Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ ខែមករា​ បាន​កើតឡើង​១១​លើក ស្លាប់​០៦​នាក់ និង​របួសធ្ងន់​ស្រាល​១៨​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក ក្នុង​នោះ​យប់​០៥​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ (​ស្រី​០១​នាក់​) រង​របួស​ធ្ងន់​០៨​នាក់ (​ស្រី​០២​នាក់​),​និង​របួសស្រាល​១០​នាក់ (​ស្រី​០១​នាក់​)។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​១៩​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង​,​យាន​ផ្សេងៗ​០២​គ្រឿង​ និង​ថ្មើរជើង​០២​នាក់។​

ប្រភព​ព័ត៌មាន​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​ល្មើស​ល្បឿន​០៥​លើក​,​ប្រជែង​គ្រោះថ្នាក់​០២​លើក មិន​គោរព​សិទ្ធ​០១​លើក​ និង​ស្រវឹង​០៣​លើក។ ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២១​នាក់​(​យប់​១០​នាក់​)។ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន​៦៩៧​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ទេសចរណ៍​គ្រួសារ​៩៤​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​១៥៦​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​១៣២​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ​៣១៥​គ្រឿង ហើយ​រថយន្ត​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៦១​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៥៨១​គ្រឿង​និង​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ចំនួន​៥៥​គ្រឿង៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu