អាជ្ញាធររាជធានីទទួលស្គាល់ការលិចលង់រាជធានីដោយសារជំនន់ទឹកភ្លៀង ដែលតម្រូវអោយជំនាញត្រូវឈរជើងត្រួតពិនិត្យជាប្រចាំតាមប្រឡាយទាំងអស់នោះ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ទទួលស្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានរងគ្រោះដោយសារទឹកភ្លៀងជន់លិចផ្លូវ ហើយដើម្បីធ្វើការដោះស្រាយកុំឲ្យមានការជន់លិចក្នុងរដូវវស្សាខាងលើនេះ លោកអភិបាលបានដាក់ផែនការជាថ្មីមួយទៀតនោះគឺតម្រូវឲ្យជំនាញឈរជើងត្រួតពិនិត្យជាប្រចាំតាមប្រឡាយទាំងអស់នោះ បើប្រឡាយណាមានបញ្ហាប្រឈមអ្វីមួយយើងត្រូវរួមគ្នាដើម្បីដោះស្រាយតែម្តង។
លោកអភិបាលរាជធានីភ្នំពេញជំរុញឲ្យមានវិធានការថ្មីបែបនេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំជាមន្ទីរនិងមន្ត្រីជំនាញក្នុងការស្តារប្រឡាយអូរវែង ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលព្រឹកថ្ងៃទី១៣ មករា ២០១៥នៅក្នុងសាលារាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ដើម្បីបញ្ចៀសការ ជនលិចក្នុងរដូវ ដែលមានភ្លៀងធ្លាក់អាជ្ញាធររាជធានីភ្នំពេញត្រូវតែស្តា ពង្រីកប្រឡាយទាំងអស់ក្នុងនោះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចាត់មន្ត្រីជំនាញរបស់ខ្លួនឲ្យឈរជើងត្រួតពិនិត្យជាប្រចាំតាមប្រឡាយទាំងអស់ ដើម្បីការពារការរំលោភបំពាន ក៏ដូចជាដើម្បីពិនិត្យពីស្ថានភាពផ្សេងៗ។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍បន្តថា បញ្ហាស្តាប្រព័ន្ធប្រឡាយគឺមិនអាចពន្យារពេលបាន នោះទេពីព្រោះកន្លងមករាជធានីភ្នំពេញតែងជនលិចនៅពេលមានភ្លៀងធ្លាក់ម្តងៗ ក្នុងតំបន់មួយចំនួន ដូចជាចោមចៅ ពោធិចិនតុង មន្ត្រីជំនាញតែងអះអាងថា បណ្តាលមកពីទឹកហូរពីខេត្តកំពង់ស្ពឺមក ដែលបញ្ហានេះមិនត្រូវឲ្យកើតមានទៀតនោះទេដូច្នេះនៅរដូវប្រាំងនេះ ត្រូវតែស្តាពិសេសតាមបណ្តាប្រឡាយ រំដោះ ទឹកសំខាន់ៗមួយចំនួន ក្នុងនោះត្រូវចាប់ផ្តើមពីប្រឡាយ ភាគខាងជើង ដូចជាប្រឡាយបាក់ទូក និងប្រឡាយ អូវែងជាដើម។
បើតាមបទបង្ហាញរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានី ភ្នំពេញបានឲ្យដឹងថា ប្រឡាយរំដោះទឹកពីតំបន់បឹងកក់ ទួលគោក ចាប់ពីស្ថានីយរំដោះទឹកទួលគោក តាមប្រឡាយបាក់ទូក អូវែង រហូតដល់ស្ថានីយបូមទឹកកប់ស្រូវគឺមានបញ្ហាមួយចំនួន៦ដែលត្រូវ ដោះស្រាយដូចជាទីតាំងខ្លះរួមតូច គោករាំងការដាក់លូតូចមិនសមស្របជាដើម។
ជាមួយគ្នានោះលោក នៅ សារឿន អនុប្រធានមន្ទីរសាធារណការ និងជាអ្នកដឹកនាំក្រុមការងារ ចុះពិនិត្យប្រឡាយអូវែង និងបាក់ទូកបានឲ្យដឹងថា បន្ទាប់បីការចុះពិនិត្យក្រុមការងារបានរកឃើញចំណុច មួយចំនួនដែលត្រូវដោះស្រាយបន្ទាន់ចាប់ពីចំណុចស្ថានីយបូមទឹកទួលគោក ប្រមាណ២០០ម៉ែត្រ គឺបាន គោករាក់រួមតូច និងខ្លះត្រូវបានប្រជាពលរដ្ឋរំលោភយក ក្នុងនោះចាប់ពីចំណុចតំបន់បូរីទួលសង្កែគឺត្រូវ បានចាក់ដីលុបដាក់លូមុខកាត់តូច។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ មានការដ្ឋានដាក់ប្រព័ន្ធលូនិងសាងសង់ផ្លូវបេតុងជាង៥០ ដែលសាលារាជធានីភ្នំពេញបាននឹងកំពុងស្ថាបនា៕
ស្រីរ័ត្ន
0 Comments