ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុន K-Cement នោះ សហព័ន្ធកីឡាហែលទឹកកម្ពុជាបានរៀបចំការប្រកួតមួយ ដែលមានឈ្មោះថា ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី៦ ដល់៨ ខែមករា។
លោកហែម ចាន់លីអនុប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជាបានបញ្ជាក់ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២ ខែមករានេះថា ការប្រកួតនេះតាមពិតជាកម្មវិធីសម្រាប់ឆ្នាំ២០១៤ទេ តែដោយឆ្នាំ២០១៤រវល់ពេក ទើបការប្រកួតលើកមកដល់ពេលនេះ។
ព្រឹត្តិការណ៍នេះ ក្រុមហ៊ុន K-Cement បានឧបត្ថម្ភថវិកាចំនួន៦.០០០ដុល្លារ សម្រាប់ការរៀបចំនេះ។ នេះជាលើកទី៦ ហើយដែលក្រុមហ៊ុនខាងលើនេះ ជួយឧបត្ថម្ភដល់ការប្រកួតបែបនេះ។
លោកហែម ថុន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា លោកសម្លឹងទៅរកការប្រកួតសម្រាប់វ័យយុវជនដែលជាថ្នាលសម្រាប់បន្តវេន។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានសម្រាប់ប្រភេទអាយុលើ១៦ឆ្នាំបុរស ប្រកួតហែល៥០ និង ១០០ម៉ែត្ររបៀបសេរី ប្រកួត១០០ម៉ែត្ររបៀបកង្កែប របៀបផ្ងារ និង មេអំបៅ និង ២០០ម៉ែត្រ៤របៀប ឯកត្តជន។ កីឡាការិនីជំនាញអាយុលើ១៦ឆ្នាំ មានវិញ្ញាសាហែល១០០ម៉ែត្ររបៀបសេរី របៀបកង្កែប របៀបផ្ងារ និង របៀបមេអំបៅ។
យុវជនអាយុក្រោម១៦ឆ្នាំ ប្រកួតហែល៥០ម៉ែត្ររបៀបសេរី ១០០ម៉ែត្ររបៀបកង្កែប របៀបផ្ងារ របៀបមេអំបៅ និង ហែលបណ្ដាក់របៀបសេរី១០០ម៉ែត្រ៤ដង។ យុវនារីអាយុក្រោម១៦ឆ្នាំ ប្រកួតហែល៥០និង១០០ម៉ែត្ររបៀបសេរី និងរបៀបកង្កែប និងហែលបណ្ដាក់របៀបសេរី១០០ម៉ែត្រ ៤ ដង។
កុមារាអាយុ១២ឆ្នាំ មាន២វិញ្ញាសាគឺប្រកួតហែល៥០ម៉ែត្ររបៀបសេរី និងរបៀបកង្កែប។ កុមារីអាយុក្រោម១២ឆ្នាំ ប្រកួតហែល៥០ម៉ែត្ររបៀបសេរី និងរបៀបកង្កែប។ កុមារាអាយុក្រោម៨ ឆ្នាំ ប្រកួតហែល៥០ម៉ែត្ររបៀបកង្កែប និងជនពិការប្រកួតហែលរបៀបសេរីចម្ងាយ១០០និង ២០០ម៉ែត្រ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាហែលទឹក បានបង្កើតគណៈកម្មការបច្ចេកទេស សម្រាប់ការរៀបចំប្រកួតហែលទឹកជើងឯកយុវជន រយៈពេលបីថ្ងៃនេះ ចំនួន៤ ដែលមានសមាសភាពចំនួន៤២នាក់៕

0 Comments