មោច​មនុស្ស​ចោល​ដូច​ខ្មោច​ឆ្កែ​រហូត​ទាល់​តែ​រលួយ​សល់​តែ​គ្រោង​ឆ្អឹង​ទើប​បាន​នាំគ្នា​ភ្ញាក់ផ្អើល​រក​អ្នក​ទទួល​ខុសត្រូវ។

ទង្វើ​បែបនេះ​វា​ជា​ការ​មិន​ទទួល​ខុស​យ៉ាង​ពិត​ប្រាកដ​សម្រាប់​មន្ត្រី​សមត្ថកិច្ច​ដែលពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​រាប់​ចាប់ពី​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​.​សង្កាត់​.​ប៉ូលិស​អធិការដ្ឋាន​ក្រុង​.​រហូតដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ពីព្រោះ​ជា​ធម្មតា​នៅ​ពេល​កើតមាន​បញ្ហា​​អ្វីមួយ​ជាក់ស្តែង​ដូចជា​សព​ស្ត្រី​រងគ្រោះ​ខាង​លើ​នេះ​ ​​​ភ្លាមៗ​ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​រាយការណ៍​ទៅ​ប៉ូលិស​អធិការដ្ឋាន​ក្រុង​ហើយ​ប៉ូលិស​អធិការដ្ឋាន​ក្រុង​ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ក៏​ត្រូវ​ធ្វើ​របាយការណ៍ ​ឬ​រាយការណ៍​ជាបន្ទាន់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឲ្យ​បាន​ជ្រាប​ និង​សុំ​មន្ត្រី​ប៉ូលិស​បច្ចេកទេស​ជំនាញ​ចុះ​មក​ពិនិត្យ​ផង​ដែរ។ ប៉ុន្តែ​​ជា​លទ្ធផល​ចុងក្រោយ​បែរជា​រក​អ្នក​ទទួល​ខុសត្រូវ​លើ​សព​មិន​ឃើញ​ទៅវិញ​ ហើយ​នាំគ្នា​ទុក​សព​ចោល​ដូច​ខ្មោច​ឆ្កែ​រហូត​ទាល់​តែ​រលួយ​សល់​តែ​ឆ្អឹង​ស្អុយ​អសោច​បង្ក​ភាព​ភ្ញាក់ផ្អើល​ស្ទើរ​ទូទាំង​ក្រុង​ ហើយ​សមត្ថកិច្ច​ម្នាក់ៗ​បែរជា​ឆ្លើយ​ដាក់គ្នា​យក​រួច​ខ្លួន​ដូចនេះ​ទៅវិញ​ វា​មិនល្អ​ទាល់​តែ​សោះ​តើ​ចំណុច​មិន​ទទួល​ខុសត្រូវ​បែបនេះ​វា​មកពី​រមូល​ហេតុអ្វី។ ជាមួយនឹង​ការ​វែកញែក​រក​ភាព​ទទួល​ខុសត្រូវ​យ៉ាង​ស្រួចស្រាល់​ពាក់ព័ន្ធ​នឹង​សព​ស្ត្រី​រងគ្រោះ​ខាង​លើ​នេះ ក៏​មាន​ក្រុម​អ្នក​ផឹក​កាហ្វេ​ខ្លះ​បាន​និយាយ​រិះគន់​ថា​ សព​ស្លាប់​នៅ​តាម​ទី​សាធារណៈ ​តាម​ព្រៃ​.​តាម​វាល​ ដែល​គ្មាន​ញាតិ​សន្តាន​ដូចនេះ ​វា​ជា​ប្រពៃណី​ហើយ​មិន​សូវ​មាន​គេ​រវីរវល់​នោះ​ទេ​ ពីព្រោះ​សព​ស្លាប់​បែបនេះ​វា​គ្មាន​អ្នក​ជួយ​​ឧបត្ថម្ភ​លាភសក្ការៈ ​តែ​បើសិនជា​សព​ស្លាប់​នៅ​តាម​សណ្ឋាគារ​ឬ​ផ្ទះសំណាក់​វិញ​នោះ​គេ​ តែងតែ​ឃើញ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ពពាក់ពពូន​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល​ទៅ​ដូចជា​មានការ​ទទួល​ខុសត្រូវ​ខ្លាំង​បំផុត ប៉ុន្តែ​​ទាំងនេះ​មិនមែន​បាន​ន័យ​ថា​ក្រុម​មន្ត្រី​ទាំង​អស់​នោះ​ស្រឡាញ់​ការងារ​ ឬ​តួនាទី​ខ្លួន​នោះ​ទេ ​​​គឺ​គ្រាន់​​ធ្វើ​ដើម្បី​ទទួល​បាន​នៅ​ផលប្រយោជន៍​​តែ​ប៉ុណ្ណោះ​(​គឺ​ស៊ី​តាម​ជំនាញ​)​ ហើយ​ខ្មោច​ស្លាប់​នៅ​ក្នុង​ម្ចាស់ផ្ទះ​សំណាក់​ ឬ​សណ្ឋាគារ​មួយៗ​ម្ចាស់​ទីតាំង​នឹង​ត្រូវ​ចំណាយ​លុយ​យ៉ាងតិច​បំផុត​ក៏​១០០០​ដុល្លារ​ដែរ​ បើ​មិន​អញ្ចឹង​ទេ​ខ្មោច​នោះ​ច្បាស់​ជា​ត្រូវ​គេ​រក​លេស​នេះ​លេស​នោះ​មិន​ឲ្យ​យក​ខ្មោច​ចេញ​ពី​​ផ្ទះ ​ដោយ​ទុក​ខ្មោច​ឲ្យ​ស្អុយ​ជាក់​ជាមិនខាន​ឡើយ​ វា​ផ្ទុយ​ទៅ​នឹង​ខ្មោច​ដែល​ស្លាប់​តាម​ទី​សាធារណៈ​ឬ​ក្នុង​ព្រៃ។
អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​វា​ជា​ធាតុ ពិត​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ និង​ជា​​ប្រពៃណី​អស់​ទៅ​ហើយ​សម្រាប់​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​ដែល​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ។ តាមរយៈ​​​ការ​លើក​ឡើង​នូវ​ភាព​មិន​ប្រក្រតី​ខាង​លើ​នេះ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​សូម​ធ្វើការ​អំពាវនាវ​ទៅដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មេត្តា​មាន​វិធានការ​លើ​បញ្ហា​​អសកម្ម​បែបនេះ​ផង ​​​ដើម្បី​ជា​ការ​អនុវត្ត​​ច្បាប់​ក្នុង​ភាព​ថ្លៃថ្នូរ​ និង​កិត្តិយស ​សន្តិសុខ​សុវត្ថិភាព​សង្គមជាតិ​ ជាពិសេស​កុំ​ឲ្យ​ខ្មាស​ភ្ញៀវ​ទេសចរ​​បរទេស​ដែល​កំពុង​ពេញ​និយម​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ។
គួរ​រំលឹក​ផង​ដែរ​ថា​ ករណី​ប្រទះ​ឃើញ​សាក​សព​នេះ​បាន​កើតឡើង​តាំង​ពី​​ថ្ងៃ​ទី​៣១​ ខែធ្នូ ​ឆ្នាំ​២០១៤​មក​ម្ល៉េះ ​ដោយ​សាកសព​ស្ថិត​នៅ​ត្រង់​ចំណុច​ខ្ចុះ​មួយ​កន្លែង​ជាប់​មាត់​បឹង​ព្រែក​ទប់​ស្រប់ ​និង​ដង​ផ្លូវ​សណ្ឋាគារ​ប្រាំពីរ​ជាន់​ស្ថិតនៅ​ក្នុង​ភូមិ​លេខ​១ ​សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ ហើយ​ភ្លាមៗ​គ្រប់​សមត្ថកិច្ច​គេ​ឃើញ​ចុះទៅ​ពិនិត្យមើល​ផង​ដែរ​ ប៉ុន្តែ​​មិន​បាន​ធ្វើការ​វេច​ខ្ចប់​ទុកដាក់​សព​យក​ទៅ​បូជា​ ឬ​កប់​នោះ​ទេ​បែរជា​នាំ​ទុកចោល​រហូតដល់​ថ្ងៃ​ទី​០៧ ខែ​​មករា​ ឆ្នាំ​២០១៥​ សព​ឡើង​ស្អុយ​​រលួយ​ត្រូវ​សត្វ​ឆ្កែ​ខាំ​ហែក​ស៊ី​អូស​ពេញ​ភូមិ​​បង្ក​ភាព​ភ្ញាក់​ផ្អើល​ទើប​នាំ​គ្នា​ឆោឡោ​រក​អ្នក​ទទួល​ខុសត្រូវ៕

Post a Comment

0 Comments

Close Menu