គណបក្សទាំងពីរនៅមិនទាន់ឯកភាពគ្នាទាក់ទងនិងរយៈពេលនៃការឃោសនាបោះឆ្នោត
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានបន្តពិភាក្សាលើសេចក្តីស្នើច្បាប់បោះឆ្នោត ប៉ុន្តែទាំងពីរនៅមិនទាន់ឯកភាពគ្នាលើចំណុចចំនួន៣ ជាពិសេសទាក់និងរយៈពេលនៃការឃោសនាបោះឆ្នោត ដោយខាងគណបក្សប្រជាជនកម្ពុជា ចង់ឲ្យប្រើរយៈពេល១៤ ថ្ងៃ ហើយខាងគណបក្សសង្គ្រោះជាតិ ចង់ប្រើរយៈពេលវែងជាងនេះ ដែលយ៉ាងហោចណាស់រយៈពេល៣០ ថ្ងៃដូចមុន។
ជំនួបចរចានារសៀលនោះ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងគណបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយលោក គួយ ប៊ុនរឿន ហើយនៅរសៀលនោះ ក្រុមការងារគណបក្សទាំងពីរបានបន្តជួបពិភាក្សាគ្នាលើជំពូកទី៧ នៃសេចក្តីព្រាងច្បាប់នោះ។ លោក គួយ ប៊ុនរឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំនោះថា នៅជំពូកទី៧ នេះយើងមានការយល់គ្នាច្រើន និងបានឯកភាពយកទៅធ្វើការកែសំរួលអំពីខ្លឹមសារនៃមាត្រាមួយចំនួន ប៉ុន្តែអ្វីដែលយើងមិនទាន់បានឯកភាពគ្នា គឺទី១, រយៈពេលនៃការឃោសនាបោះឆ្នោត ដែលខាងគណបក្សសង្គ្រោះជាតិចង់ឲ្យបានវែងជាងពីមុន ហើយយ៉ាងហោចណាស់ទុកដូចច្បាប់ចាស់ (៣០ ថ្ងៃ) សំរាប់ឲ្យគណបក្សនយោបាយមានពេលវេលាក្នុងការឃោសនា តែខាងគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានរយៈពេលតែ១៤ ថ្ងៃ ដូច្នេះបញ្ហានេះនៅមិនទាន់បានឯកភាពគ្នាទេ។
ទី២, ទាក់ទងទៅនិងការធ្វើយុទ្ធនាការឃោសនា ជាពិសេសការដង្ហែក្បួនឃោសនា ដែលនៅក្នុងច្បាប់ចាស់មិនបានកំណត់អំពីពេលវេលានៃការដង្ហែក្បួននោះទេ ហើយមធ្យោបាយនៃការធ្វើការងារមានច្រើន តាំងពីការហែក្បួន ការហែរក្បួនព្យុះហយាត្រា ការជួបប្រជុំ ការប្រគុំតន្ត្រី និងបញ្ហាផ្សេងៗទៀត ប៉ុន្តែបានកំណត់ និងអនុញ្ញាតិឲ្យគណបក្សនយោបាយធ្វើការឃោសនាតែថ្ងៃបើកយុទ្ធនាការ និងបញ្ចប់យុទ្ធនាការប៉ុណ្ណោះ ប៉ុន្តែចំណុចនេះគណបក្សសង្គ្រោះជាតិនៅតែទទូចឲ្យគណបក្សប្រជាជនកម្ពុជាពិចារណាឡើងវិញ។ ពីព្រោះយើងចង់ឲ្យមានការវិវត្តន៍ និងផ្តល់សិទ្ធិគណបក្សនយោបាយជាអ្នកសំរេចក្នុងការជ្រើសរើសមធ្យោបាយណាមួយ ដែលបញ្ជាក់ពីអត្ថន័យនៃការឃោសនា ដូច្នេះបើកំណត់បែបនេះហាក់ដូចជាត្បិតត្បៀតសេរីភាពនៃការស្វែងរកការគាំទ្រ។
ចំណុចទី៣, ទាក់ទងទៅនិងការហាមឃាត់មន្ត្រីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធ ប៉ុន្តែមានមាត្រាមួយបានបើកផ្លូវឲ្យមន្ត្រីរាជការស៊ីវិល រួមទាំងកងកំលាំងប្រដាប់អាវុធអាចមកចូលរួមឃោសនាបាន គឺក្រៅម៉ោងធ្វើការ ឬចប់ម៉ោងធ្វើការ ហើយចំណុចនេះកងកំលាំងប្រដាប់អាវុធគ្រាន់តែកុំពាក់ឯកសណ្ឋាន ឬយកអាវុធជាប់មកជាមួយ ហើយចំណុចនេះ ខាងគណបក្សសង្គ្រោះជាតិស្នើឲ្យគណបក្សប្រជាជនកម្ពុជាធ្វើការពិចារណា ពីព្រោះបើធ្វើបែបហ្នឹង វាប៉ះពាល់ទៅដល់ច្បាប់គណបក្សនយោបាយនៅក្នុងមាត្រាទី១៥ ដែលបញ្ជាក់ថា កងកំលាំងប្រដាប់អាវុធ និងមន្ត្រីតុលាការអាចចូលជាសមាជិកគណបក្សបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយនោះទេ។
តាមលោក គួយ ប៊ុនរឿន បានអះអាងថា មន្ត្រីរាជការ រួមទាំងកងកំលាំងប្រដាប់អាវុធអាចមកចូលរួមធ្វើការឃោសនាបានលុះត្រាតែចប់ម៉ោងធ្វើការ មិនអាចមានម៉ោងក្រៅ ឬម៉ោងក្នុងបានទេ ពីព្រោះកន្លងមកមានបញ្ហា ដោយមន្ត្រីមួយចំនួនចូលរួមឃោសនានៅក្នុងម៉ោងការងាររបស់ខ្លួន ប៉ុន្តែដោយមានការប្តឹងផ្តល់ បែរជាឆ្លើយថា បានសុំច្បាប់ ដូច្នេះយើងចង់ធ្វើយ៉ាងណាឲ្យមានការគោរពច្បាប់ឲ្យបានត្រឹមត្រូវ តែពេលនេះនៅមិនទាន់បានឯកភាពគ្នា នឹងធ្វើការពិចារណា។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន តំណាងក្រុមការងារខាងគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ដែរថា "គណបក្សប្រជាជនកម្ពុជាចង់ឲ្យមានការដង្ហែក្បួនឃោសនាតែពេលបើក និងពេលបិទ ដោយចង់កាត់បន្ថយការប្រឈម ដូចយើងនៅភ្នំពេញអីចឹង ស្ទះរាល់តែថ្ងៃ ហើយដល់ឃោសនា១៤ ថ្ងៃហែក្បួនរាល់ថ្ងៃ សូម្បីតែទៅផ្សារក៏ពិបាកដែរ គឺមានតែទៅទិញឥវ៉ាន់ស្តុកទុកនៅផ្ទះហើយ តែបញ្ហាហ្នឹងយើងនៅជជែកគ្នាទៀត។ បញ្ហាមួយទៀត ក៏យើងចង់កាត់បន្ថយការប្រឈមដូចគ្នា ពីព្រោះនៅស្រុកគេខ្លះអត់ឃោសនាផងហ្នឹង ហើយពីស្រុកជប៉ុនមានតែ១២ ថ្ងៃដែរ ហើយនៅសាំងហ្គាពួរជិតយើងនេះ តែ៩ថ្ងៃទេ បារាំង១៤ ថ្ងៃ ដូច្នេះយើងកុំឲ្យខាតបង់លុយកាក់ឃោសនាច្រើន ហើយជារឿងទាំងអស់គ្នា តែតាមពិតគណបក្សរបស់គេហ្នឹង គេធ្វើជាប្រចាំទៅហើយនៅតាមមូលដ្ឋាន"។
ទាក់ទងទៅនិងសំណួររបស់អ្នកសារព័ត៌មានដែលលើកឡើងថា ការដែលគណបក្សប្រជាជនកម្ពុជាចង់បាន១៤ថ្ងៃដោយសារមានការព្រួយបារម្ភមកពីគណបក្សសង្គ្រោះជាតិធ្លាប់បានហែក្បួនធំជាងគណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់ថា "អត់មានការព្រួយបារម្ភលើបញ្ហាហ្នឹងទេ បញ្ហាហ្នឹងធ្វើបានដូចតែគ្នាទេ ហើយមានចង់ចាំទេ នៅថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបញ្ចប់ការឃោសនាចុងក្រោយ ដែលពេលនោះភ្នំពេញគ្មានទៅណារួច ហើយស្ពានជ្រោយសង្វារមានតែមួយ ហើយតាមខ្ញុំចាំម៉ោង១២ ម៉ោង១ យប់ទៅហើយអត់ទៅណាបានទេ គឺគាំងទាំងអស់ យើងមិនចង់ឲ្យមានស្ថានភាពបែបហ្នឹងទេ យើងធ្វើតាមទិដ្ឋភាពជាក់ស្តែង ចង់ដោះស្រាយបញ្ហាសង្គម"។
ចំពោះសំនួរសួរថា តើវាអាចប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការទទួលព័ត៌មានទេ ដោយសារតែការឃោសនាមានរយៈពេលខ្លីពេក ហើយមានគណបក្សខ្លះមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការឃោសនា ? លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បញ្ជាក់ថា នេះគ្រាន់តែជាមតិមួយប៉ុណ្ណោះ ជាធម្មតាគណបក្សនយោបាយនៅពេលដឹងច្បាប់ហើយ គេត្រៀមហើយ។ ចំពោះថា បើឲ្យហែតែពីរថ្ងៃបែបនេះ នៅពេលទាំងអស់គ្នានឹងធ្វើឲ្យស្ទះចរចានោះ លោកបញ្ជាក់ថា នៅពេលនោះអាជ្ញាធរ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គេនឹងចែកផ្លូវថា គណបក្សណា ហែតាមផ្លូវណា មានព្រឹកមានល្ងាចជាដើម ហើយយើងធ្វើនេះកុំឲ្យរាល់ថ្ងៃ ហើយនៅពេលកំណត់បែបនេះ គឺយើងត្រូវត្រៀមថា ថ្ងៃណាដែលជាថ្ងៃហែធំ កុំឲ្យថ្ងៃណា ក៏ថ្ងៃបុណ្យដែរនោះ វាមិនកើតទេ៕
កោះកែវ
0 Comments